ជាតិ
សង្រ្កាន្តឆ្នាំថ្មី
សង្រា្កន្តបាទី រៀបចំនៅទីរមណីយដ្ឋាន៤ទីតាំងក្នុងខេត្តតាកែវ រូប សង្រា្កន្តបាទី ខេត្តតាកែវ
× ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ (ស.ស.យ.ក) សហការជាមួយអភិបាលខេត្តតាកែវ រៀបចំព្រឹត្តិការណ៍ «សង្រា្កន្តបាទី» លើកដំបូង នៅបរិវេណរមណីយដ្ឋានបាទី ប្រាសាទតាព្រហ្ម ប្រាសាទភ្នំដា និងប្រាសាទស្នោរ។ ព្រឹត្តិការណ៍នេះនឹងប្រារព្ធឡើងនៅថ្ងៃទី១៤-១៦ ខែមេសា។
លោក ចិន ចន្ទផានិត សមាជិកស.ស.យ.ក ខេត្តតាកែវ បានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍នេះ មានការសម្តែងចាប៉ីដងវែង ដែលជាមរតករបស់លោកតាប្រាជ្ញឈួន ដើម្បីរំលឹកកូនខ្មែរឲ្យបានចងចាំ និងថែរក្សាវប្បធម៌-ប្រពៃណីខ្មែរ។ លោក បញ្ជាក់ថា «នៅក្នុងព្រឹត្តិការណ៍នោះ ខេត្តយើងមានការប្រគុំតន្ត្រី ការតាំងពិព័រណ៍បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងការលេងល្បែងប្រជាប្រិយខ្មែរផងដែរ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរខាងមុននេះ»។
ឆ្នាំនេះជាលើកដំបូងហើយដែលខេត្តតាកែវបង្កើតព្រឹត្តិការណ៍ «សង្រា្កន្តបាទី»។ បើតាមលោក ចិន ចន្ទផានិត ព្រឹត្តិការណ៍នេះ មិនមានលក្ខណៈទ្រង់ទ្រាយធំដូចខេត្តផ្សេងៗនោះទេ ដោយសារវាជាឆ្នាំដំបូង ដូច្នេះលោកសង្ឃឹមថានៅឆ្នាំបន្តបន្ទាប់ៗទៀត ក្រុមការងារស.ស.យ.កខេត្តតាកែវ នឹងបង្កើតកម្មវិធីនេះឲ្យធំទូលំទូលាយជាងមុន៕
Tag:
សង្ក្រាន្ត
ប្រាសាទតាព្រហ្ម
ចូលឆ្នាំខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com