ពីនេះ ពីនោះ
ពាក្យ«ហេឡូ» មិនមែនជាពាក្យខ្មែរ «ជម្រាបសួរ»,«ស្វាគមន៍»,«សួស្តី»ទើបជាពាក្យខ្មែរ រូបលោក ច័ន្ទ សំណព្វ បណ្ឌិតអក្សរសាស្ត្រខ្មែរ
×
ជាការពិតណាស់ពាក្យ «ហេឡូ» មានមនុស្សមួយចំនួនធំចូលចិត្តនិយាយពាក្យនេះណាស់ ជាពិសេសខ្មែរយើងប្រើសម្រាប់និយាយជាមួយបរទេស។ មែនទែនទៅ ពាក្យ«ហេឡូ» នេះ គឺជាពាក្យអង់គ្លេស ដែលពលរដ្ឋខ្មែរមួយចំនួនយកមកប្រើប្រាស់ក្នុងរយៈពេលជាង២០ឆ្នាំចុងក្រោយនេះ។ ចំណែកឯពាក្យ «ជម្រាបសួរ»,«ស្វាគមន៍» និង«សួស្តី»មានការនិយាយតាមបែប និងឋានានុក្រុមខុសៗគ្នា។ នេះបើតាមការបញ្ជាក់របស់សាស្ត្រាចារ្យផ្នែកអក្សរសាស្ត្រខ្មែរ លោក ច័ន្ទ សំណព្វ។
សាស្ត្រាចារ្យផ្នែកអក្សរសាស្ត្រខ្មែរ លោក ច័ន្ទ សំណព្វ បានបញ្ជាក់លម្អិតថា ពាក្យ «ហេឡូ» គឺសម្រាប់និយាយទៅកាន់អ្នកដែលមានវ័យស្របាលខ្លួន ឬសម្រាប់និយាយទៅកាន់ជនបរទេស។ ជាក់ស្តែង ពាក្យនេះ ត្រូវបានប្រើជាទម្លាប់ទៅហើយ ជាពិសេស យុវវ័យដែលប្រើប្រាស់បណ្តាញសង្គម ដូចជា ហ្វេសប៊ុក, សារឆ្លងឆ្លើយគ្នារវាងបុគ្គលនិងបុគ្គល ឬក្រុម គឺសុទ្ធតែនិយាយពាក្យ ហេឡូ ឬហាយ ស្ទើរតែទាំងអស់។ សម្រាប់លោក សំណព្វ លោកមិនលើកទឹកចិត្តឲ្យប្រើប្រាស់ពាក្យ ហេឡូ នេះទេ ព្រោះវា ជាភាសាបរទេស។
លោក ច័ន្ទ សំណព្វ បានពន្យល់យ៉ាងក្បោះក្បាយប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទអំពីការប្រើពាក្យ«ជម្រាបសួរ» នេះជាការនិយាយទៅកាន់នរណាម្នាក់ ដែលមានកាយវិការដល់ទន់ភ្លន់លើកដៃសំពេះ ដែលប្រពៃណីទំនៀមទម្លាប់មានតាំងពីយូរលង់មកហើយ។ គេប្រើពាក្យ «ជម្រាបសួរ» នេះសំដៅលើការនិយាយគួរសមទៅនរណាម្នាក់ដែលមានអាយុច្រើនជាងខ្លួន។ ឧទាហរណ៍៖ ខ្ញុំសូមជំរាបសួរពូមីងទាំងអស់។
អ្នកជំនាញផ្នែកអក្សរសាស្ត្រខ្មែរ រូបនេះបានបន្តពន្យល់ពាក្យ «សួស្តី» គឺប្រើសម្រាប់តែមនុស្សដែលមានវ័យប្រហាក់ប្រហែលគ្នា ដូចជាមិត្តភក្តិ បងប្អូនជីដូនមួយដែលមានអាយុស្រករគ្នា ជាដើម។ ឧទាហរណ៍៖ សិស្សទាំងអស់ក្រោកឈរ និងនិយាយថា ជម្រាបសួរ ដោយសំពេះលោកគ្រូអ្នកគ្រូ ដើម្បីជាការគោរពររវាងសិស្ស និងគ្រូ។ ចំណែកលោកគ្រូអ្នកគ្រូក៏ត្រូវនិយាយថា ជម្រាបសួរ ឬសួស្តីទៅកាន់កូនៗផងដែរ។
សម្រាប់ពាក្យ «ស្វាគមន៍» ត្រូវបានលោក ច័ន្ទ សំណព្វ ពន្យល់ដូច្នេះថា ជាការទទួលដ៏កក់ក្តៅរបស់អ្នកដំណើរណាម្នាក់ដែលមានដល់កន្លែងរបស់ខ្លួន។ ជាការពិតទៅពាក្យនេះ អាចប្រើបានមួយបែបទៀត គឺរីករាយដែលបានមកដល់កន្លែងយើង។
សរុបសេចក្តីមកពាក្យ «ហេឡូ»,«ជម្រាបសួរ» និង«សួស្តី»គឺសម្រាប់ប្រើនៅក្នុងន័យការផ្តើមសន្ទនាគ្នា មុខនឹងឈានដល់ការជជែកវែកញែកដេញដាលគ្នាពីធ្វីមួយ។ ចំណែកពាក្យ «ស្វាគមន៍»គឺមានន័យខុសគ្នាដាច់ស្រះ ដោយស្វាគមន៍ អាចនិយាយទៅនរណាម្នាក់ណាក៏បានដោយមិនប្រកាន់ក្មេងចាស់នោះឡើយ។ ពាក្យនេះត្រូវបានឃើញប្រើជាលក្ខណៈទទួលកិច្ចដំណើររបស់នរណាម្នាក់ដែលមកដល់។ ឧាទាហរណ៍៖ ខ្ញុំសុំស្វាគមន៍ដែលអញ្ជើញមកដល់ភោជនីយដ្ឋានរបស់យើងខ្ញុំ៕
© រក្សាសិទ្ធិដោយ thmeythmey.com