ជាតិ
២៥ខេត្ត/រាជធានី
«សង្ក្រាន្តស្វាយរៀង» បង្ហាញពីសិល្បករខ្មែរគ្រប់ជំនាន់ រូបភាព សង្រា្កន្តស្វាយរៀង
× ភ្នំពេញ៖ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តស្វាយរៀង រៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តស្វាយរៀង» ជាលើកទី៣ ជាលក្ខណៈទ្រង់ទ្រាយធំ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា។ ក្នុងព្រឹត្តិការណ៍នេះ ពលរដ្ឋខ្មែរ អាចយល់ដឹងពីទំនៀមទម្លាប់ប្រពៃណីខ្មែរ ក៏ដូចជាបទចម្រៀង និងក្បាច់រាំបែបទសវត្ស៦០ ដែលសម្តែងដោយសិល្បករគ្រប់ជំនាន់ ដើម្បីរំលឹកដល់បុព្វបុរសខ្មែរពីសម័យមុន។
ក្នុងឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍ «សង្រា្កន្តស្វាយរៀង» ប្រារព្ធឡើងនៅទីតាំងធំ នៅរង្វង់មូលវិមានឯករាជ្យខេត្តស្វាយរៀង ដែលជាគំនិតផ្គួចផ្តើមរបស់ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ដោយសហការជាមួយរដ្ឋបាលខេត្តស្វាយរៀង។
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង លោក តូច ប៉ូលីវា បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ការរៀបចំព្រឹត្តិការណ៍នេះ ដើម្បីជាឱកាសជួបជុំយុវជន និងពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទាំងអស់ ដែលជាអ្នកនៅខេត្តស្វាយរៀង សម្រាប់មកកម្សាន្តក្នុងព្រឹត្តការណ៍នេះ។ លោក តូច ប៉ូលីវា បន្ថែមថា ក្នុងព្រឹត្តិការណ៍នេះ មានកម្មវិធីសំខាន់ៗ ដូចជា ការសម្តែងសិល្បៈបែបទសវត្ស៦០ និងមានការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ប្រគុំតន្ត្រី ការបណ្តែតគោម ការលេងល្បែងប្រជាប្រិយខ្មែរ តាំងពិព័រណ៍រូបភាពនៃសហគ្រាស រោងចក្រ ដែលបានវិនិយោគនៅខេត្តស្វាយរៀង និងការតាំងពិព័រណ៍ម្ហូបអាហារខ្មែរផងដែរ។
បើតាមលោក តូច ប៉ូលីវា ការរៀបចំព្រឹត្តិការណ៍ «ស្វាយរៀងសង្ក្រាន្ត» កន្លងទៅ គឺបានបង្ហាញពីសាមគ្គីភាពរបស់គ្រួសារខ្មែរ ដើម្បីថែរក្សាមរតកដែលជាទំនៀមទម្លាប់បែបប្រពៃណីខ្មែរ។ លោក តូច ប៉ូលីវា បញ្ជាក់ដូច្នេះថា៖«យើងចង់ឲ្យពលរដ្ឋបានឈ្វេងយល់ពីរបៀបរបបបែបប្រពៃណីខ្មែរដ៏ផូរផង់របស់យើង ទើបយើងបង្កើតឲ្យមានកម្មវិធីនេះឡើង។ ជាលទ្ធផល យើងសង្កេតឃើញថាតាមរយៈព្រឹត្តិការណ៍សង្រា្កន្តស្វាយរៀងរយៈពេល២ឆ្នាំកន្លងទៅ ពលរដ្ឋខ្មែរចេះស្រឡាញ់គ្នា ហើយយើងក៏មើលឃើញថា មានការថយចុះពីការឈ្លោះប្រកែកគ្នានាពិធីបុណ្យចូលឆ្នាំខ្មែរ»។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨ កន្លងទៅ ព្រឹត្តិការណ៍ «សង្រា្កន្តស្វាយរៀង» ដោយមានអ្នកចូលរួមប្រមាណជិត៣០ម៉ឺននាក់។ សម្រាប់ឆ្នាំនេះ ប្រធាន ស.ស.យ.ក. ខេត្តស្វាយរៀង សង្ឃឹមថា នឹងមានអ្នកចូលរួមកើនឡើងជាងឆ្នាំមុនផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com