កីឡាជាតិ
ជាតិ
២៥ខេត្ត/រាជធានី
ចូលឆ្នាំ៖ ក្រុមណាហ្គាយកពេលសម្រាក មកពង្រឹងសមត្ថភាព ដើម្បីសងសឹក Tampines Rovers សកម្មភាពប្រកួតរវាងក្រុមណាហ្គាវើលជាមួយក្រុម Tampines Rovers ក្នុងជើងទី១នៅពហុកីឡដ្ឋានជាតិ, រូបភាពពីហ្វេសប៊ុកក្លិបបាល់ទាត់ណាហ្គាវើល
× ទោះបីគណៈកម្មាធិការប្រកួតបាល់ទាត់ជាតិកម្ពុជា ផ្អាកការប្រកួតក្រមខណ្ឌខេមបូឌានលីគមួយសប្តាហ៍ ដើម្បីទុកពេលឲ្យកីឡាករតាមក្លិបនីមួយៗចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ តែក្លិបណាហ្គាវើលមិនបានឈប់សម្រាកនោះទេ ព្រោះពួកគេត្រូវយកពេលវេលានេះទៅពង្រឹងសមត្ថភាពត្រៀមសងសឹក Tampines Rovers របស់សិង្ហបុរី សម្រាប់ជំនួបវគ្គជម្រុះ AFC Cup 2019។ គ្រូបង្វឹកណាហ្គាវើលជឿជាក់ថា ការប្រកួតជើងទី២នេះ នឹងទទួលបានលទ្ធផលល្អជាងជើងទី១។
លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើលបានបញ្ជាក់ថា ក្រុមលោកមិនបានឈប់សម្រាកក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនោះទេ ទោះបីគណៈកម្មាធិការប្រកួតបាល់ទាត់ជាតិកម្ពុជាផ្អាកការប្រកួតលីគមួយសប្តាហ៍ក៏ដោយ។ ណាហ្គាវើលត្រូវយកពេលវេលានេះទៅហ្វឹកហាត់ពង្រឹងសមត្ថភាព ដើម្បីត្រៀមការប្រកួតវគ្គជម្រុះ AFC Cup 2019។ តែយ៉ាងណា ណាហ្គាវើលនឹងឲ្យកីឡាករសម្រាកក្នុងថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំ ដើម្បីទៅជួបក្រុមគ្រួសារសាច់ញាតិ និងទៅវត្តជាដើម។
នៅថ្ងៃបន្ទាប់ពោលគឺថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំ ក្រុមណាហ្គាវើលត្រូវចាកចេញពីកម្ពុជាទៅកាន់ប្រទេសសិង្ហបុរី ដើម្បីសងសឹកក្រុម Tampines Rovers សម្រាប់ជំនួបវគ្គជម្រុះពូល F នៃព្រឹត្តិការណ៍ AFC Cup 2019 នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ នាកីឡដ្ឋាន Jalan Besar Stadium។ នាការប្រកួតជើងទី១ ក្រុមណាហ្គាវើលបានប្រកួតចាញ់ក្រុម Tampines Rovers ក្នុងលទ្ធផល ៥-១ នៅពហុកីឡដ្ឋានជាតិ។
គ្រូបង្វឹកកាន់សញ្ញាបត្រ A-License រូបនេះ ចាត់ទុកការមិនបានឈប់សម្រាកក្នុងថ្ងៃបុណ្យចូលឆ្នាំអាចធ្វើឲ្យមានសម្ពាធផ្លូវចិត្តខ្លះដែរ សម្រាប់កីឡាករណាហ្គាវើលមួយចំនួន។ តែលោកសន្យាថា នឹងប៉ះប៉ូវជូនកីឡាករវិញ ក្រោយចប់បេសកកម្មនៅប្រទេសសិង្ហបុរី។ ការប៉ះប៉ូវនេះ គឺការអនុញ្ញាតឲ្យកីឡាករឈប់សម្រាកនៅថ្ងៃណាមួយ ដើម្បីទៅលេងស្រុកកំណើតពេលត្រឡប់មកពីសិង្ហបុរីវិញ។
ជាមួយការអះអាងថានឹងធ្វើឲ្យបានល្អតាមតែអាចធ្វើទៅបាន លោក មាស ចាន់ណា ជឿជាក់ថា ក្រុមណាហ្គាវើលនឹងទទួលបានលទ្ធផលល្អ ជាងជំនួបជើងទី១។ កត្តាដែលធ្វើឲ្យលោក ចាន់ណា មានជំនឿចិត្តបែបនេះ គឺដោយសារក្រុមលោកបានហ្វឹកហាត់ត្រៀមបានយ៉ាងល្អ ពិសេសកីឡាករមានឆន្ទៈប្រកួតខ្ពស់ក្នុងការយកឈ្នះគូប្រកួត។ អ្វីដែលកាន់តែពិសេសនោះ គឺក្រុមណាហ្គាវើលមានទុនទំនុកចិត្ត តាមរយៈការយកឈ្នះអគ្គស្នងការនគរបាលជាតិ ៦-០ នាជំនួបសប្តាហ៍ទី៣ក្រមខណ្ឌខេមបូឌានលីគ។
«ខ្ញុំគិតថាវាមិនមែនជារឿងងាយស្រួលនោះទេ ព្រោះវាការប្រកួតក្នុងទឹកដីរបស់គេ តែខ្ញុំនឹងព្យាយាមធ្វើឲ្យបានល្អជាងមុន ព្រោះខ្ញុំសង្កេតឃើញថា ពីរប្រកួតចុងក្រោយជាមួយក្រសួងការពារជាតិ និងប៉ូលិស កីឡាករយើងធ្វើបានល្អ និងមានឆន្ទៈខ្ពស់ក្នុងការប្រកួត។ ខ្ញុំជឿជាក់ថា ការប្រកួតលើកនេះនឹងទទួលបានលទ្ធផលល្អជាងលើកមុន គឺយើងមិនបណ្តោយឲ្យគេស៊ុតរហូត៥គ្រាប់នោះទេ វាអាក្រក់មើលណាស»។ នេះជាការលើកឡើងរបស់លោក មាស ចាន់ណា។
គ្រូបង្វឹករូបនេះបន្ថែមថា លោកនឹងព្យាយាមកែប្រែប្រព័ន្ធការពារ និងបម្រើមួយចំនួនពេលប្រកួតជាមួយ Tampines Rovers ព្រោះលោកសង្កេតឃើញថា ក្រុមខ្លួននៅមានចំណុចខ្វះខាតលើប្រព័ន្ធទាំងនេះ។ លោកសង្ឃឹមថា ក្រោយការកែប្រែក្រុមលោកនឹងធ្វើបានល្អជាងមុន។ បច្ចុប្បន្នណាហ្គាវើលស្ថិតនៅលេខ៣មាន៣ពិន្ទុ ខណៈ Tampines Rovers ឈរកំពូលតារាងមាន៧ពិន្ទុ ដែលឈរពីក្រោយដោយ Hanoi FC មាន៤ពិន្ទុ៕
Tag:
AFC Cup 2019
ណាហ្គាវើល
Tampines Rovers
© រក្សាសិទ្ធិដោយ thmeythmey.com