ជាតិ
សេដ្ឋកិច្ច
ធនាគារ​អភិវឌ្ឍន៍ជនបទ នឹង​ប្ដូរ​មកជា​«​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​» ដែលជា​ធនាគារពាណិជ្ជ​
11, Apr 2019 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​បាន​យល់ព្រម​រួចហើយ​ក្នុងការ​ប្រែក្លាយ​ធនាគារ​អភិវឌ្ឍន៍ជនបទ ពី​ធនាគារ​ឯកទេស មកជា​ធនាគារពាណិជ្ជ ហើយ​ដាក់ឈ្មោះ​ថ្មី​ថា ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​។ ការផ្លាស់ប្ដូរ​នេះ នឹង​អនុញ្ញាត​ឲ្យ​ធនាគារ​នេះ​បំពេញ​មុខងារ​បី គឺ​ផ្ដល់​ឥណទាន ទូទាត់​ប្រាក់ និង​ទទួល​ប្រាក់​ប​ញ្ជើ​។ លោក កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ (RDB) អះអាងថា ធនាគារ​របស់​រដ្ឋ​មួយ​នេះ​នឹង​ដើរតួនាទី​កាន់តែ​សំខាន់​ក្នុង​វិស័យ​កសិកម្ម​របស់​កម្ពុជា តាមរយៈ​ការត្រៀម​ទុន​សម្រាប់​បញ្ចេញ​ឥណទាន​ច្រើនជាង​មុន ការពង្រីក​សាខា សេវាកម្ម​ផ្សេងៗ​។



​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ ដូច​ទៅនេះ​៖
 


 
​លោក កៅ ថាច សង្កត់ធ្ងន់ថា ធ​គារ​រដ្ឋ​មួយ​នេះ​ផ្តោត​សំខាន់​លើ​វិស័យ​កសិកម្ម ពិសេស​ការគាំទ្រ​សហគ្រាស​ធុន​តូច និង​មធ្យម (SME) ហើយ​ធនារ​គារ​នេះ​នឹង​នៅតែ​ប្រឹង​បំពេញ​មុខងារ​ជា​ធនាគារ​គោលនយោបាយ​។ លោក​បន្ថែមថា RDB ដើរតួនាទី​ដូចជា​ស្ពាន​ចម្លង​សម្រាប់​ផ្នែក​ណាមួយ​ដែល​ផុយ​ស្រួល​របស់​វិស័យ​កសិកម្ម​។ ផ្នែក​ណា​ដែល​ជួប​បញ្ហា​ទីផ្សារ ហើយ​ដែល​វិស័យ​ឯកជន​ខ្លាច​ហានិភ័យ​ក្នុងការ​បញ្ចេញ​ឥណទាន ធនាគារ​រដ្ឋ​នេះ​ព្យាយាម​បញ្ចេញ​ប្រាក់កម្ចី​សម្រាប់​ស្រោចស្រង់​ស្ថានភាព​នោះ​វិញ​។ ព្រម​ជាមួយគ្នានេះ លោក កៅ ថាច ឲ្យ​ដឹងផង​ដែរ​ថា កញ្ចប់​ថវិកា​ពិសេសរ​បស់​រដ្ឋាភិបាល ៥០​លាន​ដុល្លារ​សម្រាប់​វិស័យ​ស្រូវ​អង្ករ គឺ​នៅតែ​ត្រូវបាន​ទម្លាក់​ដដែល ព្រោះថា​វិស័យនេះ​មិនទាន់​រឹងមាំ​នៅឡើយ ដែល​ចាំបាច់​ត្រូវការ​ថវិកា​ទំនុកបម្រុង​៕

Tag:
 កៅ ថាច​
  កសិកម្ម​
  ឥណទាន​
  ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com