កីឡាជាតិ
ជាតិ
គម្រោង​ធំ​ទាំង​៥ របស់​ស​ហ័​ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា ដែល​បង្កើត​នៅ​ចុងឆ្នាំ ២០១៨
14, Apr 2019 , 9:59 am        
រូបភាព
​ដោយ​៖ ស៊ី​ធី 

​ស​ហ័​ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា (CMMAF) ត្រូវបាន​បង្កើត​ឡើងជា​ផ្លូវការ​នៅ​ខែតុលា ឆ្នាំ ២០១៨ ដែលមាន​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​អូឡាំពិក​កម្ពុជា​ជា​ប្រធាន​។ ក្នុងនោះ​លោក កែ ប៊ិន​សូរ​ស្មី ជា​អនុប្រធាន​ក្នុងចំណោម​ពីររូប​។ លោក កែ ប៊ិន​សូរ​ស្មី នឹង​ចូលខ្លួន​មក​ឆ្លើយ​សំណួរ និង បកស្រាយ​អំពី​គម្រោង​របស់ CMMAF ដូចខាងក្រោម​៖



១- បន្ទាប់ពី​បង្កើត ស​ហ័​ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា នា​ចុងឆ្នាំ ២០១៨ តើ​មាន​សមាជិក​ក្លិប​/​សមាគម​ប៉ុន្មាន​ហើយ​ដែល​បាន​ចុះឈ្មោះ​ក្រោម​ដំបូង​សហព័ន្ធ​? 
​កែ ប៊ិន​សូរ​ស្មី​៖ បច្ចុប្បន្ន​យើង​មាន ៥ ក្លិប​ដែល​បាន​ចុះឈ្មោះ​ជា​សមាជិក​ផ្លូវការ​ដូចជា​ក្លិប សិល្បៈ Cambodian Top Team, Prodal , Monster Factory និង ក្លិប​តា​ដំបង​ដែក​។ នាពេល​ខ្លី​ខាងមុខ យើង​សង្ឃឹមថា​នឹងមាន​ក្លិប​ជាច្រើន​ទៀត​បន្ត​ចុះឈ្មោះ និង ធ្វើការ​រួមគ្នា​ដើម្បី​ឲ្យ​នាំ​ឲ្យ​កីឡា​គុន​ចម្រុះ​នៅ​កម្ពុជា​កាន់តែ​ប្រសើរឡើង​។ ហើយ​យើង​ត្រូវ​បង្ហាញ​ក្បាច់គុន​នេះ​លើ​ឆាក​អន្តរជាតិ​តាមរយៈ​ទង់ជាតិ​កម្ពុជា​។ យើង​ត្រូវតែ​រួមគ្នា​ធ្វើ​ក្នុង​បំណង​បង្ហាញ​មោទនភាព​ទង់ជាតិ​កម្ពុជា​ក្នុង​កម្រិត​ពិភពលោក​។ 


 
២- តើ​លោក​យល់​យ៉ាងណា​ចំពោះ MMA ដែល​មិនសូវ​ពេញនិយម​ដូច​កីឡាប្រដាល់​ឡើយ​នៅ​កម្ពុជា​? 
​កែ ប៊ិន​សូរ​ស្មី​៖ MMA ជា​ប្រភេទ​ក្បាច់គុន​ថ្មី ឬ កីឡា​ថ្មី​នៅ​ស្រុក​ខ្មែរ ប៉ុន្តែ​ក្បាច់គុន​ចម្រុះ​នេះ​មាន​ទីផ្សារ​ធំ​ណាស់​លំដាប់​ពិភពលោក ដូចដែល​សង្វៀន One Championship បានរៀបចំ​ជាដើម​។ មិនយូរប៉ុន្មាន​យើង​នឹងធ្វើ​វា​ឲ្យ​មាន​ប្រជាប្រិយភាព​ក្រោយ​បង្កើត​សហព័ន្ធ​នេះ​។ គុន​ខ្មែរ​មាន​ភាពល្បីល្បាញ​ខណៈដែល MMA ទើប​មានឈ្មោះ​បោះ​សំឡេង​មួយរយៈ​ចុងក្រោយ​នេះ​នៅ​កម្ពុជា​។ យ៉ាងណាក្ដី​វា​កាន់​តែមាន​ប្រជាប្រិយភាព តាមរយៈ​ភាពជោគជ័យ​ថ្មីៗ​នេះ ដូចជា នៅ ស្រី​ពៅ និង ចាន់ រតនា ទទួល​ជ័យជម្នះ នៅ​សង្វៀន One Championship ជាដើម​។ នេះ​ជា​គំរូ​ដែល​ធ្វើ​កីឡា​គុន​ចម្រុះ​ល្បី​នា​ថ្ងៃ​អនាគត​ដ៏​ខ្លី​។ ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា កម្ពុ​ជាមាន​កីឡាករ​ល្អៗ និង​មាន​ទេពកោសល្យ​ជាច្រើន​នៅក្នុង​ស្រុក ហើយ នឹងធ្វើ​ឲ្យ MMA ខ្មែរ​ល្បី​ទូទាំង​សកល​។ 
 
