អ្នកស្រី ឋាន ករុណា ៖ អាជីវកម្ម​របស់ខ្ញុំ​កាន់តែ​រឹងមាំ ក្រោយ​បញ្ចប់​វគ្គ​សិក្សា She Growth Accelerato
ជាតិ
សេដ្ឋកិច្ច
អ្នកស្រី ឋាន ករុណា ៖ អាជីវកម្ម​របស់ខ្ញុំ​កាន់តែ​រឹងមាំ ក្រោយ​បញ្ចប់​វគ្គ​សិក្សា She Growth Accelerato
12, Apr 2019 , 8:59 am        
រូបភាព
​អ្នកស្រី ឋាន ករុណា ម្ចាស់​អាជីវកម្ម The light Sport & Decoration ជា​សហគ្រិន​ដែល​ទទួលបាន​វគ្គប​ណ្ដុះ​បណ្ដាល She Growth Accelerato បាន​និយាយថា កម្មវិធីសិក្សា​នេះ បាន​បង្រៀន​អ្នកស្រី​ជាច្រើន​ទាក់ទង​ទៅនឹង​ការគ្រប់គ្រង​អាជីវកម្ម និង​ជួយ​គាំទ្រ​ដល់​ការចុះបញ្ជី​អាជីវកម្ម​ជាដើម​។ សម្រាប់​អ្នកស្រី ក្រោយ​ទទួលបាន​វគ្គ​បណ្ដុះបណ្ដាល​នេះ អាជីវកម្ម​អ្នកស្រី​មានដំណើរ​ការល្អ នឹង​រកចំណូលបាន​ច្រើន​ទៀតផង​។

 
​ស្ថានទូត​អង់គ្លេស​បានរៀបចំ​ពិធី​អបអរ​សារ​ទរ​ដល់​សហគ្រិន​ស្ត្រី​កម្ពុជា​ចំនួន​៣០​នាក់ ក្រោយ​បញ្ចប់​វគ្គ​សិក្សារ She Growth Accelerato ដោយ​ជោគជ័យ កាលពី​ល្ងាច​ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៩ ដែលមាន​ការចូលរួម​ពី​សហគ្រិន​ស្ត្រី និង​មន្ត្រី​ទូត​ជាច្រើន​នាក់​។ She Growth Accelerato ជា​កម្មវិធីសិក្សា​ដែល​ជួយ​គាំទ្រ​ដល់​សហគ្រិន​ស្ត្រី​លើ​ការគ្រប់គ្រង​អាជីវកម្ម និង​ការចុះបញ្ជី​ពាណិជ្ជកម្ម ដែលមាន​រយៈពេល​៦​ខែ​។ 
 
​ជា​ស្ត្រី​ម្នាក់​ដែល​ទ​ទល​បានការ​បណ្ដុះបណ្ដាល​ពី​វគ្គ​សិក្សា​នេះ អ្នកស្រី ឋាន ករុណា បាន​និយាយថា ស្វាមី​អ្នកស្រី​បាន​ទុកចិត្ត​លើ​អ្នកស្រី ហើយ​បាន​សម្រេចចិត្ត​ឲ្យ​អ្នកស្រី​ជា​អ្នកគ្រប់គ្រង និង​ចាត់ចែង​ការងារ​ទាំងអស់​ក្នុង​ក្រុមហ៊ុន​។  អ្នកស្រី​និយាយថា​៖«She investments បាន​បង្រៀន​នាង​ខ្ញុំ​តាំងពី ការកត់ត្រា ការធ្វើ​បញ្ជី លក់ ទិញ និយាយ​ទៅ​សព្វគ្រប់​បែបយ៉ាង​ដូចជា​ស្ដង់ដារ​ការគ្រប់គ្រង​ក្រុមហ៊ុន​មួយ​ដ៏​ធំ ពេលដែល​យើង​បាន​រៀន​អាជីវកម្ម​ពិតជា​រីកចម្រើន​លូតលាស់​ទៅមុខ​មែន គេ​ពង្រឹងសមត្ថភាព​យើង​ច្រើន​។ តាំងពី​រៀន​មក​ចំណូល​របស់ខ្ញុំ​កើនឡើង​»​។​
 
