ជាតិ
ពលរដ្ឋ​ដែល​ត្រូវ​ប៉ះពាល់​ដោយ​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​នៅ​ពោធិ៍សាត់​បារម្ភ​ថា​មិនមាន​សំណង​សមរម្យ​
12, Apr 2019 , 8:19 am        
រូបភាព
ទំនប់វារីអគ្គិសនីអាតៃក្នុងឃុំអូរសោម ខេត្តពោធិ៍សាត់ ដែលជាទំនប់ដំបូងក្នុងខេត្តមួយនេះ(ស៊ុន ណារិន/VOA)
ទំនប់វារីអគ្គិសនីអាតៃក្នុងឃុំអូរសោម ខេត្តពោធិ៍សាត់ ដែលជាទំនប់ដំបូងក្នុងខេត្តមួយនេះ(ស៊ុន ណារិន/VOA)
ដោយ: VOA
​ភូមិ​អន្លង់​ក្រូច ខេត្តពោធិ៍សាត់ - លោក ខៀវ ហ៊ីម និង​ភរិយា​របស់លោក អ្នកស្រី ប៊ុន គឹមអេង ដែលជា​ជនជាតិដើម​ភាគតិច​ជង និង​ព័រ បាន​ដាំ​ដើម​ក្រូចពោធិ៍សាត់​ជិត​មួយ​ពាន់​ដើម​នៅ​លើដី​ទំហំ​ជាង​បី​ហិកតា​របស់​ពួកគាត់ ដែល​ស្ថិតនៅ​ក្នុងភូមិ​អន្លង់​ក្រូច ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​

 
​ជាង​៣​ឆ្នាំ​មកហើយ ដែល​ពួកគាត់​បាន​មើលថែ​ដើម​ក្រូច​ទាំងនេះ​។ ពួកគាត់​នឹង​ប្រមូល​ផល​ក្រូច​ដំបូង​នៅ​ចុងខែ​មេសា​នេះ​។ ប៉ុន្តែ​ក្តីសង្ឃឹម​ទទួលផល​យូរអង្វែង​ពី​ដើម​ក្រូច​ទាំងនេះ បាន​បាត់បង់​ទៅវិញ ក្រោយ​ពួកគាត់​ដឹងថា ដី​របស់​ពួកគាត់​ស្ថិតក្នុង​តំបន់​បាតខ្ទះ​នៃ​ការធ្វើ​ទំនប់​វា​រី​អគ្គិសនី​នៅលើ​ដងស្ទឹង ក្បែរ​ផ្ទះ​។​
 
​លោក ខៀវ ហ៊ីម អាយុ​៦៤​ឆ្នាំ បាន​ថ្លែងប្រាប់ VOA នៅផ្ទះ​របស់លោក​ដែល​ព័ទ្ធ​ដោយ​ដើម​ក្រូច​ថា លោក​ដាំ​ក្រូច​ទាំងនេះ ដោយ​លោក​សង្ឃឹមថា នឹង​ទទួលផល​ជា​បន្តបន្ទាប់​រហូតដល់​លោក​ចាស់ ធ្វើការ​លែងកើត​។​


 លោក ខៀវ ហ៊ីម និងភរិយារបស់លោក អ្នកស្រី ប៊ុន គឹមអេង ដែលជាជនជាតិដើមភាគតិចជង និងព័រ រងគ្រោះដោយសារទំនប់វារីអគ្គិសនីនៅក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់(ស៊ុន ណារិន/VOA)
 
​លោក​មានប្រសាសន៍ថា​៖ «​ខ្ញុំ​នឹកឃើញ​ដាំ​ក្រូច ដើម្បី​ទប់ទល់​នៅពេល​ខ្ញុំ​ធ្វើការ​អី​លែងកើត​។ ដល់​ខ្ញុំ​ធ្វើការ​លែងកើត ទទួល​តែ​ផល​ក្រូច​ទៅ​។ ហើយ​ដល់​លិច​ទៀត គឺ​ចប់​ហ្មង​។ ដូច​ឡើង​ឈើ​លែងដៃ​។ មាន​ដី​ក៏​ដាំ​អត់​បាន​ទទួលផល​ដែរ​។ ទម្រាំ​ក្រូច​ផ្លែ ខ្ញុំ​ងាប់​បាត់​ហើយ​»​។​
 