៣- តើ CMMAF មាន​តួនាទី​សំខាន់​អ្វីខ្លះ​ក្នុង​ការជួយជ្រោមជ្រែង​ក្លិប​/​សមាគម​នៅ​កម្ពុជា​? 
​កែ ប៊ិន​សូរ​ស្មី​៖ សហព័ន្ធ​ជា​គំរូ​មួយ​សម្រាប់​ក្លិប MMA ទាំងអស់​នៅ​កម្ពុជា ហើយនឹង បង្កើត​ឲ្យ​ទំនាក់ទំនង​ទៅកាន់​សហព័ន្ធ ឬ ក្លិប​នៅក្រៅ​ប្រទេស​ទៀតផង​។  CMMAF នឹង​ចួ​ល​រួម​អភិវឌ្ឍ​ថ្នាល​យុវជន​កីឡាករ​គុន​ចម្រុះ និង ជួយ​ក្លិប​នៅក្នុង​ស្រុក​ឲ្យ​មានការ​គ្រប់គ្រង​ច្បាស់លាស់ ថែមទាំង​បណ្ដុះ​ឲ្យ​បាន​ជើង​ខ្លាំង​ជំនាន់​ថ្មី​។ យើង​ធ្វើ​ឲ្យ​មាន​លក្ខខណ្ឌ​ត្រឹមត្រូវ​សម្រាប់​កីឡាករ​របស់​យើង ដូចជា​ទទួល​ការហ្វឹកហាត់​ត្រឹមត្រូវ ទទួលបាន​ការធានារ៉ាប់រង និង ជួយ​ឲ្យ​ពួកគេ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ទៀតផង​។ យើង​មិន​ចង់​ឲ្យ​កីឡាករ​របស់​យើង​អន់ ឬ ត្រូវគេ​មើលងាយ​នៅលើ​ឆាក​អន្តរជាតិ​ទេ ប៉ុន្តែ យើង​ចង់​ឲ្យ​ខ្មែរ​ជួប​គូប្រកួត​ខ្លាំង​ក្នុង​លោក និង ទទួលបាន​ជោគជ័យ​។ ដូច្នេះ​យើង​ត្រូវ​ផ្ដល់​ឲ្យ​ពួកគេ​នូវ​លក្ខខណ្ឌ​ដើម្បី​ទទួលបាន​ជោគជ័យ​ទាំងអស់នេះ​។ 
 
