ជាតិ
លោក Raoul Marc Jennar៖ សម្តេច ហ៊ុន សែន មិនមែនបុរសខ្លាំង តែជា​អ្នក​ប្រាកដនិយម
11, Apr 2019 , 4:44 pm        
រូបភាព
​លោក Raoul Marc Jennar  ជា​ជនជាតិ​បែ​ល​ហ្សិ​ក​ដែល​បាន​ចំណាយ​ពេលវេលា​ប្រហែល ៣០​ឆ្នាំ​ជួយ​កិច្ចការ​សំខាន់​ជាច្រើន​នៅ​កម្ពុជា​។ លោក​បាន​រៀបរាប់​ពី​ដំណើរ​ទស្សនកិច្ច​មក​ក​ម្ពុ​ជា និង​មូលហេតុ​ល​ដែល​ជំរុញ​ទឹកចិត្ត​របស់លោក​ឲ្យ​បន្ត​កិច្ច​ការជួយជ្រោមជ្រែង​ក​ម្ពុ​ជា​មកដល់​ឥឡូវ​។ លោក​ក៏បាន​រៀបរាប់​ពី​ជំនួប​ផ្ទាល់​ជា​លើកដំបូង​ជាមួយ​សម្តេច ហ៊ុន សែន កាលពី​ឆ្នាំ​១៩៨៩ និង​បាន​ឆ្លៀត​លើកសរសើរ​ជាថ្មី​ថា សម្តេច ហ៊ុន សែន មានការ​ដឹកនាំ​ពិតប្រាកដ មិនមែនជា​បុរស​ខ្លាំង ឬ​ផ្តាច់ការ​ដូច​ការលើក​ឡើយ​។


 
​លោក Raoul Marc Jennar បច្ចុប្បន្ន​ជាទី​ប្រឹក្សា​ការទូត​របស់​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ប្រាក់ សុខុន បាន​រៀបរាប់ថា នា​ខែមេសា​ឆ្នាំ ១៩៨៩ លោក​បានសម្រេច​ធ្វើដំណើរ​មក​កម្ពុជា​ជា​លើកដំបូង​ក្នុងសម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ដែល​ស្ថិតក្នុង​ភាព​ឯកោ​លើ​ឆាក​អន្តរជាតិ​។ 
 
​ធ្វើដំណើរ​មកកាន់​កម្ពុ​ជា​នេះ​គឺ លោក Marc Jennar មាន​គោលដៅ​ស្វែងយល់​ពី​ស្ថានភាព​ពិត​ជាក់ស្តែង​របស់​កម្ពុ​ជា និង​តស៊ូ​មតិ​ដើម្បី​ជំរុញ​ការដក​ការហ៊ុមព័ទ្ធ​សេដ្ឋកិច្ច និង​នយោបាយ​ប្រឆាំង​កម្ពុជា​ដែល​ត្រូវ​បានដាក់​ក្រោយ​ការដួលរលំ​នៃ​របប​ខ្មែ​ក្រហម និង​ឈានទៅ​ផ្តល់ជំនួយ​មនុស្សធម៌​ដល់​កម្ពុជា និង​ប្រជាជន​ដើម្បី​ស្ដារ​ប្រទេសជាតិ​ឡើងវិញ​ដែរ​។ 


រូបភាពលោក Raoul Marc Jennar ជួបជាមួយមេដឹកនាំកម្ពុជាខែមេសាឆ្នាំ ១៩៨៩
 
​លោក Marc Jennar បាន​អះអាងថា  មេរៀន​មួយ​ដែល​លោក​បាន​រៀនសូត្រ​ដោយ​បានឃើញ​ស្ថានភាព​ជាក់ស្តែង​របស់​ក​ម្ពុ​ជា​ផ្ទាល់​ភ្នែក​កាលនោះ​គឺ ភាព​អាម៉ាស់​មួយ​ដែល​ប្រទេស​អ្នកមាន​ដូចជា​បែលហ្ស៊ិក​នេះ​ចូលរួម​ដៃ​ចូល​ជើង​ក្នុងការ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច និង​នយោបាយ​ប្រឆាំង​កម្ពុជា​។ អ្វីដែល​សំខាន់​គឺ​បែរខ្នង​ដាក់​ប្រជាជន​កម្ពុជា​ដែល​រស់រានមានជីវិត​ក្រោយ​សង្គ្រាម និង​កំពុង​ប្រឈម​ទុក្ខលំបាក​វេទនា និង​ត្រូវការ​ជំនួយ​ឬ​ការយកចិត្តទុកដាក់​នោះ​។ 
 
