កីឡាអន្តរជាតិ
អន្តរជាតិ
កាដូនាឡិកាថ្លៃបង្ខំឲ្យលោក Reinhard ប្រកាសចុះពីតំណែងជាបន្តបន្ទាប់ក្នុងបាល់ទាត់ លោក Reinhard Grindel
× អនុប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) លោក Reinhard Grindel បានប្រកាសលាលែងពីតំណែងជាគណៈគ្រប់គ្រងកីឡាបាល់ទាត់ប្រចាំតំបន់អឺរ៉ុបនេះ និងលាឈប់ពីតំណែងគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA។ ការលាលែងដ៏ភ្ញាក់ផ្អើលនេះ បន្ទាប់ពីលោក Reinhard ទទួលកាដូដែលមានតម្លៃពីមិត្តរួមការងារ។
លោក Reinhard វ័យ ៥៧ ឆ្នាំរូបនេះក៏ទើបលាឈប់ពីតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាល្លឺម៉ង់ (GFA) ផងដែរកាលពីសប្តាហ៍មុនបន្ទាប់ពីមានការចោទប្រកាន់ថាលោកបានទទួលកាដូនាឡិកាដែលមានតម្លៃថ្លៃពីមិត្តរួមការងារម្នាក់។
បុរសសញ្ជាតិអាល្លឺម៉ង់រូបនេះបដិសេធថាមិនបានប្រព្រឹត្តកំហុសអ្វីទេមុនពេលប្រកាសចុះចេញពីតួនាទីសំខាន់ៗទាំង៣របស់លោក នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ។
Reinhard បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា លោកត្រូវការការពារកេរ្តិ៍ឈ្មោះរបស់ UEFA ហើយលោកក៏មិនចង់ដាក់បន្ទុកដល់ FIFA ដែលកំពុងដើរឆ្ពោះទៅរកតម្លាភាពនិងអភិបាលកិច្ចល្អនោះទេ។
មុនការចុះចេញពីតំណែងដែលទទួលបានប្រាក់ឈ្នួល១,៨លានដុល្លារក្នុងមួយខែដ៏គួរឲ្យភ្ញាក់ផ្អើលនេះលោក Reinhard បានទទួលរងការរិះគន់ផងដែរកាលពីឆ្នាំមុន ជុំវិញការចូលនិវត្តន៍របស់ Mesut Ozil ពីក្រុមជម្រើសជាតិអាល្លឺម៉ង់។
ខ្សែបម្រើ Arsenal រូបនេះបានប្រកាសចែកផ្លូវពីក្រុមជម្រើសជាតិបន្ទាប់ពីអាល្លឺម៉ង់ធ្លាក់ចេញពី World Cup នៅរុស្សីត្រឹមវគ្គចែកពូល និងបញ្ហាចម្រូងចម្រាសក្រោយរូបគេជួបប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan នៅមុនព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនោះ៕
Tag:
បាល់ទាត់
UEFA
FIFA
Reinhard Grindel
© រក្សាសិទ្ធិដោយ thmeythmey.com