​លោក ហ៊ីម និង អ្នកស្រី គឹមអេង រស់នៅ​ជាមួយគ្នា​ក្នុង​ផ្ទះមួយ ដោយ​ចិញ្ចឹម​ចៅប្រុស​ម្នាក់​អាយុ​១៥​ឆ្នាំ​។ កូន​របស់​ពួកគាត់​៤​នាក់ បាន​រៀបការ និង​រស់នៅ​ក្នុងផ្ទះ​បែក​ពី​ពួកគាត់​។​
 
​រដ្ឋាភិបាល​បាន​ចុះ​សិក្សា​តំបន់​មួយ​នេះ​ជាច្រើន​ឆ្នាំ​មកហើយ ដើម្បី​ស្ថាបនា​ទំនប់​វា​រី​អគ្គិសនី​មួយ ដែលមាន​ទំហំ​ថាមពល​៨០​មេ​ហ្គា​វ៉ា​ត់​។ ទំនប់​ដែលមាន​តម្លៃ​ជាង​២៣០​លាន​ដុល្លារ​អាមេរិក​នេះ នឹងត្រូវ​ស្ថាបនា​ដោយ​ក្រុមហ៊ុន SPHP Cambodia ដែលមាន​ភាគហ៊ុន​រួមគ្នា​រវាង​ចិន និង​កូរ៉េ​។ គម្រោង​វា​រី​អគ្គីសនី​នៅ​ពោធិ៍សាត់​នេះ នឹងត្រូវ​ធ្វើឡើង​ក្រោមរូបភាព​សាងសង់​-​ដំណើរការ​-​ផ្ទេរ (BOT) សម្រាប់​រយៈពេល​៣៩​ឆ្នាំ ដែល​មានន័យថា បន្ទាប់ពី​ក្រុមហ៊ុន​ប្រើប្រាស់​វា​រី​អគ្គីសនី​នេះ​បាន​រយៈពេល​៣៩​ឆ្នាំ នោះ ក្រុមហ៊ុន​នឹង​ប្រគល់​វា​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គ្រប់គ្រង​ទាំងស្រុង​។​
 
​នេះ​ជា​ទំនប់​មួយទៀត បន្ទាប់ពី​ទំនប់​វា​រី​អគ្គិសនី​អា​តៃ ដែល​ស្ថិតក្នុង​ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​


ផ្លូវធ្វើដំណើរពីស្រុកវាលវែងទៅទីរួមខេត្តពោធិ៍សាត់ ដែលត្រូវបានស្ថាបនា ដោយចិន (ស៊ុន ណារិន/VOA)
 
​ប្រទេស​កម្ពុជា​កំពុងតែ​ខ្វះ​ភ្លើងអគ្គិសនី​សម្រាប់​ប្រើប្រាស់​។ ភ្លើង​នៅក្នុង​ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ក៏ដូចជា​នៅ​ទូទាំងប្រទេស បាន​ដាច់​ជា​បន្តបន្ទាប់​ផងដែរ​។​
 
​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ប្រ​ម៉ោ​យ​ដែល​បានដឹងថា ដី ផ្ទះសម្បែង និង​ដំណាំ​របស់​ពួកគេ​នឹងរង​ផលប៉ះពាល់ កំពុង​រង់ចាំ​មើល​សំណង និង​ចង់ដឹងថា តើ​ទំនប់​នោះ​ប៉ះពាល់​ការរស់នៅ​របស់​ពួកគេ​ដល់​កម្រិតណា​។​


