ONE Championship
កីឡាជាតិ
ជាតិ
ហ៊ុន ច័ន្ទ​រាជ្យ រៀបរាប់​ពី​អាជីព សុខ ធី ក្រោយ​ជួប​រឿងប្រេះឆា​ជាមួយ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​
11, Apr 2019 , 9:59 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
​លោក ហ៊ុន ច័ន្ទ​រាជ្យ គ្រូបង្វឹក​គុន​ចម្រុះ​ក្លិប Cambodian Top Team និយាយថា​អ្នក​ប្រដាល់ សុខ ធី ហៅ កា​កា នៅតែមាន​ទីផ្សារ​ប្រដាល់​តាម​ប៉ុស្តិ៍​នានា​នៅ​ថៃ រួមទាំង​លើស​ង្វៀន​កម្រិត​ពិភពលោក One Championship បើ​ទោះ​រូបគេ​ព្រលយ​ពាក្យ​ថា ឈប់​វាយ​នៅ​សង្វៀន​ស្រុក​ខ្មែរ​ក៏ដោយ​។ ការលើកឡើង​របស់​សុ​ខ ធី​ដូច្នេះ បន្ទាប់ពី​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ដាក់ពិន័យ​មិន​ឲ្យ​កីឡាករ​រូបនេះ​ឡើង​ប្រកួត​លើស​ង្វៀន​ក្នុងស្រុក និង អន្តរជាតិ​រយៈពេល ៦ ខែ កាល​ចុងខែ​ធ្នូ ឆ្នាំ​២០១៨​។​

 
​លោក ហ៊ុន ច័ន្ទ​រាជ្យ បាន​បញ្ចេញ​ទស្សនៈ​ថា ៖«​វា​ជា​រឿង​ធម្មតា​ទេ​ពេល សុខ ធី ព្រលយ​ថា​មិន​ប្រកួត​នៅ​ស្រុក​ខ្មែរ ក្រោយ​អន់​ចិត្តនឹង​លទ្ធផល ប៉ុន្តែ​រូបគេ​នៅតែមាន​ការផ្គូផ្គង​ឲ្យ​ប្រកួត​ជា​ហូរហែ​នៅតាម​សង្វៀន​ស្ថានីយទូរទស្សន៍​របស់​ថៃ និង​នៅ​សង្វៀន One Championship​។ ពេល​គេ​មក​ស្រុក​ខ្មែរ គេ​ហ្វឹកហាត់​នៅ​ក្លិប​ខ្ញុំ ហើយ ទៅ​ថៃ គេ​ហ្វឹកហាត់​នៅ​ថៃ​យ៉ាង​ខ្ជាប់ខ្ជួន​។ ខ្ញុំ​នៅតែ​បន្ត​ជួយ​ជ្រោមជ្រែង​ដដែល​ដើម្បី​ឲ្យ​រូបគេ​បាន​ទៅ​ប្រកួត​នៅក្រៅ​ស្រុក​»​។​
 
​យ៉ាងណាក្ដី គ្រូបង្វឹក​វ័យ ៣១ ឆ្នាំ​រូបនេះ​បញ្ជាក់ទៀតថា កីឡាករ​វ័យ ២២ ឆ្នាំ​ខាងលើ​មាន​សមត្ថភាព និង​មានបទពិសោធន៍​ច្រើន​នៅ​ប្រទេស​ថៃ​។ ហើយ​អ្នកគាំទ្រ​នៅតែ​ឃើញ​អំពី​សមត្ថភាព​របស់គេ​នៅ​ឡើង​សង្វៀន​លំដាប់​អន្តរជាតិ​។  កា​កា ឡើង​ប្រកួត​លើស​ង្វៀន​កម្រិត​អន្តរជាតិ One Championship បាន​ចំនួន ២ ដង ដែល​លើក​ទី​១ ចាញ់​កីឡាករ​ថៃ Leardsila ដោយ​ពិន្ទុ កាល​ពាក់កណ្ដាល​ឆ្នាំ ២០១៨​។ បន្ទាប់មក សង្វៀន​ដដែល​នេះ​តម្រូវ​ឲ្យ​មានការ​ប្រកួត​សងសឹក ប៉ុន្តែ កា​កា នៅតែ​ចាញ់​ពិន្ទុ លើ​កីឡាករ​ថៃ​ដដែល ក្នុងជំនួប​សងសឹក​កាល​ចុងឆ្នាំ ២០១៨​។​
 
​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​រំពឹងថា សុខ ធី នឹង​បង្ហាញមុខ​លើស​ង្វៀន One  នាពេល​ឆាប់ៗ​ខាងមុខ​។​
 
​សូម​បញ្ជ​សក់​ថា សុខ ធី ត្រូវ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ពិន័យ​រយៈពេល ៦ ខែ​កាល​ដើមខែ​ធ្នូ ឆ្នាំ ២០១៨ មិន​ឲ្យ​ឡើង​សង្វៀន​ប្រដាល់​ទាំង​ក្នុង និង ក្រៅប្រទេស ពាក់ព័ន្ធ​រឿង​ការតវ៉ា​មិន​ព្រម​ទទួលលទ្ធផល​នៃ​ការប្រកួត​កាលពីពេល​កន្លងទៅ​ទល់​នឹង​កីឡាករ​ថៃ​នៅ​សង្វៀន ស៊ី​អិន​ស៊ី ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​ដណ្ដើម​ខ្សែក្រវាត់ ISI Palm៕
 

Tag:
 ​ប្រដាល់​គុន​ខ្មែរ​
  សុខ ធី​
  ហ៊ុន ច័ន្ទ​រាជ្យ
© រក្សាសិទ្ធិដោយ thmeythmey.com