«​ភាពអាម៉ាស់នេះហើយ​ជា​ចំណុច​លើកទឹកចិត្ត​ដ៏​ចម្បង​មួយ​ឲ្យ​ខ្ញុំ​បន្ត​កិច្ចការងារ​នានា​នៅ​កម្ពុជា​ក្នុង​រយៈពេល ៣០​ឆ្នាំ​មកនេះ​។ ខ្ញុំ​មិនអាច​ទទួលយក​បានទេ ដែល​យើង​ដាក់ទោស​ទណ្ឌ​ក្រុម​ណាមួយ​ដោយ​យក​ហេតុផល​ក្លែង​ក្លាយជា​សម្អាង​នោះ​»​។ លោក Marc Jennar និយាយ​ដូច្នេះ​។​
 
​ខណៈ​កត់សម្គាល់​ពី​ក្តី​លំបាក និង​ភាពឈឺចាប់​របស់​ប្រជាជន​កម្ពុជា អ្នកជំនាញ​រូបនេះ​បាន​កោតសរសើរ​ប្រជាជន​កម្ពុជា​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​រស់​និង​កសាង​ប្រទេស​ឡើងវិញ ខណៈដែល​ជំនួយ​ដែល​កម្ពុជា​បានទទួល​ពី​ប្លុក​សង្គមនិយម​ក្នុង​ជំនាន់​នោះ​មាន​កម្រិត​តិចតួច​ប៉ុណ្ណោះ ហើយ​លោកខាងលិច​ដាក់​គំនាប​ទៀត​។​
 
«​ស្ថិត​ក្នុងសម័យ​សង្គ្រាម​ត្រជាក់​ផង ហើយ​ជំនួយ​ដែល​បាន​ពី​ប្រទេស​សង្គមនិយម​មាន​តិចតួច​ទៀត ប៉ុន្តែ​ខ្ញុំ​ពិតជា​រំភើប​នឹង​សេចក្តី​ប្រឹងប្រែង​របស់​ប្រជាជន​កម្ពុជា​ដែល​នៅ​សេសសល់​ក្រោយ​សម័យ​ខ្មែរក្រហម ដើម្បី​កសាង​ប្រទេសជាតិ​»​។ លោក Marc Jennar បាន​រៀបរាប់​បែបនេះ​។ 
 
​លោក​ក៏បាន​បកស្រាយ​ដែរ​ថា អ្វីដែល​លោក​ព្យាយាម​តស៊ូ​មតិ​ពេលនោះ​គឺ ធ្វើយ៉ាងណា​ឲ្យ​មានការ​យកចិត្តទុកដាក់​លើ​ប្រជាជន​កម្ពុជា​ដែល​កំពុង​ដង្ហោយ​រក​ជំនួយ តាមរយៈ​ការបញ្ចប់​ការដាក់ទណ្ឌកម្ម​ប្រឆាំង​កម្ពុជា​។​
 
«​អ្វីដែល​ខ្ញុំ​ចង់បាន​នោះ​មិនមែន​ការទទួលស្គាល់​របប​ដឹកនាំ​ក្រុងភ្នំពេញ​ពេល​នោះទេ ប៉ុន្តែ​គឺ​ការដក​ការហ៊ុមព័ទ្ធ​ប្រឆាំង​កម្ពុជា និង​ប្រជាជន​គេ​ប៉ុណ្ណោះ​»​។ 
 
