ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្ត បានរកឃើញក្រុមឡើងទៅប្រកួតវគ្គ១៦ក្រុមចុងក្រោយហើយ បន្ទាប់ពីប្រកួតវគ្គជម្រុះតាមពូលអស់រយៈពេលជាង១ខែ។ គណៈកម្មាធិការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC)បានរៀបចំកម្មវិធីចាប់ឆ្នោតវគ្គ១/៨រួចរាល់ហើយ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ។
ក្រោយឆ្លងកាត់ការប្រកួតជម្រុះតាមពូលអស់រយៈពេលជាង១ខែ ពោលគឺចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមចំនួន១៦ក្រុមក្នុងចំណោម២៣ក្រុមទទួលបានកៅអីឡើងទៅប្រកួតនៅវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្ត។ ក្រុមទាំងនោះរួមមានបាត់ដំបង, ពោធិ៍សាត់, បន្ទាយមានជ័យ (ពូល ក), ស្វាយរៀង, ព្រៃវែង, ត្បូងឃ្មុំ (ពូល ខ), រតនគិរី, មណ្ឌលគិរី (ពូល គ), កំពត , កែប, កោះកុង (ពូល ឃ), កំពង់ធំ , សៀមរាប, ព្រះវិហារ (ពូល ង), តាកែវ និងកំពង់ស្ពឺ (ពូល ច)។
គណៈកម្មាធិការប្រកួតបាល់ទាត់ជាតិកម្ពុជា បានរៀបចំកម្មវិធីចាប់ឆ្នោតវគ្គ១៦ក្រុមចុងក្រោយនៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩។ តាមលទ្ធផលចាប់ឆ្នោតដោយ លោក ឆាំង ពិសិដ្ឋ អគ្គលេខាធិការប្រតិបត្តិ CNCC ក្រុមសៀមរាបប៉ះកំពង់ស្ពឺ រីឯកែបជួបបន្ទាយមានជ័យ ខណៈព្រៃវែងប៉ះបាត់ដំបង ចំណែកកំពតតទល់ជាមួយមណ្ឌលគិរី ស្របពេលកំពង់ធំតតាំងជាមួយព្រះវិហារ រីឯត្បូងឃ្មុំប៉ះពោធិ៍សាត់ ខណៈកោះកុងជួបស្វាយរៀង និងរតនគិរីត្រូវប្រឈមជាមួយតាកែវ។
សម្រាប់ការប្រកួតវគ្គ១៨ក្រុមចុងក្រោយ ធ្វើឡើងតែមួយជើងប៉ុណ្ណោះ ពោលគឺក្រុមឈ្នះនឹងទទួលបានកៅអីឡើងទៅលេងវគ្គ៨ក្រុមចុងក្រោយតែម្តង។ ការប្រកួតប្រព្រឹត្តទៅចាប់ពីទី២៣-២៥ ខែមេសា ឆ្នាំ២០១៩។ ពានរង្វាន់សម្តេច ហ៊ុន សែន ចែកចេញជាពីរផ្នែក គឺថ្នាក់ខេត្ត និងថ្នាក់ជាតិ។ ក្រុមពី១ដល់លេខ៣ថ្នាក់ខេត្ត នឹងត្រូវជ្រើសរើសយកទៅលេងថ្នាក់ជាតិជាមួយក្រុមទាំង១៣នៅពានរង្វាន់លីគ បន្ទាប់ពីក្រុមយុវជនអាយុក្រោម១៨ឆ្នាំបាទីដកខ្លួន។
សម្រាប់ការប្រកួតវគ្គជម្រុះតាមពូលថ្នាក់ខេត្តមាន២៣ក្រុមចូលរួមដោយបែងចែកជា៥ពូលក្នុងនោះពូល ក(បាត់ដំបង , ប៉ៃលិន , ពោធិ៍សាត់ និងបន្ទាយមានជ័យ), ពូល ខ(ស្វាយរៀង, ព្រៃវែង, ត្បូងឃ្មុំ និងកណ្ដាល) ពូល គ( ស្ទឹងត្រែង, រតនៈគិរី, ក្រចេះ និងមណ្ឌលគិរី), ពូល ឃ(កំពត, កែប, ព្រះសីហនុ និងកោះកុង) ពូល ង(កំពង់ធំ, សៀមរាប, ឧត្តរមានជ័យ និងព្រះវិហារ) និងពូល ច(តាកែវ, កំពង់ស្ពឺ និងកំពង់ឆ្នាំង)៕