ONE Championship
កីឡាជាតិ
ជាតិ
ក្លិប​របស់ ចាន់ រតនា ជិត​ផុត​កិច្ចសន្យា ដែល​ផ្តល់​ផល​លំបាក​ដល់​រូបគេ​
11, Apr 2019 , 9:29 am        
រូបភាព
​ដោយ​៖ ស៊ី​ធី  
 
​អ្នកលេង​គុន​ចម្រុះ ចាន់ រតនា គឺជា​ម្ចាស់​ក្លិប​ប្រដាល់​សិល្បៈ​ដែលមាន​ទីតាំង​ស្ថិតនៅ​ក្បែរ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង​។ រតនា​ថា​ទីតាំង​បច្ចុប្បន្ន​ដែល​នឹង​ផុត​កិច្ចសន្យា​នា​ខែកញ្ញា ឆ្នាំ ២០១៩ ក្រោយ​ជួល​សម្រាប់​បង្វឹក​សិស្ស​រយៈពេល​៣​ឆ្នាំ ដែល​ធ្វើ​ឲ្យ​រូបគេ​ជួប​ផល​លំបាក​មួយចំនួន​ក្នុងការ​ប្ដូរ​ទីតាំង​ក្លិប​ថ្មី​។​

 
​អ្នកលេង​គុន​ខ្មែរ​វ័យ ៣៣ ឆ្នាំ​រូបនេះ​បាន​បញ្ជាក់ថា ៖«​ទីតាំង​ក្បែរ​គុក​ទួលស្លែង បច្ចុប្បន្ន នេះ​ខ្ញុំ​ជួល​គេ ហើយ​ត្រូវផុត​កុងត្រា​ត្រឹម​ខែ កញ្ញា​នេះ ព្រោះ​ម្ចាស់​គាត់​ប្រាប់ថា​ត្រូវ​លក់​ឲ្យ​អ្នកផ្សេង​។ ខ្ញុំ​មិនទាន់​រកបាន​ទីតាំង​ថ្មី​នៅឡើយ​។ ទីតាំង​នេះ​ល្អ​ណាស់ ហើយ តម្លៃ​សមរម្យ ដែល​ខ្ញុំ​អាចរ​ស់បាន​ទោះ​មិន​ចំណេញ​។ ទីតាំង​នេះ​អំណោយផល ខ្ញុំ​អាច​ចូលរួម​បង្ហាត់​គុន​ខ្មែរ​ដល់​កីឡាករ​វ័យក្មេង​ដែល​ចង់​ឡើង​សង្វៀន​ប្រកួត និង ជនបរទេស​ដែល​គាត់​ចង់​ចេះ និង ហាត់​សម្រាប់​សុខភាព​ផង​»​។ 
 
​គ្រូបង្វឹក​ក្លិប​ប្រដាល់​សិល្បៈ​រៀបរាប់​អំពី​ផល​លំបាក​ខ្លះៗ​ថា បើសិន​ប្ដូរ​ទាំង​តាំង នោះ​អាច​បាត់បង់​កីឡាករ​មួយចំនួន​ដែល​ហាត់​ដើម្បី​សុខភាព បើសិន​រក​កន្លែង​ជួល​កន្លែង​ផ្សេង​ឆ្ងាយ​ពី​ទីលំនៅ​របស់​ពួកគេ​។ បច្ចុប្បន្ននេះ​មាន​ជនបរទេស ចូលរួម​ហ្វឹកហាត់​ប្រមាណ ៣០ នាក់​ដើម្បី​ចង់​ចេះ​គុន​ខ្មែរ និង ដើម្បី​សុខភាព ដែល​ក្នុងនោះ​មាន​បរទេស ២ នាក់​ហ្វឹកហាត់​ក្នុង​គោលបំណង​ចង់​ឡើង​រេញ​ប្រកួត​។ ចំណែក​កូនសិស្ស​ជា​ជនជាតិខ្មែរ​វិញ មាន​ប្រមាណ ៣០ នាក់​ដែរ ដែល​ត្រូវ​បង្ហាត់ ៣ វេន ពោល​ម៉ោង​ព្រឹក រសៀល និង ល្ងាច​។ 
 
​អ្នក​ប្រយុទ្ធ​ក្បាច់គុន​យុទ្ធ​ក្រម​ខម បានបញ្ជាក់​ទៀតថា​៖«​ខ្ញុំ​កំពុង​ស្វែងរក​ទីតាំង ប៉ុន្តែ​ប្រហែល​មិនអាច​រក​ទីតាំង​ធំ​ដូច​កន្លែង​បច្ចុប្បន្ននេះ​ទេ បើ​ខ្ញុំ​រ៉ាប់រង​តែឯង​ជាមួយ​គ្រួសារ​ខ្ញុំ ព្រោះ​នៅក្នុង​ក្រុង​ជួល​ថ្លៃៗ​ណាស់​។ ឥឡូវ​ខ្ញុំ​មាន​មិត្ត​ភ័ក្ដិ​គេច​ង់​បបួល​ចូល​ហ៊ុន​គ្នា​ដើម្បី​រក​ទីតាំង​ថ្មី​ដែរ ប៉ុន្តែ​ខ្ញុំ​កំពុង​ពិចារណា​សិន​... មិនទាន់​សម្រេចចិត្ត​នោះទេ​។ ទីតាំង​ថ្មី ខ្ញុំ​ចង់​ជួល​ម្ដុំ ទួល​ទំពូង ព្រោះ ខ្ញុំ​គិតថា​ល្អ​អាច​ទាក់ទាញ​ជនបរទេស​បាន​ច្រើន​ដូច​កន្លែង​រាល់ថ្ងៃ​អីចឹង មិន​ឆ្ងាយ​ពី​ក្រុង​»​។ 
 
​សូមបញ្ជាក់ថា ចាន់ រតនា ជា​កីឡាករ​តំណាង​ឲ្យ​កម្ពុជា ១ រូប​ដែល​តែងតែ​ឡើង​សង្វៀន ប្រកួត​គុន​ចម្រុះ ឬ MMA ជាប្រចាំ​នៅ​សង្វៀន One Championship ។ រតនា ឡើង​ប្រកួត​លើកដំបូង​ជា​អន្តរជាតិ នៅ​សង្វៀន One Championship ពេល​រៀបចំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ឆ្នាំ ២០១៤​។ ទោះបី​វ័យ​រាង​ជ្រេ​ចូល ៣៣ ឆ្នាំ ប៉ុន្តែ ចាន់ រតនា នៅតែ​ធ្វើ​បានល្អ​នៅលើ​សង្វៀន​កម្រិត​ពិភពលោក​មួយ​នេះ​ក្រោយ​វ៉ៃ​កីឡាករ​គុន​ចម្រុះ ABRO Fernandez របស់​ឥណ្ឌូណេស៊ី ឲ្យ​ចុះចាញ់​ត្រឹម​ទឹក​ទី​២ កាល​ចុងឆ្នាំ ២០១៨ កន្លងទៅ​នៅ​ប្រទេស​ម៉ាឡេស៊ី​៕ 
 

Tag:
 ​ចាន់ រតនា
© រក្សាសិទ្ធិដោយ thmeythmey.com