លោក សុន ប្រុស ជាពលរដ្ឋម្នាក់ទៀត ដែលរងផលប៉ះពាល់ដោយសារទំនប់វារីអគ្គិសនីនៅឃុំប្រម៉ោយ ក្នុងខេត្តពោធិ៍សាត់ (ស៊ុន ណារិន/VOA)
 
​លោក សុន ប្រុស អាយុ​៤៩​ឆ្នាំ ដែលជា​អតីត​ទាហាន​ពិការ​ម្នាក់​ដោយសារ​គ្រាប់មីន​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៨០ សង្ឃឹមថានឹង​មានការ​ផ្តល់​សំណង​សមរម្យ​មួយ​ដល់​រូបលោក​។​
 
​លោក​បាន​ថ្លែងប្រាប់ VOA នៅផ្ទះ​របស់លោក​ថា​៖ «​ឲ្យ​បង​ជួយ​អំពាវនាវ​ខាង​អង្គ​ការធ្វើ​ទំនប់​វា​រី​អគ្គិសនី​ហ្នឹង ឲ្យ​ជួយ​សង​សំណង​ហ្នឹង ឲ្យ​ត្រឹមត្រូវ​ផង កុំ​ឲ្យ​លេង​១.០០០(​ដុល្លារ​) ២.០០០(​ដុល្លារ​)​អី ពួក​ខ្ញុំ អត់​ព្រម​ទេ​។ សុខចិត្ត​ដាច់​ក្បាល ក៏​អត់​ចេញពី​ដី​ខ្ញុំ​ដែរ ព្រោះ​បើ​ចេញពី​ដី​១.០០០ ២.០០០​អី ខ្ញុំ​មិនដឹង​ទៅរក​លុយ​ឯណា​ទៅ​ទិញ​(​កន្លែង​ផ្សេង​) រកស៊ី​ចិញ្ចឹមជីវិត​»​។​
 
​អ្នកភូមិ​ម្នាក់ទៀត​ដែល​រស់នៅ​ជាប់​នឹង​មាត់​ស្ទឹង គឺ​លោក ចាប ចិន្តា អាយុ​៥៩​ឆ្នាំ បាន​ថ្លែងថា ការរស់នៅ​ទីនេះ​មាន​ភាពងាយស្រួល​សម្រាប់​ការដាំ​ដំណាំ និង​រកត្រី​នៅតាម​ដងស្ទឹង​។ លោក​មានបំណង​ទៅ​រស់នៅ​ផ្ទះ​ឪពុកក្មេក​របស់លោក​ដែលមាន​ចម្ងាយ​ជិត​១០​គីឡូម៉ែត្រ​ពី​ទីតាំង​បច្ចុប្បន្ន នៅពេល​ក្រុមហ៊ុន​សម្រេច​ថា លោក​ត្រូវ​ចេញពី​តំបន់​នោះ​។​


លោក ចាប ចិន្តា ជាពលរដ្ឋម្នាក់ទៀត រស់នៅក្បែរទឹកស្ទឹង ដែលរងផលប៉ះពាល់ដោយសារទំនប់វារីអគ្គិសនីនៅឃុំប្រម៉ោយ ក្នុងខេត្តពោធិ៍សាត់ (ស៊ុន ណារិន/VOA)
 
​លោក​មានប្រសាសន៍ថា​៖ «​លំបាក​ហើយ យើង​ធ្លាប់​នៅ​ហ្នឹង​។ ធ្លាប់​នេះ បន្លែបង្ការ​ខ្លួន​យើង​។ ទៅដល់​នោះ ត្រូវ​ទិញ​គេ ដី​យើង​តូច ដាំ​ដំណាំ​មិនកើត​ដូច​យើង​នៅ​នេះ​ទេ​។ នេះ​បើ​ថា​អត់ ចុះ​តែ​ស្ទឹង ដាក់​តែ​មង ដាក់​តែ​អី បាន​ហូប​ហើយ​»​។​
 
