ជាតិ
កោះកុង រួមជាមួយខេត្តត្រាតរបស់ថៃ កាន់ធឺរបស់វៀតណាម ផ្សព្វផ្សាយទេសចរណ៍រួមគ្នា រូបភាពបានពីទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍
× មនុស្សប្រមាណ១០០០នាក់ដែលមានកម្ពុជា ថៃ និងវៀតណាម កាលពីសប្តាហ៍ដំបូងនៃខែមេសា នេះ បានរួមគ្នារៀបចំដង្ហែ «ក្បួនរថយន្តទេសចរណ៍សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព» ដើម្បីពង្រឹងកិច្ចសហការ និងការផ្សព្វផ្សាយទេសចរណ៍តាមច្រករបៀងភាគខាងត្បូង ជាពិសេសរវាងខេត្តកោះកុងរបស់កម្ពុជា រួមជាមួយខេត្តត្រាតរបស់ថៃ និងកាន់ធឺរបស់វៀតណាម។
ក្រសួងទេសចរណ៍កម្ពុជាក្រោមសហការជាមួយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA Cambodia Charpter) សមាគមទេសចរណ៍ខេត្តត្រាត ប្រទេសថៃ និងសមាគមទេសចរណ៍ខេត្តកាន់ធឺ ប្រទេសវៀតណាម បានរៀបចំក្បួនដង្ហែដោយធ្វើដំណើរឆ្លងកាត់ខេត្តភាគខាងត្បូងនៃព្រំដែនប្រទេសទាំងបី។ ជាមួយគ្នានេះ ក៏មានសកម្មភាពសំអាតបរិស្ថានផងដែរ។
រូបភាពបានពីទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍
បើតាមក្រសួងទេសចរណ៍ នេះជាការរៀបចំលើកទីមួយដែលបានបង្ហាញឲ្យឃើញពីវឌ្ឍនភាពនៃការអភិវឌ្ឍផលិតផល សេវាកម្មទេសចរណ៍ និងការឃោសនាផ្សព្វផ្សាយទេសចរណ៍រួមគ្នាតាមច្រករបៀងទេសចរណ៍ភាគខាងត្បូង ថៃ-កម្ពុជា-វៀតណាម។ លើសពីនេះ អ្នកចូលរួមបានសិក្សាពីសក្តានុភាពផលិតផលទេសចរណ៍ ដើម្បីជំរុញផ្នែកឯកជនរៀបចំកញ្ចប់ខ្សែទស្សនកិច្ចនៃបណ្តាប្រទេសទាំងបី ក្នុងក្របខណ្ឌទេសចរណ៍ភាគខាងត្បូង កម្ពុជា ថៃ វៀតណាម។
ពិធីបើក-បិទ «ក្បួនរថយន្តទេសចរណ៍សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព» ក្រៅពីមានការចូលរួមដោយលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង លោក ណាថាផុង សាងវានឈីត (Mr. Natthaphong Sangvanchit) អភិបាលរងខេត្តត្រាត ប្រទេសថៃ និងលោក Hiev តំណាងទីភ្នាក់ងារទេសចរណ៍ខេត្តកាន់ធឺប្រទេសវៀតណាម ក៏មានវត្តមានរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com