អន្តរជាតិ
តួ​ក​គី ថា អាច​ទិញ​យុទ្ធោបករណ៍​ពី​រុស្ស៊ី​ថែមទៀត បើ​អាមេរិក​មិន​លក់​ឲ្យ​ទេ​
10, Apr 2019 , 9:39 pm        
រូបភាព
​តួ​ក​គី នឹង​ដកថយ​ឡើយ​ពី​គម្រោង​ទិញ​ប្រព័ន្ធ​ការពារ​អាកាស S-400 របស់​រុស្ស៊ី ទោះជា​អាមេរិក​បាន​គំរាម​ផង អង្វរ​ផង​ឲ្យ​ផ្អាក​គម្រោង​នេះ​ក្ដី​។ សម្រាប់​អាមេរិក អាវុធ​របស់​រុស្ស៊ី និង​អាមេរិក​មិន​ស្ថិតនៅក្នុង​ឃ្លាំង​ជាមួយគ្នា​បានឡើយ ហើយ​តួ​ក​គី​ត្រូវតែ​សម្រេចចិត្ត​ជ្រើសរើស​មួយ​។ ទោះ​ត្រូវ​អាមេរិក​បង្ខំ​យ៉ាងណា តួ​ក​គី​មិន​ប្ដូរ​ជំហរ​ឡើយ ហើយ​បន្ត​ទិញ S-400 ដដែល ហើយ​អាច​ទទួលបាន​មុន​កំណត់​ផង​។ ចំណែក​ក្នុងករណី​អាមេរិក​លែង​លក់​យន្តហោះ​ឲ្យ F-35 នោះ តួ​ក​គី​នឹង​សម្លឹងមើល​ទីផ្សារ​ផ្សេង​។

 
​សុខចិត្ត​អត់​ទិញ F-35 ឲ្យ​តែ​បាន S-400 ។ ប្រធានាធិបតី​តួ​ក​គី តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់ ទម្លាយ​ថា អាមេរិក​តែងតែ​សួរនាំ​ពី​គម្រោង​ទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល S-400 និង​បង្ខំ​ឲ្យ​បោះបង់​គម្រោង​នេះ​ចោល ប្រសិនបើ​នៅមាន​ចិត្ត​ចង់បាន​យន្តហោះ​ស៊េរី​ទំនើប F-35 របស់​អាមេរិក​។ ប៉ុន្តែ​លោក អ៊ែរ​ដូ​ហ្កា​ន់ ប្រាប់​អាមេរិក​ថា អ្វីៗ​ចប់សព្វគ្រប់​អស់ហើយ ឯ​តួ​ក​គី​ចាំតែ​ទទួល S-400 ពី​រុស្ស៊ី​ក្នុង​ខែកក្កដា​ខាងមុខ​ប៉ុណ្ណោះ​។ លោក​បង្ហើប​ថា តួ​ក​គី​អាច​ទទួល S-400 មុនពេល​ទៀតផង​។​
 
​ជាច្រើនលើក​ច្រើនសារ ក្រុង​វ៉ាស៊ីនតោន​បាន​ប្រាប់​ឲ្យ​ក្រុង​អង់កា​រ៉ា​ឈប់​ទិញ​ប្រព័ន្ធ​ការពារ​របស់​រុស្ស៊ី ព្រោះ​វា​មិន​សមស្រប​ជាមួយ​ប្រព័ន្ធ​ការពារ​របស់​សម្ព័ន្ធ​យោធា​ណា​តូ​ឡើយ​។ ក្រុង​វ៉ាស៊ីនតោន​បញ្ជាក់ថា អាវុធ​របស់​រុស្ស៊ី អាច​ប៉ះពាល់​ដល់​សន្តិសុខ​រប​ស់ F-35 ដែលជា​ផលិតផល​របស់​ក្រុមហ៊ុន​អាមេរិក Lockheed Martins ។ ដោយសារ​រឿងនេះ សមាជិក​ព្រឹទ្ធសភា​អាមេរិក​គំរាម​ដាក់ទណ្ឌកម្ម​សម្ព័ន្ធ​មិត្ត​ណា​តូ​មួយ​នេះ​ទៀតផង​។   
 
​ដើម្បី​បញ្ចុះបញ្ចូល​តួ​ក​គី រដ្ឋមន្ត្រី​ស្តីទី​ក្រសួងការពារជាតិ​អាមេរិក ផា​ទ្រី​ក សា​ណា​ហាន់ បង្ហាញ​ក្ដី​រំពឹងថា តួ​ក​គី​អាច​ទិញ​ប្រព័ន្ធ​ការពារជាតិ Patriot ជំនួស S-400 របស់​តួ​ក​គី ព្រោះ​អាច​រក្សា​គម្រោង​ទិញ​លក់ F-35 បាន​ទៀតផង​។ យ៉ាងណាមិញ បើ​តួ​ក​គី​នៅ​ជម្នះ​ទិញ S-400 ទៀត​នោះ អាមេរិក​នឹងមិន​លក់​ទាំង​ខែល​ការពារ Patriot ទាំង​F-35 តែម្ដង​។ 
 
​បើ​អាមេរិក​មិន​លក់ Patriot ឲ្យ​ទេ តួ​ក​គី​អាច​ទិញ​ប្រព័ន្ធ​ការពារ​ពី​រុស្ស៊ី​ថែមទៀត​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ការបរទេស​តួ​ក​គី Mevlut Cavusoglu នៅ​ថ្ងៃទី​១០ ខែមេសា​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រមុខ​ការទូត​តួ​ក​គី​មិន​ភ័យ​បារម្ភ​អ្វី​ឡើយ បើ​អាមេរិក​លុបចោល​គម្រោង​លក់ F-35 នោះ ដោយ​លោក​អះអាងថា ប្រទេស​របស់លោក នឹង​ស្វែងរក​យន្តហោះ​ប្រទេស​ផ្សេង​ក៏បាន​ដើម្បី​ជំនួស​យន្តហោះ​អាមេរិក​។​
 
​តាមពិតទៅ មិនមែន​តួ​ក​គី​មិន​ចង់បាន​សព្វាវុធ​អាមេរិក​ទេ​។ លោក Mevlut Cavusoglu លើកឡើងថា តួ​ក​គី​បាន​ដាក់សំណើ​ទៅកាន់​អាមេរិក​ក្នុងការ​បង្កើត​ក្រុមការងារ​រួមមួយ​ដើម្បី​ត្រួតពិនិត្យ​គម្រោង​ខែល​ការពារ S-400 របស់​រុស្ស៊ី ប៉ុន្តែ​អាមេរិក​មិនបាន​ឆ្លើយតប​ដោយ​វិជ្ជមាន​ឡើយ​។ ក្រុង​អង់កា​រ៉ា​ទំនង​ចង់​បញ្ជាក់​ទៅ​ក្រុង​វ៉ាស៊ីនតោន​ថា គម្រោង​ទិញ S-400 ជាមួយ​ក្រុង​មូ​ស្គូ នឹងមិន​ប៉ះពាល់​ដល់​គម្រោង​រួមគ្នា​ជាមួយ​លើ​ការផលិត F-35 ឡើយ​៕  

Tag:
 តួ​ក​គី​
  អាមេរិក​
  រុស្ស៊ី​
  Mevlut Cavusoglu
© រក្សាសិទ្ធិដោយ thmeythmey.com