ជាតិ
សម្ដេច ស ខេង បញ្ជាឲ្យត្រួតពិនិត្យអ្នកបើកបររថយន្តធុនធំ លើករណីប្រើប្រាស់គ្រឿងញៀន
× ភ្នំពេញ៖ ដើម្បីកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នោះ មន្ត្រី និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវចុះត្រួតពិនិត្យលើរថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទឲ្យបានត្រឹមត្រូវ។ ជាពិសេសអ្នកបើកបរ លើករណីប្រើប្រាស់សារធាតុញៀន ដើម្បីជំនួយកម្លាំងនៅពេលបើកបរ។ នេះជាការបញ្ជារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សម្ដេច ស ខេង បានប្រាប់ឲ្យអង្គភាពប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ប្រជុំពិភាក្សាជាមួយមន្ត្រីជំនាញក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការរៀបចំក្រុមការងារចុះត្រួតពិនិត្យរថយន្តដឹកទំនិញ (ឆៀករថយន្ត) ដើម្បីចង់ដឹងថា តើរថយន្តនោះ មានការឆៀកត្រឹមត្រូវដែរទេ? ហើយអ្នកបើកបរមានការប្រើប្រាស់គ្រឿងញៀនដែរឬអត់? បើតាមសម្ដេច ស ខេង ក្នុងករណីរកឃើញភាពមិនប្រក្រតីនេះ អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវហៅម្ចាស់ក្រុមហ៊ុនទាំងនោះ មកណែនាំឲ្យអនុវត្តតាមច្បាប់ ។
ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិយាយដូច្នេះថា៖«តាមខ្ញុំឮថា ក្រុមហ៊ុនមានឡានដឹកជញ្ជូនច្រើន រាប់សិបគ្រឿងឡើងទៅ គឺថាក្នុងចំណោមអ្នកបើកនេះ គឺមានជក់គ្រឿងញៀន វាមានតិចឬច្រើន ប៉ុន្តែចៀសមិនផុតទេ គឺមាន(អ្នកប្រើប្រាស់គ្រឿងញៀន) អ៊ីចឹងហ្មង។ អាហ្នឹង(ការត្រួតពិនិត្យ) ដូចជួយពួកគេទេ ការពិតទៅ ពីព្រោះពួកគាត់ ពេលខ្លះអ្នកបើកបរនេះ ធ្វើបាបថៅកែក៏ខ្លាំងដែរ»។
សូមស្ដាប់សំឡេង៖
ចំពោះអ្នកបើកបរ ដែលប្រើប្រាស់សារធាតុញៀន មិនថាគ្រឿងញៀន ឬផឹកស្រាស្រវឹង រួមទាំងគ្មានប័ណ្ណបើកបរត្រឹមត្រូវនោះ គឺសមត្ថកិច្ចត្រូវហាមឃាត់ការធ្វើចរាចរណ៍របស់ពួកគេ ។ ការធ្វើបែបនេះ ដើម្បីទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍។ នេះជាការលើកឡើងរបស់សម្ដេច ស ខេង។
ក្រៅពីប្រើប្រាស់វិធានការបែបនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បញ្ជាឲ្យមន្ត្រីជំនាញក្រសួង សហការជាមួយសាលាបង្រៀនបើកបររថយន្តទាំងអស់ ឲ្យត្រួតពិនិត្យលើអ្នកដែលរៀនបើកបរ លើករណីសារធាតុញៀននេះ។ បើតាមសម្ដេច ស ខេង ក្នុងករណីពិនិត្យឃើញថា អ្នករៀនបើកបរ ជាអ្នកប្រើប្រាស់គ្រឿងញៀននោះ សាលាបង្រៀនបើកបរទាំងអស់ មិនត្រូវចេញប័ណ្ណបើកបរឲ្យពួកគេឡើយ។
បន្ថែមពីនេះ សមត្ថកិច្ច ក៏ត្រូវសហការជាមួយក្រុមហ៊ុន ដែលមានរថយន្តដឹកទំនិញទូទាំងប្រទេសផងដែរ ដើម្បីត្រួតពិនិត្យលើបុគ្គលិកបើកបររបស់ក្រុមហ៊ុន។ ជាពិសេសត្រួតពិនិត្យពួកគេលើករណីសារធាតុញៀននេះ មុនជ្រើសរើសឲ្យពួកគេចូលបម្រើការងារ។ នេះជាការអះអាងរបស់ប្រមុខក្រសួងមហាផ្ទៃ៕
© រក្សាសិទ្ធិដោយ thmeythmey.com