​លោក​បានបញ្ជាក់​បន្ថែម​ថា​៖ «​អន់ចិត្ត​តិច​ដែរ​។ ធ្វើ​ម៉េច បើ​តម្រូវ​អញ្ចឹង​ហើយ​។ មិនមែន​តែ​យើង​ណា វា​ទាំងអស់​តែ​គ្នា​។ មិនមែន​ប៉ះ​តែ​យើង ប៉ះ​គ្រប់​តែ​គ្នា​។ គេ​ម៉េច យើង​ម៉េច យើង​គិត​ទៅ​អញ្ចឹង​វិញ​ទៅ​»​។​
 
​បើតាម​ទិន្នន័យ​ដែល​ផ្តល់​ដោយ​អាជ្ញាធរ​ឃុំ​ប្រ​ម៉ោ​យ ប្រជាពលរដ្ឋ​ជាង​៣៥០​គ្រួសារ​ស្មើនឹង​ជាង​១.៤០០​នាក់ នឹងរង​ផលប៉ះពាល់​ដោយ​ការសាងសង់​វា​រី​អគ្គីសនី​នេះ​។ ក្រៅពី​ដីធ្លី​រាប់រយ​ហិកតា និង​ដំណាំ ដែល​រង​ផលប៉ះពាល់ ផ្ទះ​ជិត​១០០​ខ្នង ក៏​ប្រឈម​នឹង​ការរុះរើ​ផងដែរ​។​


ក្មេង២នាក់ ឈរនៅមាត់ស្ទឹងអន្លង់ក្រូច ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលជាកន្លែងស្ថាបនាទំនប់វារីអគ្គិសនី។ (ស៊ុន ណារិន/VOA)
 
​មេឃុំ​ប្រ​ម៉ោ​យ លោកស្រី សេក សំអាត បាន​ប្រាប់ VOA នៅផ្ទះ​របស់លោក​ស្រី​ថា រហូតមកដល់​ពេលនេះ ប្រជាពលរដ្ឋ​កំពុង​ព្រួយបារម្ភ​រឿង​សំណង ហើយ​ពួកគេ​ចង់បាន​សំណង​សមរម្យ​។ ប៉ុន្តែ​លោកស្រី​បញ្ជាក់ថា រាល់​ការសម្រេច គឺ​អាស្រ័យ​ថ្នាក់លើ​។ ហើយ​លោកស្រី​មិន​មានជំនឿថា​បាន​ច្រើន​នោះទេ​។​
 
​លោកស្រី​មានប្រសាសន៍ថា​៖ «​ដូច​អត់​មាន​ភាពកក់ក្តៅ​អី​ផង មិនដឹង​បាន ដឹង​អត់​ទេ​។ វា​អត់​ច្បាស់​»​។​
 
​លោក វិចទ័រ ហ្សូ​នា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល និង​ជា​អ្នកនាំពាក្យ​នៃ​ក្រសួង​រ៉ែ​និង​ថាមពល បាន​ថ្លែងប្រាប់ VOA ថា​ដំណើរ​ការសាងសង់​ដែលមាន​រយៈពេល​៤​ឆ្នាំ នឹង​អាច​ចាប់ផ្តើម​ចុងឆ្នាំ​នេះ​។ លោក​បញ្ជាក់ថា រដ្ឋាភិបាល​កំពុង​ពិភាក្សា​ដើម្បី​ផ្តល់​សំណង​សមរម្យ​មួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់​ដោយ​គម្រោង​នេះ​។​
 
​លោក​មានប្រសាសន៍ថា​៖ «​ខ្ញុំ​គិតថា អាច​ទទួលយកបាន ប៉ុន្តែ​ជាក់ស្តែង​យ៉ាងណា មិនដឹង​យ៉ាងម៉េច​ទេ​។ មនុស្ស​យើង មនុស្ស​ច្រើន ចិត្ត​ខុសគ្នា​។ ប៉ុន​ភាគច្រើន ខ្ញុំ​គិតថា ពេលដែល​យើង​ស្ទាបស្ទង់ តាមរយ​:​នៃ​ការ​ស្ទាបស្ទង់​ធ្វើ survey (​ការស្ទង់មតិ​) កន្លងមក ភាគច្រើន​អាច​ទទួលយកបាន​។ ខ្ញុំ​គិតថា ដោយសារ​អានេះ​គឺជា​គម្រោង​មួយ ដើម្បី​ចូលរួម​ដល់​ការកសាង​សេដ្ឋកិច្ចជាតិ ហើយ​ផលប៉ះពាល់ យើង​នឹង​ទូទាត់​ឲ្យ​មាន​ភាពសមរម្យ ដែល​អាច​ទទួលយកបាន​»​។​
 
