ជាតិ
​​​ន​យោ​បាយ​ជាតិ​
ពលរដ្ឋ​កម្ពុជា​ពុំ​ត្រូវការ​អ្នកនយោបាយ​ដែល​ចេះតែ​ជេរប្រមាថ​គ្នា​នោះឡើយ​
10, Apr 2019 , 6:50 pm        
រូបភាព
លោក ហ៊ុន ម៉ានី (ឆ្វេង) និង លោក សោ ចាន់ដេត
លោក ហ៊ុន ម៉ានី (ឆ្វេង) និង លោក សោ ចាន់ដេត
​លិខិត​មិត្ត​អ្នកអាន​៖ នៅ​ព្រឹក​ថ្ងៃទី​១០​មេសា​ឆ្នាំ ២០១៩​នេះ លោក ហ៊ុន ម៉ា​នី កូនប្រុស​ពៅ​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្ម​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន តប​ទៅនឹង គណនី​ឈ្មោះ សោ ចាន់​ដេ​ត (Sor Chandeth) ដែល​បាន​បង្ហោះ​រូបថត​លោក​អតីត​ឧបនាយករដ្ឋមន្ត្រី សុខ អាន និង លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទន្ទឹមគ្នា និង​បាន​សរសេរ​ឃ្លា​មួយ​យ៉ាងខ្លី​នៅ​ពីលើ​រូបថត​ទាំងពីរ​ថា «​វាសនា​ត្រូវ​ជួបគ្នា​»​។ លោក សោ ចាន់​ដេ​ត ត្រូវបាន​គេ​ស្គាល់​ថា គឺជា​អតីត​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស សម រង្ស៊ី ដែល​ទើបតែ​ជាប់​បណ្តឹង​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ពីបទ​ប្រមាថ កាលពីពេល​ថ្មីៗ​នេះ​។

 
 
​ខ្ញុំ​ឈ្មោះ​វិច្ឆិកា គ្រាន់តែ​ជា​ពលរដ្ឋ​ខ្មែរ​មួយរូប​ដែល​ចង់ឃើញ​ការរីកចម្រើន​របស់​ក​ម្ពុ​ជា​តាមបែប​ស៊ី​វិ​ល័យ និង​ថ្លៃថ្នូរ ដើម្បី​អនាគត​របស់​កូនៗ និង​ចៅៗ​របស់ខ្ញុំ​បន្តទៀត​។​
​ខ្ញុំ​បានឃើញ​សំណេរ​បែប​មិន​សប្បាយចិត្ត​របស់លោក ហ៊ុន ម៉ា​នី តប​ទៅ​គណនី​ហ្វេ​ស​ប៊ុ​កលោក សោ ចាន់​ដេ​ត ដែល​បាន​ប្រមាថ​អាយុជីវិត​របស់​មេដឹកនាំ​កំពូល​។ ខ្ញុំ​មិន​ស្គាល់​លោក ហ៊ុន ម៉ា​នី ហើយ​ខ្ញុំ​ក៏​ពុំ​ស្គាល់​លោក សោ ចាន់​ដេ​ត ដែរ​។ ប៉ុន្តែ​ខ្ញុំ​សូម​ចូលរួម​បញ្ចេញមតិ ក្នុងនាម​ខ្ញុំ​ជា​ពលរដ្ឋ​ម្នាក់​។​
 
​កម្ពុជា បើទោះជា​មិនទាន់​រីកចម្រើន ស៊ី​វិ​ល័យ ទំនើប​ខ្លាំងក្លា​យ៉ាង​ក៏ដោយ តែ​ពលរដ្ឋ​កម្ពុជា​បច្ចុប្បន្ន​បាន​រៀនសូត្រ​ទទួល​ចំណេះដឹង​ច្រើន ចេះ​ពិចារណា ចេះ​វិនិច្ឆ័យ​ថា តើ​អ្នកនយោបាយ​ណា ឬ​អ្នកដឹកនាំ​ណា​មាន​សមត្ថភាព និង​មិនមែន​ធ្វើ​ប្រជា​ភិ​ថុ​ត​នោះ ? ខ្ញុំ​ហ៊ាន​អះអាងថា ពលរដ្ឋ​ខ្មែរ​មិន​ទទួលយក​អ្នកនយោបាយ​ដែល​ប្រើ​ស្នៀត​ចាស់ ជេរប្រមាថ​គ្នា ដូច​កាលពី​២០​ឆ្នាំមុន​នោះឡើយ​។​

សម្រាប់​ខ្ញុំ មាន​ទិដ្ឋភាព​បី​ដែល​យើង​អាច​លើក​លើ​ប្រធានបទ​នៃ​ការជេរប្រមាថ​បែបនេះ​មក​ជជែក​គ្នា​។ គឺ​ទិដ្ឋភាព​វប្បធម៌ ទិដ្ឋភាព​ច្បាប់ និង​ទិដ្ឋភាព​នយោបាយ​។​
 