​អ្នកស្រី​បាន​លើកទឹកចិត្ត​ដល់​សហគ្រិន​ស្ត្រី​កម្ពុជា​ទាំងអស់​ត្រូវ​ប្រឹង​លើកទឹកចិត្ត​ខ្លួនឯង​ជម្នះ​រាល់​ឧបសគ្គ និង​ប្រឹង​សិក្សា​បន្ថែម​គ្រប់ពេលវេលា​។ «​សូមកុំ​ឲ្យ​គាត់​គិតថា​បញ្ហា​ដែល​គាត់​ជួប​ជា​ឧបសគ្គ ប៉ុន្តែ​ជា​មេរៀន​ដែល​បង្រៀន​គាត​វិញ​សម្រាប​ពង្រិច​អាជីវកម្ម​»​។ នេះ​ជាការ​លើកឡើង​របស់​ម្ចាស់​អាជីវកម្ម The light Sport & Decoration​។​
 
​អ្នក​ស្ត្រី Celia Boyd នាយក​គ្រប់គ្រង She invesments បាន​លើកឡើងថា កម្មវិធី​នេះ​រៀបចំឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​សហគ្រិន​ស្ត្រី​កម្ពុជា​កំពុង​ជួបប្រទះ និង​ជំរុញ​ឲ្យ​អាជីវកម្ម​របស់​ពួកគេ​ក្លាយជា​ផ្លូវការ​តាមរយៈ​ចុះបញ្ជី​ពាណិជ្ជកម្ម ។ បច្ចុប្បន្ន​មាន​អាជីវកម្ម​ខ្នាតតូច​តិចជាង​២ ភាគរយ នៃ​អាជីវកម្ម​របស់​ស្ត្រី​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ ហើយ​៩៥ ភាគរយ​ទៀត មិនបាន​ចុះបញ្ជី​។ 
 
​អ្នក​ស្ត្រី​បន្តថា ចាប់តាំងពី​សហគ្រិន​ស្ត្រី​បានចាប់ផ្ដើម​រៀន​មក ពួកគេ​បាន​បង្កើត​ការងារ​ថ្មី​ចំនួន ១៨ បន្ថែម ហើយ​ស្ត្រី​មួយចំនួនទៀត បន្ត​គ្រប់គ្រង​អាជីវកម្ម​របស់ខ្លួន​។ 
 
​អ្នក​ស្ត្រី​និយាយថា​៖« ស្ត្រី​ភាគច្រើន​រង​សម្ពាធ​ពី​គ្រួសារ ពី​សង្គម ស្ត្រី​មិនគួរ​ចេញ​រកស៊ី គួរតែ​នៅផ្ទះ មើលថែ​កូន និង​ផ្ទះ អ្នកនឹង​មិនអាច​ក្លាយជា​មេដឹកនាំ​ទេ​។ ស្ត្រី​ជាច្រើន​មិនមាន​ភាពជឿជាក់​លើ​ខ្លួនឯង មិន​ហ៊ាន​និយាយ​ជា​សាធារណៈ​។ ខ្វះ​ចំណេះដឹង និង​មិនមាន​ជំនាញ​លើក​ការគ្រប់គ្រង​អាជីវកម្ម ដូច្នេះ​បានជា​យើង​ផ្តល់​វគ្គ​បណ្តុះបណ្ដាល​នេះ​ដល់​ពួកគេ ដើម្បី​ពង្រឹង​ទំនុកចិត្ត​របស់​ពួកគេ​ឲ្យ​មាន​ភាពជឿជាក់​លើ​ខ្លួនឯង និង​ពង្រឹង​ចំណេះដឹង​ទាក់ទង​នឹង​ការធ្វើ​អាជីវកម្ម ដូចជា​ការគ្រប់គ្រង​ថវិកា​, ការបង្កើន​បណ្ដាញ​, ការធ្វើ​ទីផ្សារ​, ការសរសេ​ផែនការ​សកម្មភាព​អាជីវកម្ម​»​។ 
 
She Growth Accelerato ជា​កម្មវិធី​របស់​ស្ថានទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា ដែល​បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១៥ ដែល​បានធ្វើការ​បណ្ដុះបណ្ដាល​ស​ហ​គ្រិន​ស្ត្រី​ជាង​២០០​នាក់​ហើយ​នៅ​បច្ចុប្បន្ននេះ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com