​ទោះជា​យ៉ាងណា លោក​វិចទ័រ ហ្សូ​នា មិនទាន់​អាច​បញ្ជាក់​ពី​ចំនួន​សំណង​ជាក់លាក់​នៅឡើយ​ទេ​។ អ្នកនាំពាក្យ​រូបនោះ ក៏​សុំ​ការយោគយល់​ពី​ប្រជាពលរដ្ឋ ពី​ការស្ថាបនា​ទំនប់​នេះ ដោយ​លើកឡើងថា​ការសាងសង់​នេះ​ធ្វើឡើង​ដើម្បី​បុព្វហេតុ​សេដ្ឋកិច្ចជាតិ​។ ហើយ​លោក​ថា​ការប៉ះពាល់​តែងតែ​កើតមាន នៅពេលដែល​មានការ​អភិវឌ្ឍ​។ ទោះជា​យ៉ាងណាក៏ដោយ​លោក​ថា នឹង​ព្យាយាម​ឲ្យ​មាន​ផលប៉ះពាល់​តិចតួច​បំផុត​។​
 
​បើតាម​លោក វិចទ័រ ហ្សូ​នា នៅ​ចុងឆ្នាំ​២០២២ ឬ​ដើមឆ្នាំ​២០២៣ ទំនប់​មួយ​នេះ​នឹង​ត្រូវដាក់​ឲ្យ​ដំណើរការ​ទាញយក​ថាមពល​។ លោក​បញ្ជាក់ថា នៅ​ឆ្នាំ​២០២០ រដ្ឋាភិបាល​មាន​គោលដៅ ធ្វើយ៉ាងណា​ឲ្យ​គ្រប់​ភូមិ​ទាំងអស់​ទូទាំងប្រទេស ទទួលបាន​អគ្គិសនី​ប្រើប្រាស់​។​


ដំបូល​វត្តអារាម ដែល​ត្រូវបាន​លិចលង់ ដោយសារ​ទឹកទំនប់​វារីអគ្គិសនី​សេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)
 
​កាលពី​ចុងឆ្នាំ​២០១៨ ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​នៅ​ខេត្តស្ទឹងត្រែង ដែលជា​ទំនប់​ធំជាងគេ​នៅ​កម្ពុជា និង​មាន​ទំហំ​ថាមពល​៤០០​មេ​ហ្គា​វ៉ា​ត់ ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​។​
 
​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​បាន​ប៉ះពាល់​ប្រជាពលរដ្ឋ​ជា​ជនជាតិដើម​ភាគតិច​ជាង​៨០០​គ្រួសារ ដែល​នាំ​ឲ្យ​ពួកគេ​តវ៉ា​ជាច្រើន​ឆ្នាំ​។ ប្រជាជន​ភាគច្រើន​យល់ព្រម​ទទួល​សំណង ដោយ​ការតាំង​ទីលំនៅ​ថ្មី​នៅ​កន្លែង​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន និង ការផ្តល់​ជា​ផ្ទះ ដី​ភូមិ និង​ថវិកា​មួយចំនួន​។ ឯ​អ្នកភូមិ​មួយចំនួនទៀត​បាន​បដិសេធ​មិន​ទទួលយក​សំណង ហើយ​សុខចិត្ត​រស់នៅ​ទីទួល ក្បែរ​តំបន់​លិច​ទឹក​។​
 