​សម្តេច ហ៊ុន សែន ជា​មេដឹកនាំ​ប្រាកដនិយម និង​មាន​របៀប​ដឹកនាំ​ពិតប្រាកដ​មួយ​
 
​រឿង​មួយទៀត​ដែល លោក Marc Jennar ចាត់ទុកជា​មេរៀន​ក្នុង​ដំណើរ​មកកាន់​កម្ពុជា​ជា​លើកដំបូង​គឺ ជំនួប​ផ្ទាល់ និង​ការសន្ទនា​រវាង​លោក​ជាមួយ​សម្តេច ហ៊ុន សែន ថ្ងៃ ១៩ ខែមេសា ឆ្នាំ ១៩៨៩​។ លោក​បាន​រៀបរាប់ថា អ្វីដែល​ដែល​ធ្វើ​ឲ្យ​លោក រំភើប​នោះ និង​ខុសពី​ការគិត​របស់លោក​នោះ​គឺ នាយករដ្ឋមន្ត្រី​កម្ពុជា ជា​មេដឹកនាំ​ដែល​ធ្វើ​ការងារ​ផ្អែកលើ​ភាព​ពិត​ជាក់ស្តែង ឬ​ជា​អ្នក​ប្រាកដនិយម (pragmatist)​។  
 
​លោក​ពន្យល់ថា ក្នុងសម័យ​សង្គ្រាមត្រជាក់​នោះ សម្តេច មាន​បុគ្គលិកលក្ខណៈ និង​ការគិត​ខុស​ទាំងស្រុង​ពី​មេដឹកនាំ​នៃ​របប​សង្គមនិយម​ឯទៀត​នៅ​ប្រទេស​អឺរ៉ុប​ខាងកើត​ដែល​លោក​ធ្លាប់​ដឹង​ពេលនោះ​។ ជាក់ស្ដែង​តាមរយៈ​កិច្ចសន្ទនា​នោះ សម្តេច​បាន​ប្រា​ប់លោក​ច្បាស់​ថា ប្រព័ន្ធ​សេដ្ឋកិច្ច​សង្គមនិយម​មិន​ជោគជ័យ​ឡើយ ហើយ​កម្ពុជា​ត្រូវការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​សេដ្ឋកិច្ច​នេះ​។ 
 
«​យើង​បាន​ជជែក​ពី​បញ្ហា​ស្ថានភាព​យោធា និង​បញ្ហា​សេដ្ឋកិច្ច​ពេលនោះ​អស់ ២​ម៉ោង​កន្លះ​។ គាត់ [​សម្តេច​] ប្រាប់​ខ្ញុំ​ច្បាស់​ថា សេដ្ឋកិច្ច​ផែនការ​មិន​ដើរ​ទេ ហើយក៏​សន្យាថា​នឹង​ប្តូ​រដែរ​។ ប៉ុន្តែ​ខ្ញុំ​មិនបាន​ចាប់អារម្មណ៍​នឹង​សម្តី​នោះទេ​»​។ 
 
«​វា​គួរ​ឲ្យ​ភ្ញាក់ផ្អើល  ប៉ុន្មាន​ខែក្រោយ​ពេលដែល​ខ្ញុំ​ចាក​ចេញពី​ប្រទេស​កម្ពុជា រដ្ឋាភិបាល​បានសម្រេច​ប្តូរ​រដ្ឋធម្មនុញ្ញ​ដោយ​កែប្រែ​ឈ្មោះ​ប្រទេស​ទៅ «​រដ្ឋ​កម្ពុជា​» និង​បានសម្រេច​ប្តូរ​របប​សេដ្ឋកិច្ច​ទៅ​ទីផ្សារសេរី និង​សេដ្ឋកិច្ច​ចម្រុះ​ដែរ​»​។ លោក Marc Jennar និយាយ​ដូច្នេះ​ពេល​ព្យាយាម​ពន្យល់ថា សម្តេច ជា​មេដឹកនាំ​ប្រាកដនិយម​។ 
 
​ពេល​ចោទ​សួរថា តើ​សម្តេច ហ៊ុន សែន​ជា បុរស​ខ្លាំង​ដូចដែល​គេ​ហៅ​ឬ​យ៉ាងណា​?  លោក Marc Jennar បាន​ឆ្លើយតប​ឥតមាន​បង្អង់​ដោយ​បដិសេធ​ការប្រើ​ពាក្យ បុរស​ខ្លាំង​ផ្តាច់ការ ដើម្បី​ពិពណ៌នា​ពី​ការដឹកនាំ​និង​បុគ្គលិកលក្ខណៈ​របស់​សម្តេច​។ 
 
