ជាតិ
២៥ខេត្ត/រាជធានី
ខេត្តព្រះសីហនុ រៀបចំសង្ក្រាន្តតាមឆ្នេរសមុទ្រ និងមានលេងយីកេ រៀបរាប់រឿងយាយម៉ៅ
× ភ្នំពេញ៖ អភិបាលខេត្តព្រះសីហនុ រៀបចំព្រឹត្តិការណ៍ «សង្រា្កន្តសមុទ្រ» នៅឆ្នេរឯករាជ្យ នៅថ្ងៃទី១៤-១៦ ខែមេសា។ នេះជាលើកទីមួយហើយដែលបង្កើតឲ្យមានព្រឹត្តិការណ៍ «សង្រា្កន្តសមុទ្រ» នេះឡើង ក្នុងគោលបំណងឲ្យពលរដ្ឋខ្មែរបានកម្សាន្តសប្បាយរីករាយនាពិធីបុណ្យចូលឆ្នាំខ្មែរ។ នៅក្នុងព្រឹត្តិការណ៍រយៈពេល៣ថ្ងៃនេះ ពលរដ្ឋខ្មែរទទួលបានផ្ទាំងទស្សនីយភាព ការសម្តែងល្ខោនយីកេដែលទាក់ទងនឹងប្រវត្តិយាយម៉ៅ។ នេះបើតាមការលើកឡើងរបស់លោក ចិន ច័ន្ទរតនា ប្រធានទីប្រឹក្សាគម្រោងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តសមុទ្រ។
លោក ចិន ច័ន្ទរតនា ប្រធានទីប្រឹក្សាគម្រោងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តសមុទ្រ បានប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា នៅក្នុងព្រឹត្តិការណ៍ «សង្ក្រាន្តសមុទ្រ» នេះ មានសិល្បករជាច្រើនចូលរួមសម្តែងល្ខោនយីកេ ដែលរៀបរាប់ពីប្រវត្តិលោកយាយម៉ៅ ដែលជាអ្នកមានបរមីការពារថែរក្សាទឹកដីភាគនិរតីនៃតំបន់សមុទ្រ។ ក្រៅពីនេះក៏មានកម្មវិធីសំខាន់ៗដូចជា ការតាំងពិព័រណ៍ម្ហូបអាហារ ការតាំងពិព័រណ៍ផលិតផលគ្រប់ប្រភេទ ការបង្ហោះគោម ការប្រគុំតន្ត្រី និងល្បែងកម្សាន្តនានាដែលរៀបចំនៅតាមឆ្នេរសមុទ្រឯករាជ្យផងដែរ។
បើតាមលោក ចិន ច័ន្ទរតនា ការរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តសមុទ្រ» នេះឡើង ដើម្បីជំរុញឲ្យពលរដ្ឋខ្មែរមានគំនិតចង់ទៅលេងកម្សាន្តនៅខេត្តព្រះសីហនុឲ្យកាន់តែច្រើន និងចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍ដែលមាននៅខេត្តព្រះសីហនុផងដែរ។ លោក ចិន ច័ន្ទរតនា ប្រធានទីប្រឹក្សាគម្រោងរៀបចំព្រឹត្តិការណ៍«សង្ក្រាន្តសមុទ្រ» សង្ឃឹមថាព្រឹត្តិ្កការណ៍នេះ អាចទាក់ទាញភ្ញៀវទេសចរប្រមាណជិត៣០ម៉ឺននាក់។ លោក ចិន ច័ន្ទរតនា បានបន្ថែមថា អភិបាលខេត្តព្រះសីហនុ ក៏ត្រៀមរៀបចំកងកម្លាំងសមត្ថកិច្ច សម្រាប់ការពារសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលចូលរួមក្នុងព្រឹត្តិការណ៍«សង្ក្រាន្តសមុទ្រ»នេះរួចជាស្រេចហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com