កីឡាជាតិ
ជាតិ
​ក្រុម​ថ្នាក់​ខេត្ត ស្គាល់​គូប្រជែង​រៀងៗ​ខ្លួន​នៅ​វគ្គ​១៦​ក្រុម នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន​
11, Apr 2019 , 7:39 pm        
រូបភាព
លោក ឆាំង ពិសិដ្ឋ អគ្គលេខាធិការប្រតិបត្តិនៃគណៈកម្មាធិការប្រកួតបាល់ទាត់ជាតិកម្ពុជាលើកបង្ហាញក្រដាសឈ្មោះក្រុមក្នុងអំឡុងពេលចាប់ឆ្នោត
លោក ឆាំង ពិសិដ្ឋ អគ្គលេខាធិការប្រតិបត្តិនៃគណៈកម្មាធិការប្រកួតបាល់ទាត់ជាតិកម្ពុជាលើកបង្ហាញក្រដាសឈ្មោះក្រុមក្នុងអំឡុងពេលចាប់ឆ្នោត
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត បាន​រកឃើញ​ក្រុម​ឡើងទៅ​ប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ​ហើយ បន្ទាប់ពី​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​អស់​រយៈពេល​ជាង​១​ខែ​។ គណៈកម្មាធិការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​(CNCC)​បានរៀបចំ​កម្មវិធី​ចាប់ឆ្នោត​វគ្គ​១/៨​រួចរាល់​ហើយ នៅ​ព្រឹក​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៩​នេះ​។

 
​ក្រោយ​ឆ្លងកាត់​ការប្រកួត​ជម្រុះ​តាម​ពូ​ល​អស់​រយៈពេល​ជាង​១​ខែ ពោលគឺ​ចាប់ពី​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្រុម​ចំនួន​១៦​ក្រុម​ក្នុងចំណោម​២៣​ក្រុម​ទទួលបាន​កៅអី​ឡើងទៅ​ប្រកួត​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​។ ក្រុម​ទាំងនោះ​រួមមាន​បាត់ដំបង​, ពោធិ៍សាត់​, បន្ទាយមានជ័យ (​ពូ​ល ក​), ស្វាយរៀង​, ព្រៃវែង​, ត្បូងឃ្មុំ (​ពូ​ល ខ​), រតនគិរី​, មណ្ឌលគិរី (​ពូ​ល គ​), កំពត , កែប​, កោះកុង (​ពូ​ល ឃ​), កំពង់ធំ , សៀមរាប​, ព្រះវិហារ (​ពូ​ល ង​), តាកែវ និង​កំពង់ស្ពឺ (​ពូ​ល ច​)​។ 


 
​គណៈកម្មាធិការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា បានរៀបចំ​កម្មវិធី​ចាប់ឆ្នោត​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៅ​ព្រឹក​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៩​។ តាម​លទ្ធផល​ចាប់ឆ្នោត​ដោយ លោក ឆាំង ពិសិដ្ឋ អគ្គលេខាធិការ​ប្រតិបត្តិ CNCC ក្រុម​សៀមរាប​ប៉ះ​កំពង់ស្ពឺ រីឯ​កែប​ជួប​បន្ទាយមានជ័យ ខណៈ​ព្រៃវែង​ប៉ះ​បាត់ដំបង ចំណែក​កំពត​តទល់​ជាមួយ​មណ្ឌលគិរី ស្របពេល​កំពង់ធំ​តតាំង​ជាមួយ​ព្រះវិហារ រីឯ​ត្បូងឃ្មុំ​ប៉ះ​ពោធិ៍សាត់ ខណៈ​កោះកុង​ជួប​ស្វាយរៀង និង​រតនគិរី​ត្រូវ​ប្រឈម​ជាមួយ​តាកែវ​។ 
 
​សម្រាប់​ការប្រកួត​វគ្គ​១៨​ក្រុម​ចុងក្រោយ ធ្វើឡើង​តែមួយ​ជើង​ប៉ុណ្ណោះ ពោលគឺ​ក្រុម​ឈ្នះ​នឹង​ទទួលបាន​កៅអី​ឡើងទៅ​លេង​វគ្គ​៨​ក្រុម​ចុងក្រោយ​តែម្តង​។ ការប្រកួត​ប្រព្រឹត្តទៅ​ចាប់ពី​ទី​២៣-២៥ ខែមេសា ឆ្នាំ​២០១៩​។ ពានរង្វាន់​សម្តេច ហ៊ុន សែន ចែកចេញជា​ពីរ​ផ្នែក គឺ​ថ្នាក់​ខេត្ត និង​ថ្នាក់ជាតិ​។ ក្រុម​ពី​១​ដល់​លេខ​៣​ថ្នាក់​ខេត្ត នឹងត្រូវ​ជ្រើស​រើសយក​ទៅលេង​ថ្នាក់ជាតិ​ជាមួយ​ក្រុម​ទាំង​១៣​នៅ​ពានរង្វាន់​លី​គ បន្ទាប់ពី​ក្រុមយុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី​ដកខ្លួន​។​


 
​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​ថ្នាក់​ខេត្ត​មាន​២៣​ក្រុម​ចូលរួម​ដោយ​បែង​ចែកជា​៥​ពូ​ល​ក្នុងនោះ​ពូ​ល ក​(​បាត់ដំបង , ប៉ៃលិន , ពោធិ៍សាត់ និង​បន្ទាយមានជ័យ​),  ពូ​ល ខ​(​ស្វាយរៀង​, ព្រៃវែង​, ត្បូងឃ្មុំ និង​កណ្ដាល​) ពូ​ល គ​( ស្ទឹងត្រែង​, រតនៈគិរី​, ក្រចេះ និង​មណ្ឌលគិរី​), ពូ​ល ឃ​(​កំពត​, កែប​, ព្រះសីហនុ និង​កោះកុង​) ពូ​ល ង​(​កំពង់ធំ​, សៀមរាប​, ឧ​ត្ត​រ​មានជ័យ និង​ព្រះវិហារ​)  និង​ពូ​ល ច​(​តាកែវ​, កំពង់ស្ពឺ និង​កំពង់ឆ្នាំង​)៕ 

Tag:
 បាល់ទាត់​
  Hun Sen Cup 2019
© រក្សាសិទ្ធិដោយ thmeythmey.com