​ផ្ទុយទៅវិញ អ្នកវិទ្យាសាស្ត្រ​នយោបាយ​រូបនេះ​បាន​និយាយថា សម្តេច ហ៊ុន សែន ជា​មនុស្ស​មានការ​គិត​បើកចំហរ  មាន​សមត្ថភាព​ក្នុងការ​រក្សា​ឯកភាព​ក្នុង​បក្ស​គណបក្ស​ប្រជាជន និង​ជា​អ្នក​ប្រាកដនិយម​ផង​។ អ្វីដែល​សំខាន់ លោក​មាន​របៀប​ដឹកនាំ​ពិតប្រាកដ​។ 
 
​លោក Marc Jennar បញ្ជាក់​ដូច្នេះ​៖ «​គាត់​និយាយ​ខ្លាំង ប៉ុន្តែ​ខ្ញុំ​មិន​គិតថា​រឿង​និ​យោ​បាយ​គាត់​ជា​បុរស​ខ្លាំង​ទេ​។ រឿង​សំខាន់​មួយ​ដែល​ខ្ញុំ​ចង់​លើកឡើង​គឺ ភាពខ្លាំង​របស់គាត់​។ នោះ​គឺ ឥរិយាបថ​នយោបាយ ដែលជា​សមត្ថភាព​ក្នុងការ​រក្សា​ឯកភាព​រវាង​ក្រុម​នយោបាយ​ក្នុង​គណបក្ស​ប្រជាជន​។ អំណាច​គឺ​ចេញមុខ​ពី​ភាពប្រាកដនិយម និង​សមត្ថភាព​បង្រួបបង្រួម​បក្ស​នេះឯង​»​។ 
 
«​ដោយសារ​ខ្ញុំ​ជា​អ្នកវិភាគ​នយោ​បាយ ខ្ញុំ​យល់ថា មនុស្ស​គឺ​ស្មុគស្មាញ​។  ប៉ុន្តែ​ខ្ញុំ​មិនដែល​ចូលចិត្ត​ការប្រើប្រាស់ ពាក្យ​បុរស​ខ្លាំង នេះ​ទេ ខ្ញុំ​ស្គាល់​គាត់​ច្បាស់​ជា​លក្ខណៈ​បុគ្គល​។ គាត់​ជា​មេដឹកនាំ​មានការ​ដឹកនាំ​ពិតប្រាកដ ហើយ​វា​ជា​រឿង​កម្រ​ក្នុងការ​ដឹកនាំ​។ អ្នកនយោបាយ​ភាគច្រើន​គិត​រយៈពេល​ខ្លី ប៉ុន្តែ​គាត់​គិតពី​រយៈពេល​មធ្យម និង​រយៈពេល​វែង​»​។ 
 
​ដោយ​បដិសេធ​ការប្រើ​ពាក្យ «​បុរស​ខ្លាំង​» ​ទីប្រឹក្សា​រដ្ឋាភិបាល​រូបនេះ​ក៏បាន​បង្ហើប​ដែរ​ថា កន្លងមក​ក្នុង​សៀវភៅ​របស់លោក​ស្តីពី «​តើ​សម្តេច ហ៊ុនសែន​ជា​អ្នកណា​?» លោក​ក៏បាន​រក​ពាក្យ​ខ្លី​មួយ​ដើម្បី​ពិពណ៌នា​ពីស​ម្តេច​ដែរ​។​
 
«​ខ្ញុំ​ប្រើប្រាស់​ពាក្យ​ថា «​ជា​កូនប្រុស​ដ៏​ល្អ​បំផុត​មួយ​របស់​សម្តេច​បរម​រតន​កោដ្ឋ នរោត្តម សីហនុ​»​ដើម្បី​ពិពណ៌នា​ពីស​ម្តេច ហ៊ុន សែន ក្នុង​គោលដៅ​ប្រៀបធៀប​របៀបរបប​នៃ​ការដឹកនាំ​។ ប៉ុន្តែ​ទាំង​សម្តេច ហ៊ុន សែន​និង​សម្តេច សីហនុ មិន​ពេញចិត្ត​ឡើយ​ចំពោះ​អ្វីដែល​ខ្ញុំ​និយាយ​»៕
 

Tag:
 Raoul Marc Jennar
  សម្តេច ហ៊ុន សែន​
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com