​ទិដ្ឋភាព​វប្បធម៌​៖ ការប្រមាថ គឺជា​ធ្វើទុក្ខបុកម្នេញ មើលងាយ​អ្នកដទៃ​។ គ្មាន​អ្នកណា​អាច​ទ្រាំ​ទទួលយក​ការជេរប្រមាថ​អាយុជីវិត​ខ្លួន ឬ​ជីវិត​ឪពុកម្តាយ​នោះឡើយ​។ បុគ្គល​ដែល​ប្រមាថ​អ្នកដទៃ មិនដែល​ទទួលបាន​ស្រឡាញ់​ពី​សង្គម​ឡើយ​។ គឺ​មានតែ​សង្គម​តិះដៀល រិះគន់ និង​មិន​ផ្តល់​តម្លៃ​ឡើយ​។ អ្នក​ដែល​ប្រមាថ​អ្នកដទៃ​ជា​សាធារណៈ គឺ​បី​ដូចជា​ធ្វើឱ្យ​ខ្លួនឯង​បាត់បង់​តម្លៃ​ដូច្នោះ​ដែរ​។​
 
​ទិដ្ឋភាព​ច្បាប់​៖ ការជេរប្រមាថ​ត្រូវបាន​ឱ្យនិយមន័យ​នៅក្នុង​មាត្រា​៣០៧ នៃ​ក្រមព្រហ្មទណ្ឌ​ដែល​សរសេរថា​៖ គ្រប់​ពាក្យ​ប្រមាថ គ្រប់​ពាក្យ​មើលងាយ ឬ​គ្រប់​ពាក្យ​ទ្រគោះ ដែល​គ្មាន​ការទម្លាក់​កំហុស​ទៅលើ​អំពើ​ណាមួយ​។ មាត្រា​នេះ​ចែង​ទៀតថា​៖ ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​១​សែន ទៅ​១០​លាន​រៀល សម្រាប់​បទ​ជេរប្រមាថ​ដែល​ប្រព្រឹត្តិ​ឡើង​តាម​មធ្យោបាយ​ណាមួយ​ដូចតទៅ​៖ ១- តាម​ពាក្យសំដី ទោះជា​ប្រភេទ​ណាក៏ដោយ​ដែល​បញ្ចេញ​នៅ​ទីសាធារណៈ ឬ​នៅក្នុងពេល​ប្រជុំ​សាធារណៈ​។ ២- តាម​លិខិត ឬ​គំនូរ ទោះជា​ប្រភេទ​ណាក៏ដោយ ដែល​ផ្សព្វផ្សាយ​នៅក្នុង​ចំណោម​សាធារណជន ឬ​ដាក់តាំង​ឱ្យ​សាធារណជន​មើល​។ និង​ទី​៣- តាម​គ្រប់​មធ្យោបាយ​ទូរគមនាគមន៍​សោតទស្សន៍​សម្រាប់​សាធារណជន​។​
 
​ទិដ្ឋភាព​នយោបាយ​៖ ចំណុច​នេះ​សំខាន់​ណាស់​។ អ្នកនយោបាយ​ត្រូវ​ចាប់អារម្មណ៍​ថា ពលរដ្ឋ​កម្ពុជា​ចេះដឹង​ច្រើនណាស់​។ ពលរដ្ឋ​ខ្មែរ មិន​ទទួលយក​អ្នកនយោបាយ ដែល​ចេះតែ​ជេរប្រមាថ​គ្នា ដោយ​គ្មាន​ភាពចាស់ទុំ​នោះឡើយ​។ ចំណេះដឹង​ពលរដ្ឋ​កាន់តែ​ខ្ពស់ អ្នកនយោបាយ​ក៏ត្រូវ​ប្រកាន់​ឥរិយាបទ និង​មាន​សីលធម៌​កាន់តែ​ខ្ពស់​ដែរ​។ ជា​អ្នកនយោបាយ ក៏ត្រូវ​យល់ដឹង​ថា ការជេរប្រមាថ​ជា​សាធារណៈ គឺជា​បទល្មើស ហើយ​ការជេរប្រមាថ គឺ​មិនមែនជា​ការបញ្ចេញមតិ​ឡើយ​។ ភាពចាស់ទុំ​របស់​អ្នកនយោបាយ គឺជា​ក្តីសង្ឃឹម​របស់​ពលរដ្ឋ​ខ្មែរ​ទំនើប និង​ជា​ក្តីសង្ឃឹម​របស់​កម្ពុជា​ដែលមាន​យុវជន និង​ពលរដ្ឋ​វ័យក្មេង​លើស​៥០​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​។​
 
​ដល់ពេល​ហើយ​សម្រាប់​អ្នកនយោបាយ​កម្ពុជា​ដែល​ត្រូវ​ធ្វើជា​គំរូ​ល្អ​សម្រាប់​ពលរដ្ឋ​របស់ខ្លួន ដែល​ត្រូវ​បង្រៀន​ពលរដ្ឋ​ខ្លួន​បន្ថែមទៀតថា ការចោទប្រកាន់ ការប្រមាថ ការបរិហារកេរ្តិ៍ គឺ​មិនមែនជា​សេរីភាព​បញ្ចេញមតិ​ឡើយ​។​
 
​សូម​បង្ហាញ​ពី​របៀប​ធ្វើ​នយោបាយ​បែប​ថ្លៃថ្នូរ ឈ្លោះ​ជា​គំនិត ដោយ​មិន​ជេរ​ប្រទេចផ្តាសា​ឱ្យគេ​វិនាស​ហិនហោច​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com