អន្តរជាតិ
លោក ផេន ស្នើឲ្យ UN ទទួលស្គាល់លោក ក្វៃដូ ជាមេដឹកនាំវ៉េណេស៊ុយអេឡាស្របច្បាប់
× អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន បានស្នើឲ្យអង្គការសហប្រជាជាតិទទួលស្គាល់មេដឹកនាំប្រឆាំងនៅវ៉េណេស៊ុយអេឡា ហ័ន ក្វៃដូ ជាប្រធានាធិបតីស្របច្បាប់ជំនួសលោក នីកូឡាស់ ម៉ាឌុយរ៉ូ ។ អាមេរិកស្ថិតក្នុងចំណោមប្រទេសដំបូងគេដែលទទួលស្គាល់ភាពស្របច្បាប់លោក ក្វៃដូ ដែលតាំងខ្លួនជាប្រធានាធិបតីវ៉េណេស៊ុយអេឡាកាលពីថ្ងៃទី២៣ ខែមករា។ ជាថ្មីម្ដងទៀត លោក ផេន បានរំឭកដែរថា ជម្រើសទាំងអស់ដើម្បីបណ្ដេញលោក ម៉ាឌុយរ៉ូ ស្ថិតលើតុនៅឡើយ។
សហរដ្ឋអាមេរិក កំពុងតែធ្វើយុទ្ធនាការផ្ដល់ភាពស្របច្បាប់ទៅឲ្យមេដឹកនាំប្រឆាំង ហ័ន ក្វៃដូ ដែលហៅខ្លួនឯងជាប្រធានាធិបតីបណ្ដោះអាសន្នរបស់វ៉េណេស៊ុយអេឡា។ មកពេលនេះ ប្រទេសជាង៥០ហើយ បានទទួលស្គាល់លោក ក្វៃដូ ជាមេដឹកនាំតែមួយគត់របស់រដ្ឋអាមេរិកខាងត្បូងមួយនេះ ដោយទាត់ចោលអាណត្តិដឹកនាំរបស់លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌុយរ៉ូ ដែលពួកគេអះអាងថា ជាមេដឹកនាំខុសច្បាប់។
អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន ដែលចេញមុខចេញមាត់ខ្លាំងក្នុងការទាមទារឲ្យលោក ម៉ាឌុយរ៉ូ ចុះចេញនោះ បានស្នើឲ្យស្ថាប័នកំពូលពិភពលោកងាកទៅទទួលស្គាល់លោក ក្វៃដូ ដែរ។ នាកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃទី១០ ខែមេសា លោក ផេន អះអាងថា ពេលវេលាដល់ហើយសម្រាប់អង្គការសហប្រជាជាតិ (UN) ទទួលស្គាល់លោក ក្វៃដូ និងឲ្យតំណាងរបស់លោកអង្គុយកៅអីរបស់វ៉េណេស៊ុយអេឡាវិញម្ដង។
បើតាមលោក ផេន អាមេរិកនឹងដាក់សេចក្ដីព្រាងដំណោះស្រាយមួយ សំដៅទទួលភាពស្របច្បាប់របស់មេដឹកនាំប្រឆាំងរូបនេះ ហើយបដិសេធសារតាំងរបស់បេសកជនវ៉េណេស៊ុយអេឡាបច្ចុប្បន្នដែលត្រូវបានតែងតាំងដោយលោក ម៉ាឌុយរ៉ូ ។ ក្នុងសេចក្ដីព្រាងដដែល អាមេរិកនឹងទទួលស្គាល់តំណាងថ្មីដែលតែងតាំងដោយលោក ក្វៃដូ ជំនួសវិញ។ ចំពោះមុខសមាជិកក្រុមប្រឹក្សាផ្សេងទៀត លោក ផេន និយាយចំៗថា លោក ម៉ាឌុយរ៉ូ ត្រូវតែចាកចេញ។
តបនឹងការលើកឡើងរបស់អនុប្រធានាធិបតីអាមេរិក លោក ម៉ាឌុយរ៉ូ បានប្រើពាក្យពេចន៍ខ្លាំងវិញ។ ក្នុងសេចក្ដីថ្លែងការណ៍តាមកញ្ចក់ទូរទស្សន៍ ប្រធានាធិបតីវ៉េណេស៊ុយអេឡារូបនេះនិយាយថា អនុប្រធានាធិបតីអាមេរិកកំពុងធ្វើសកម្មភាពឆ្កួតឡប់នៅឯក្រុមប្រឹក្សាសន្តិសុខតាមរយៈការអំពាវនាវរបស់ខ្លួន។ លោក ម៉ាឌុយរ៉ូ ដែលរងសម្ពាធខ្លាំងពីអាមេរិកនោះ បន្តថា លោកមិនយល់ពីទង្វើក្រអឺតក្រទម និងគំនិតមានតែជនជាតិឯងរបស់លោក ផេន ឡើយ។
សូមបញ្ជាក់ថា សព្វថ្ងៃនេះ មានប្រទេសប្រមាណ៥០ប៉ុណ្ណោះដែលចាត់ទុកលោក ក្វៃដូ ជាមេដឹកនាំពេញច្បាប់របស់វ៉េណេស៊ុយអេឡា។ ប្រទេសជាច្រើនដែលជាសមាជិក UN នៅតែបន្តទំនាក់ទំនងជាមួយរដ្ឋាភិបាលោក ម៉ាឌុយរ៉ូ ដដែល។ ទោះជាយ៉ាងណា លោក ផេន នៅតែចង់ឲ្យលោក ម៉ាឌុយរ៉ូ ចាកចេញ ព្រោះលោកកំពុងនាំបញ្ហាសម្រាប់ប្រជាជន ហើយបើគ្មានដំណោះស្រាយទេនោះ បញ្ហានឹងរាលដាលពេញតំបន់មិនខាន៕
Tag:
អាមេរិក
UN
វ៉េណេស៊ុយអេឡា
ម៉ៃ ផេន
ហ័ន ក្វៃដូ
© រក្សាសិទ្ធិដោយ thmeythmey.com