ជាតិ
សង្គមជាតិ
សង្រ្កាន្តឆ្នាំថ្មី
តោះ ទៅមើល «ផ្លែស្ពឺយក្ស» នៅ «កំពង់ស្ពឺសង្ក្រាន្ត»!
× ភ្នំពេញ៖ ព្រឹត្តិការណ៍ «កំពង់ស្ពឺសង្រា្កន្ត» ដែលប្រារព្ធនៅថ្ងៃទី១៤-១៦ ខែមេសា ខាងមុខនេះ មានការតាំងបង្ហាញ «ផ្លែស្ពឺយក្ស» ដែលតំណាងឲ្យឈ្មោះខេត្តកំពង់ស្ពឺ។ ព្រឹត្តិការណ៍នេះ រៀបចំនៅទីតាំង៦កន្លែង រួមមាននៅមុខសាលាខេត្ត សួនច្បារសម្តេចព្រះសង្ឃរាជ ជួន ណាត វេទិកា អ៊ុំទូកខេត្តវត្តម្រុំខាងជើង គណបក្សខេត្ត និងនៅជិតវត្តម្រុំ។
«កំពង់ស្ពឺសង្រា្កន្ត» ត្រូវបានរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រួមទាំងអភិបាលខេត្តកំពង់ស្ពឺ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ បានប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា «កំពង់ស្ពឺសង្ក្រាន្ត» ជាព្រឹត្តិការណ៍ដែលមានលក្ខណៈទ្រង់ទ្រាយធំ ដែលបង្កើតបរិយាកាសជួបជុំសប្បាយរីករាយរបស់ពលរដ្ឋខ្មែរដែលមកកម្សាន្តនៅក្នុងព្រឹត្តិការណ៍នោះ។
នៅក្នុងព្រឹត្តិការណ៍ «កំពង់ស្ពឺសង្ក្រាន្ត» មានកម្មវិធីសំខាន់ ដូចជា ការតាំងបង្ហាញផ្លែស្ពឺយក្ស ដែលមានកម្ពស់២ម៉ែត្រកន្លះ គឺតំណាងឲ្យខេត្តកំពង់ស្ពឺ ការតាំងពិព័រណ៍រូបគំនូរដោយគូរផ្ទាល់ដៃ ដែលទាក់ទងនឹងទេសភាព និងជាសមិទ្ធផលរបស់ខេត្តកំពង់ស្ពឺ សម្រាប់ឲ្យពលរដ្ឋបានចូលថតទុកជាអនុស្សាវរីយ៍ ការប្រគុំតន្ត្រី ការលេងល្បែងប្រជាប្រិយ និងការរាំលេងសប្បាយរីករាយ។ នេះបើតាមការបញ្ជាក់របស់ សរ សុពុត្រា ដោយលោក បន្ថែមថា ឆ្នាំនេះជាឆ្នាំទី៤ហើយ ដែលស.ស.យ.កខេត្តកំពង់ស្ពឺបានរៀបចំព្រឹត្តិការណ៍នេះឡើង ដោយគ្រោងចំណាយថវិកាជាង១០០លានរៀល ដើម្បីឲ្យមានភាពអធិកអធម។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ «កំពង់ស្ពឺសង្ក្រាន្ត» កាលពីឆ្នាំ២០១៨ គឺមានការតាំងបង្ហាញផ្លែត្នោតយក្ស ដែលមានកម្ពស់២ម៉ែត្រកន្លះ ដែលបង្ហាញពីអត្តសញ្ញាណប្រទេសកម្ពុជា និងតំណាងឲ្យខេត្តកំពង់ស្ពឺដែលសម្បូរដោយដើមត្នោតជាច្រើន។ សម្រាប់ឆ្នាំនេះ លោក សរ សុពុត្រា សង្ឃឹមថានឹងមានអ្នកចូលរួមកាន់តែច្រើនជាងឆ្នាំមុនៗផងដែរ៕
Tag:
ផ្លែស្ពឺ
កំពង់ស្ពឺ
សង្រា្កន្ត
ចូលឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com