លេង​ឲ្យ​បី​ក្លិប​នៅ UCL ខ្សែប្រយុទ្ធ Ronaldo ស៊ុត​បាល់​បញ្ចូល​ទី​១២៥​គ្រាប់
កីឡាអន្តរជាតិ
អន្តរជាតិ
លេង​ឲ្យ​បី​ក្លិប​នៅ UCL ខ្សែប្រយុទ្ធ Ronaldo ស៊ុត​បាល់​បញ្ចូល​ទី​១២៥​គ្រាប់
11, Apr 2019 , 8:59 pm        
រូបភាព
​ក្រុម Juventus បង្ហាញខ្លួន​មិនសូវ​បានល្អ​ឡើយ​ក្នុង​ក្របខណ្ឌ UEFA Champions League ប៉ុន្តែ​វត្តមាន​ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo គឺ​បាន​ជួយសង្គ្រោះ​ពួកគេ​ច្រើន​សម្រាប់​ការ​ប្រជែង​ពាន​កំពូល​អឺរ៉ុប​សម្រាប់​រដូវ​កាល​នេះ​។​

 
​អតីត​ខ្សែប្រយុទ្ធ Manchester United និង​ក្រុម Real Madrid រូបនេះ នៅតែ​បន្ត​រក​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ជា​ហូរហែ និង​រក​គ្រាប់​ឲ្យ Juventus ស្មើ​ជាមួយ​ម្ចាស់ផ្ទះ Ajax ១-១ ក្នុងជំនួប​ជើង​ទី​១ វគ្គ​៨​ក្រុម​ចុងក្រោយ នៅ​រាត្រី​ថ្ងៃទី​១០ ខែមេសា​។ Ronaldo រក​គ្រាប់​បាល់​សរុប​បាន ១២៥ គ្រាប់​ជា​កំណត់ត្រា ក្នុងការ​បង្ហាញខ្លួន​ចំនួន​១៦១​លើក​ក្នុង​ក្របខណ្ឌ​អឺរ៉ុប​នេះ​។​
 
​បច្ចុប្បន្ន ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៣៤​ឆ្នាំ មាន​១៧​គ្រាប់​នាំមុខ​គូប្រជែង Lionel Messi ដែល​រក​គ្រាប់​បាល់​បាន​១០៨​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​១៣២​លើក​។ តើ​ខ្សែប្រយុទ្ធ Barcelona រូបនេះ​អាច​តាម​ស្មើ ឬ​ឈានទៅ​បំបែក​កំណត់ត្រា​របស់ Ronaldo ក្នុងនាម​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​នៅ Champions League ទេ ខណៈ Messi នៅមាន​អាយុ​តិចជាង Ronaldo ដល់​ទៅ​៣​ឆ្នាំ​?
 
​ខាងក្រោម​នេះ​ជា​កីឡាករ​បាល់ទាត់​ទាំង​១០​រូប​ដែល​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​ក្នុង​ក្របខណ្ឌ​កំពូល​អឺរ៉ុប​គិត​ត្រឹម​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៩ នេះ​ខណៈ​កីឡាករ​ខ្លះ​ក៏បាន​ចូលនិវត្តន៍​ហើយ​ដែរ​។​
 
១- Cristiano Ronaldo (Manchester United, Real Madrid, Juventus) ស៊ុត​បាន ១២៥​គ្រាប់ ក្នុង​១៦១​ប្រកួត​
២- Lionel Messi (Barcelona) ស៊ុត​បាន ១០៨ គ្រាប់ ក្នុង​១៣២​ប្រកួត​
៣- Raúl González (Real Madrid, Schalke 04) ចូលនិវត្តន៍ ស៊ុត​បាន​៧១​គ្រាប់ ក្នុង​១៤២​ប្រកួត​
៤- Karim Benzema (Real Madrid) ៦០​គ្រាប់ ក្នុង​១១២​ប្រកួត​
៥- Ruud van Nistelrooy (PSV Eindhoven, Manchester United, Real Madrid) ចូលនិវត្តន៍ ស៊ុត​បាន​៥៦​គ្រាប់ ក្នុង​៧៣​ប្រកួត​
៦- Robert Lewandowski (Borussia Dortmund, Bayern Munich) ស៊ុត​បាន​៥៣​គ្រាប់ ក្នុង​៨០​ប្រកួត​
៧- Thierry Henry (Monaco, Arsenal, Barcelona) ចូលនិវត្តន៍ ស៊ុត​បាន​៥០​គ្រាប់ ក្នុង​១១២​ប្រកួត​
៨- Alfredo Di Stéfano (Real Madrid) ចូលនិវត្តន៍ ស៊ុត​បាន​៤៩​គ្រាប់ ក្នុង​៥៨​ប្រកួត​
៩- Andriy Shevchenko (Dynamo Kyiv, AC Milan, Chelsea) ចូលនិវត្តន៍ ស៊ុត​បាន​៤៨​គ្រាប់ ក្នុង​១០០​ប្រកួត​
១០- Zlatan Ibrahimovic (Ajax, Juventus, Inter Milan, Barcelona, AC Milan, Paris Saint-Germain, Manchester United) ស៊ុត​បាន​៤៨​គ្រាប់ ក្នុង​១2០​ប្រកួត​

Tag:
 បាល់ទាត់​
  UEFA Champions League
  Cristiano Ronaldo
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com