​លោក ម៉ក់ ប៊ុនធឿន មន្ត្រី​សម្របសម្រួល​បណ្តាញ​នៃ​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា (NGO Forum) បាន​ប្រាប់ VOA​ថា ភាគច្រើន​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី មិន​ត្រឹមតែ​នាំ​ឲ្យ​ប្រជាពលរដ្ឋ​តវ៉ា​ចំពោះ​សំណង​នោះទេ ប៉ុន្តែ​វា​នាំ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​បរិស្ថាន​ទៀតផង​។​


ផ្លូវធ្វើដំណើរតាមភូមិឆ្ពោះទៅមាត់ស្ទឹង ដែលជាកន្លែងស្ថាបនាទំនប់វារីអគ្គិសនី(ស៊ុន ណារិន/VOA)
 
​ការធ្វើដំណើរ​កាត់​ភូមិ​ទៅ​ក្បែរ​មាត់​ស្ទឹង និង​កន្លែង​ធ្វើ​ទំនប់​វា​រី​អគ្គិសនី​នៅក្នុង​ឃុំ​ប្រ​ម៉ោ​យ​នេះ មាន​ភាពលំបាក ដោយសារ​ផ្លូវ​ខូច និង​រអិល​ផងដែរ​។ ប្រជាពលរដ្ឋ​អះអាងថា ពួកគេ​មិន​ហ៊ាន​ឈូសឆាយ​ផ្លូវ​ធ្វើដំណើរ សង់ផ្ទះ និង​ដាំ​ដំណាំ​ធំៗ ក្រោយ​ពួកគេ​ដឹងថា អាជ្ញាធរ​បាន​ចុះមក​សិក្សា​ហើយ​ប្រាប់​ពួកគេ​ថា​តំបន់​នេះ​រង​ផលប៉ះពាល់​។​
 
​ប្រជាពលរដ្ឋនៅក្នុង​តំបន់​ដែល​រងគ្រោះ​នេះ មិនមាន​អគ្គិសនី​ប្រើប្រាស់​នោះទេ​។ ពួកគេ​ប្រើប្រាស់​អាគុយ និង​បន្ទះ​ថាមពល​ពន្លឺព្រះអាទិត្យ ដើម្បី​បំភ្លឺ​ផ្ទះ​នៅពេល​យប់​។​
 
​លោក ខៀវ ហ៊ីម និង​ភរិយា​របស់លោក អ្នកស្រី ប៊ុន គឹមអេង បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ផ្តល់​សំណង​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​ឲ្យ​ពួកគាត់​មានលទ្ធភាព​រក​កន្លែង​ថ្មី និង​ចាប់​ផ្តើមកសាង​ជីវិត​នៅ​ទីនោះ​។​
 
​លោកស្រី​មានប្រសាសន៍ថា​៖ «​ឥឡូវ​ខ្ញុំ​អត់​មាន​ប្រឆាំង​អី​ទេ ខ្ញុំ​សុំ​ដូច​ថា បើ​ថា​លិច​ហើយ មាន​លុយ​មាន​កាក់ យកមក​សង​សំណង​ខ្ញុំ ខ្ញុំ​ចង់ទៅ​រក​ទិញ​ដី ទិញ​អី ធ្វើ​ផ្ទះ តែ​ប៉ុណ្ណឹង​។ រាល់ថ្ងៃ​ខ្ញុំ​និយាយ​តែ​ប៉ុណ្ណឹង អត់​មាននិយាយ​អី​ទេ​។ ខ្ញុំ​ថា បើ​លិច ក៏​លិចទៅ​។ ធ្វើ​ក៏​ធ្វើទៅ​។ បើ​គេ​ត្រូវការ​ហើយ ដឹង​ធ្វើ​ម៉េច ព្រោះ​វា​ដី​រដ្ឋ តែបើ​រដ្ឋ​ត្រូវការ ឲ្យ​រដ្ឋ​ទៅ​។ តែ​រដ្ឋ​នោះ​សងលុយ​ឲ្យ​យើង​ទៅ ហើយ​បាត់​ហើយ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com