៤- តើ​គម្រោង​លម្អិត​អ្វីខ្លះ​សម្រាប់ CMMAF តទៅ​ថ្ងៃ​អនាគត​? 
​កែ ប៊ិន​សូរ​ស្មី​៖ CMMAF មាន​គម្រោង​ទាំង​នៅ​ថ្នាក់ជាតិ និង អន្តរជាតិ​។ ក្នុង​កម្រិត​ថ្នាក់ជាតិ យើង​មានបំណង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​គុន​ចម្រុះ​អំឡុង​ឆ្នាំនេះ​ដែលមាន​កីឡាករ​ល្បីៗ​ច្រើន​រូប​ចូលរួម​ប្រកួត និង មាន​កីឡាករ​លំដាប់​អន្តរជាតិ​ទៀតផង​។ យើង​រំពឹងថា ព្រឹត្តិការណ៍​នេះ​នឹងត្រូវ​រៀបចំឡើង​ទៀងទាត់ អាច​ថា ២ ទៅ ៣ ដង​ក្នុង ១ ឆ្នាំ​។ ការរៀបចំ​ព្រឹត្តិការណ៍​នេះ វា​អាចជួយ​ពង្រឹងសមត្ថភាព​កីឡាករ និង អាច​រើស​បាន​កីឡាករ​ថ្មីៗ​បន្ថែមទៀត​។ ក្នុង​កម្រិត​អន្តរជាតិ គោលដៅ​របស់​យើង​គឺ បណ្ដុះបណ្ដាល​ឲ្យ​មាន​កីឡាករ​កម្ពុជា​ឆ្នើមៗ ដើម្បី​ចេញទៅ​វ៉ៃ​ក្នុង​កម្រិត​អន្តរជាតិ ហើយ One Championship ជា​គោលដៅ​ដំបូង​របស់​យើង​។ យើង​មាន​កីឡាករ​របស់​យើង​ទៅ​វ៉ៃ​នៅ One Championship ហូរហែ តែ​យើង​ចង់​ឲ្យ​ក្រុមហ៊ុន​អន្តរជាតិ​នេះ​ត្រលប់មក​រៀបចំ​នៅ​កម្ពុជា​ម្ដងទៀត​ថ្ងៃ​ណាមួយ នៅ​ភ្នំពេញ ឬ សៀមរាប​អង្គរ ដែលជា​ព្រឹត្តិការណ៍​ធំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ CMMAF រង់ចាំ​រួមចំណែក​ជួយ​គាំទ្រ​ព្រឹត្តិការណ៍​នេះ​។ 


 
៥- ក្រៅពី​សំណួរ​ខាងលើ​តើ​លោក កែ ប៊ិន​សូរ​ស្មី មានមតិ​អ្វី​បន្ថែមទៀត​? 
​កែ ប៊ិន​សូរ​ស្មី​៖ ខ្ញុំ​បានធ្វើការ​នៅ​ក្រុមហ៊ុន Anvaya រយៈពេល ៥ ឆ្នាំ​។ គោលដៅ​របស់​ក្រុមហ៊ុន​គឺ ជួយ​អ្នករស់នៅ​ក្រៅប្រទេស​មក​ជួយ​កម្ពុជា​។ ហើយ​កីឡាករ​នៅក្រៅ​ប្រទេស​ជា​ទ្រព្យ​មហាសាល​ដើម្បី​ជួយ​កម្ពុជា​។ ទោះ​ខ្ញុំ​មិនមែនជា​ប្រធាន​នៅ​ទីនោះ​ទៀត​ក៏ដោយ តែ​ខ្ញុំ​នៅតែ​ឃ្លាំមើល​ចំពោះ​កីឡាករ​នៅក្រៅ​ប្រទេស​ដើម្បី​មកលេង​ឬ ប្រកួត​តំណាង​ឲ្យ​កម្ពុជា​ដែរ​។ កន្លងទៅនេះ​នេះ​យើង​មាន អ្នកលេង​ក្បាច់គុន​ចម្រុះ​សញ្ជាតិ​ខ្មែរ​-​អូស្ត្រាលី Suasday Chau និង កូន​ខ្មែរ​អាមេរិក Sovannahry Em ក៏បាន​បង្ហាញខ្លួន​នៅ One Championship ដែរ​។ យើង​រំពឹងថា​នឹងមាន​កីឡាករ​ប្រកបដោយ​ទេពកោសល្យ និង ល្អៗ​បន្ថែមទៀត​ពី​ក្រៅប្រទេស​ដើម្បី​វ៉ៃ ឬ ប្រកួត​តំណាង​ឲ្យ​កម្ពុជា​លើ​ឆាក​អន្តរជាតិ​។ CMMAF តែងតែ​ដើរតួ​សំខាន់​ក្នុងការ​សម្របសម្រួល​នេះ​៕ 
 
 

Tag:
 គុន​ចម្រុះ​
  MMA
  វ៉ា​ត់ ចំរើន​
© រក្សាសិទ្ធិដោយ thmeythmey.com