អន្តរជាតិ
តើ​ភ្នំ​អេ​វឺ​រ៉េ​សមាន​គ្រោះថ្នាក់​ខ្លាំង​ប៉ុនណា​?
15, Apr 2019 , 12:00 pm        
រូបភាព
រូបភាព៖ Japan Times
រូបភាព៖ Japan Times
ដោយសារ​មាន​កម្ពស់​រហូត​ទៅដល់​ជិត​ប្រាំបួន​គីឡូម៉ែត្រ​ពី​កម្ពស់​ទឹកសមុទ្រ ភ្នំ​អេ​វឺ​រ៉េ​ស  (Mt. Everest) គឺ ភ្នំ​ដែល​ខ្ពស់​ជាងគេ​លើ​ភពផែនដី​។ អេ​វឺ​រ៉េ​ស​ជា​កំពូលភ្នំ​មួយ​ក្នុងចំណោម​កំពូលភ្នំ​ជាច្រើន​ដែលមាន​វត្តមាន​នៅតាម​បណ្តោយ​ជួរ​ភ្នំ​ហិមាល័យ លាតសន្ធឹង​នៅលើ​ទឹកដី​ប្រទេស​នេ​ប៉ាល់ ឥណ្ឌា និង​តំបន់​ទី​បេ ប្រទេស​ចិន​។

 
 
​កំពូលភ្នំ​នេះ​ត្រូវបាន​គេ​ដាក់ឈ្មោះ​ក្រោយ​លោក Sir George Everest ដែល​លោក​គឺជា​អ្នកស្រាវជ្រាវ​ដែនដី​ជនជាតិ​អង់គ្លេស ប្រចាំ​នៅ​ប្រទេស​ឥណ្ឌា​។ តំបន់​មួយ​នេះ បាន​ទាក់ទាញ​អ្នកក្លាហាន​ជាច្រើន ហើយ​ក៏បាន​ទាញយក​ជីវិត​អ្នកក្លាហាន​ទាំងនោះ​ជាច្រើន​ផងដែរ​។ វា​ត្រូវបាន​គេ​ចាត់ទុកថា ជា​តំបន់​មួយ​ដែលមាន​ភាពលំបាក និង​គ្រោះថ្នាក់​ខ្លាំង ទោះបី​អ្នក​ឡើង​មាន​សុខភាព​មាំមួន​ក៏ដោយ​ក្តី​។ តើ​មូល​ហេតុអ្វី​បានជា​វា​គ្រោះថ្នាក់​ម្ល៉េះ​? 
 
​ខាងក្រោម​នេះ ជាការ​បកស្រាយ​ខ្លីៗ​ទូរទស្សន៍ National Geographic ៖

•​ ​ក្នុង​ឆ្នាំ​១៩៩៩ ការស្រាវជ្រាវ​ថ្មី​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ដែល​មកពី National Geographic Society បានកំណត់​សារជាថ្មី​ថា កំពូលភ្នំ​អេ​វឺ​រ៉េ​សមាន​កម្ពស់​ទៅដល់ ៨៨៥០​ម៉ែត្រ​ពី​កម្ពស់​ទឹកសមុទ្រ​។ ទិន្នន័យ​ចាស់​បាន​បញ្ចា​ក់ថា វា​មាន​កម្ពស់​៨៨៤៨​ម៉ែត្រ​ពី​កម្ពស់​ទឹកសមុទ្រ​។ 

•​ ​ភ្នំ​មួយ​នេះ​មាន​អាយុកាល​ប្រមាណ​៦០​លាន​ឆ្នាំ​មកហើយ​។ វា​កកើត​នៅពេលដែល​ផ្លាក​តិច​តូ​និ​ច​ពី គឺ​ផ្លាក​ឥណ្ឌា និង​ផ្លាក​អាស៊ី​រំកិល​ចូលគ្នា​។ 

•​ ​ក្នុងចំណោម​អ្នក​ឡើង​៦០​នាក់ មានតែ​បួន​នាក់​ទេ​ដែល​បាន​ឡើង​ទៅដល់​កំពូល​ចុង​បំផុត ហើយ​ជាទូទៅ មាន​មនុស្ស​ពីរ​នាក់​តែង​ស្លាប់​នៅក្នុង​ដំណើរ​ផ្សេង​ព្រេង​នេះ​។ 

•​ ​នៅ​ខាងលើ សម្ពាធ​បរិ​យា​កាល​ធ្លាក់​ចុះមក​ត្រឹម​តែមួយ​ភាគបី​នៃ​សម្ពាធ​បរិ​យាស​នៅតាម​កម្ពស់​ទឹកសមុទ្រ​។ 
 
•​ ​ជាធម្មតា ការឡើង​ត្រូវ​ការចំណាយ​ប្រាក់​ជា​សរុប​ប្រមាណ​ប្រាំ​ពីរម៉ឺន​ដុល្លារ​ក្នុង​មនុស្ស​ម្នាក់​។ 

•​ ​ក្នុង​រយៈពេល​៥០​ឆ្នាំ​មកនេះ មាន​មនុស្ស​ប្រមាណ​១​ម៉ឺន​នាក់​បាន​សាកល្បង​ឡើងលើ​ភ្នំ​ អេ​វឺ​រ៉េ​ស​។ ក្នុងនោះ​មួយ​ពាន់​នាក់​បានទទួល​ជោគជ័យ​ដល់​កំពូល និង​មនុស្ស​ប្រមាណ​២៥០​នាក់​បាន​ស្លាប់​។ 
•​ ​នៅលើ​កម្ពស់​៧​ពាន់​ម៉ែត្រ អ្នក​ឡើង​ត្រូវការ​ធុង​អុកស៊ីសែន​ជាប់​ខ្លួន​ជានិច្ច​ដើម្បី​ដកដង្ហើម ដោយសារតែ​នៅ​កម្ពស់​នោះ ក​ម្រិ​ក​អុកស៊ីសែន​មិនអាច​ទ្រទ្រង់​មនុស្ស​សុខភាព​បានទេ​។​
 
•​ ​នៅ​ខែត្រជាក់ សីតុណ្ហភាព​អាច​ធ្លាក់​ដល់​ពី​៣៦​ដឺ​ក្រេ​ក្រោម​សូន្យ រហូតដល់ ៦០​ដឺ​ក្រេ​ក្រោម​សូន្យ​។ នៅ​ខែ​ក្តៅ វា​អាច​ធ្លាក់​ដល់​១៩​ដឺ​ក្រេ​ក្រោម​សូន្យ​។ 

•​ ​ជាធម្មតា អ្នក​ឡើង​ទៅដល់​កំពូល​ត្រូវការ​រយៈពេល​រហូតដល់​ពីរ​ខែ​។ 

© រក្សាសិទ្ធិដោយ thmeythmey.com