ជាតិ
២៥ខេត្ត/រាជធានី
បុណ្យ-បាប ប្រៀបដូចដើមឈើនិងបញ្ញើក្អែក
× ភ្នំពេញ៖ បុណ្យនិងបាប គឺជារឿងពីរផ្សេងគ្នា។ បុណ្យ មិនអាចលុបលាងបាបបានទេ ហើយបុណ្យក៏មិនអាចសាបសូន្យដោយសារការសាងបាបបានដែរ។ ទោះបីសាងបុណ្យប៉ុនផ្ទៃមហាសាគរក៏ដោយ ក៏អ្នកមិនអាចយកទៅលាងជម្រះបាបបានដែរ សូម្បីតែ ប៉ុនល្អងធូលី។
បុណ្យនិងបាប គឺជាសភាវពីរដាច់ដោយឡែកពីគ្នា។ បុណ្យនិងបាប មិនអាចយកមកស៊ីសងគ្នាបានទេ។ អ្នកមិនអាចធ្វើបាប ហើយក៏ត្រឡប់មកធ្វើបុណ្យ ដើម្បីលាងជម្រះបាបឡើយ។ ធ្វើអំពើអាក្រក់ ត្រូវតែទទួលផលបាប ធ្វើអំពើល្អ ត្រូវតែទទួលផលបុណ្យ។ នេះជាច្បាប់ធម្មជាតិ។
បើអ្នកសាងអំពើបាប ដូចជា កាប់បំផ្លាញព្រៃឈើ កេងប្រវ័ញ្ចសម្បត្តិជាតិ ប្រព្រឹត្តអំពើពុករលួយ ឆក់យកទ្រព្យសម្បត្តិ ផ្ទះសម្បែង ដីស្រែចម្ការ ជិះជាន់ កាប់សម្លាប់ជីវិតអ្នកដទៃ ដើម្បីផលប្រយោជន៍ខ្លួន និងផលប្រយោជន៍គ្រួសារ បក្សពួក ដូច្នេះអ្នកក៏ត្រូវតែទទួលរងនូវផលនៃអំពើបាបនេះដែរ។ អ្នកមិនអាចសាងបាបទាំងនេះហើយ រួចទៅធ្វើបុណ្យ ដើម្បីលាងបាបនោះទេ។ បើទោះបីជាអ្នកធ្វើបុណ្យកឋិន ចំណាយទ្រព្យកសាងព្រះពុទ្ធប្បដិមាគ្រប់ព្រះវិហារ ឬកសាងព្រះវិហារគ្រប់វត្តអារាមក៏ដោយ ក៏អ្នកមិនអាចយកមកដោះដូរជាមួយនឹងអំពើបាប ដែលអ្នកបានប្រព្រឹត្តដែរ។ បាបគឺបាប បុណ្យគឺបុណ្យ។ សាងបាបប៉ុនណា អ្នកត្រូវតែទទួលបាបប៉ុណ្ណឹង។ សាងបុណ្យប៉ុនណា អ្នកក៏ត្រូវតែទទួលបុណ្យប៉ុណ្ណឹងដូចគ្នាដែរ។
បុណ្យនិងបាប មានសេចក្តីប្រៀងធៀបជាច្រើន។ បុណ្យនិងបាប ប្រៀបដូចជា ដើមឈើនិងដើមបញ្ញើក្អែក។ ទោះដើមបញ្ញើក្អែក ដុះជាប់នឹងដើមឈើនោះក៏ដោយ ក៏មិនអាចក្លាយទៅជាដើមឈើបានដែរ។ ដើមឈើ នៅតែជាដើមឈើ បញ្ញើក្អែក នៅតែជាបញ្ញើក្អែក។
វល្លិ៍ ដែលដុះហ៊ុមព័ទ្ធស្ទើរពេញដើមឈើ តែវល្លិ៍ នៅតែជាវល្លិ៍ ហើយដើមឈើ នៅតែជាដើមឈើ។ វល្លិ៍មិនអាចក្លាយជាដើមឈើបានទេ ហើយដើមឈើ ក៏មិនអាចក្លាយជាវល្លិ៍បានដែរ។
បុណ្យនិងបាប ក៏អាចប្រៀបដូចជាទឹកនិងប្រេងដូច្នេះដែរ។ ទោះបីជាយកទឹកនិងប្រេង ទៅដាក់ក្នុងកែវតែមួយក៏ដោយ ក៏វត្ថុទាំងពីរនេះ មិនអាចក្លាយជាវត្ថុតែមួយដែរ។ សារធាតុទឹកនៅតែជាទឹក សារធាតុប្រេងនៅតែជាប្រេង។
ឧបមាយ៉ាងណា សេចក្តីពិតក៏ដូច្នេះដែរ។ បើអ្នកធ្វើបុណ្យ អ្នកនឹងទទួលអំពើជាកុសល តែបើអ្នកធ្វើបាប អ្នកក៏ត្រូវតែទទួលអំពើជាអកុសលដែរ។ បាប មិនអាចយកបុណ្យមកលាងជម្រះបានឡើយ ហើយបុណ្យ ដែលអ្នកបានធ្វើ ក៏មិនរលាយសាបសូន្យ ដោយសារតែអ្នកប្រព្រឹត្តអំពើបាបដែរ។ សភាវទាំងពីរនេះ ឲ្យផលពីរផ្សេងគ្នាជាដរាប។ នេះជាសច្ចធម៌៕
Tag:
ចូលឆ្នាំ
ទស្សនៈ
ធម៌
បុណ្យ
បាប
© រក្សាសិទ្ធិដោយ thmeythmey.com