អ្នកនាំពាក្យ៖ ពលករមកពីថៃ បើបង់ប្រាក់ឲ្យមន្រ្តីព្រំដែន ហើយមានការទទួលយក គឺខុសទាំងពីរ
ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ៖ ពលករមកពីថៃ បើបង់ប្រាក់ឲ្យមន្រ្តីព្រំដែន ហើយមានការទទួលយក គឺខុសទាំងពីរ
11, Apr 2019 , 5:50 pm        
រូបភាព
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ
ភ្នំពេញ៖ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអះអាងថា បើមានករណីពលករខ្មែរមកពីប្រទេសថៃ ហើយបានឱ្យប្រាក់ទៅមន្រ្តីអន្តោប្រវេសន៍ នៅតាមព្រំដែនប៉ោយប៉ែត និងបាត់ដំបង ដើម្បីបានចេញលឿន ហើយមន្រ្តីនោះ ទទួលយក គឺខុសទាំងពីរ។ ប៉ុន្តែ លោក ចាត់ទុកថាជារឿងបុគ្គល បើព័ត៌មាននេះ គឺជាការពិត។



ក្នុងបទសម្ភាសតាមទូរសព្ទជាមួយសារព័ត៌មានថ្មីៗ នាថ្ងៃទី១១មេសា លោក ខៀវ សុភ័គ បកស្រាយថា រដ្ឋាភិបាល តែងតែណែនាំមន្រ្តីនៅច្រកព្រំដែន ឲ្យជួយសម្រួលដល់ពលករខ្មែរ ដែលធ្វើដំណើរមកស្រុកកំណើត ដោយគ្មានគោលការណ៍ណា អនុញ្ញាតឲ្យពួកគេ យកប្រាក់ពីពលករឡើយ។ លោក បញ្ជាក់យ៉ាងដូច្នេះថា «អត់មានណែនាំឲ្យស៊ីលុយអីទេ តែបើមាន គឺអ្នកឲ្យក៏ខុស ហើយអ្នកទទួលក៏ខុស»។ 

អ្នកនាំពាក្យរូបនេះ លើកឡើងថា ពេលជិតបុណ្យចូលឆ្នាំខ្មែរ ពលករដែលធ្វើការនៅប្រទេសថៃជាច្រើន បាននាំគ្នាសម្រុកមកស្រុកកំណើតវិញ ដែលបណ្តាលឱ្យមានភាពកក់ស្ទះពេញតាមច្រកព្រំដែន និងមានអ្នកខ្យល់គរជាច្រើននាពេលកំពុងតម្រង់ជួរប្រថាប់ត្រា ដោយសារតែក្តៅនិងហប់ពេក។ លោក បន្តថា ករណីមន្តី្រអន្តោប្រវេសន៍ខ្មែរ បានទារប្រាក់ពីពលករនោះ គឺមិនមានឡើយ។ 

យ៉ាងណាក៏ដោយ រយៈពេលប៉ុន្មានថ្ងៃនេះ មានការរិះគន់ថា អ្នកដែលមិនចង់រង់ចាំយូរនៅកន្លែងប្រថាប់ត្រា ត្រូវបង់ប្រាក់ពី១០០ទៅ២០០បាត ដល់មន្រ្តីនៅច្រកព្រំដែនប៉ោយប៉ែតនិងបាត់ដំបង៕ 

Tag:
 ចូលឆ្នាំ
  អន្តោប្រវេសន៍
  ពលករ
© រក្សាសិទ្ធិដោយ thmeythmey.com