អន្តរជាតិ
កូរ៉េខាងជើង រុះរើ​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋ ខណៈ​លោក គីម នៅតែ​ជា​ប្រមុខ​កំពូល​
12, Apr 2019 , 2:16 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ជជែកជាមួយលោក Choe Ryong-hae ប្រធានសភាថ្មី និងជាប្រមុខរដ្ឋកូរ៉េខាងជើង។ (រូបភាព AFP)
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ជជែកជាមួយលោក Choe Ryong-hae ប្រធានសភាថ្មី និងជាប្រមុខរដ្ឋកូរ៉េខាងជើង។ (រូបភាព AFP)
​នៅ​កូរ៉េខាងជើង ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋ​សំខាន់ៗ ត្រូវបាន​ផ្លាស់ប្ដូរ លើកលែងតែ​មេដឹកនាំ​កំពូល គីម ជុង​អ៊ុន ដែល​រក្សា​តំណែង​ចាស់​ដដែល​។ តំណែង​នាយករដ្ឋមន្ត្រី និង​ប្រធានសភា ដែលមាន​ភារកិច្ច​លើកមុខ​មាត់​ប្រទេស​នៅលើ​ឆាក​អន្តរជាតិ ត្រូវ​បានដាក់​មន្ត្រី​ថ្មី​វ័យក្មេង ហើយ​ស្និទ្ធ​លោក គីម ជុង​អ៊ុន ។ សភា​កូរ៉េខាងជើង នា​កិច្ចប្រជុំ​នៅ​ថ្ងៃទី​១១ ខែមេសា បានអនុម័ត​សំណើ​ដោះដូរ​នេះ ដែល​ស្នើ​ដោយ​បក្ស​ពលករ​កូរ៉េ​។

 
​សភា​ជាន់ខ្ពស់​កូរ៉េខាងជើង បាន​បើក​កិច្ចប្រជុំ​លើកដំបូង​នៃ​អាណត្តិ​ទី​១៤ របស់ខ្លួន ក្រោយ​ការបោះឆ្នោត​កាលពី​ថ្ងៃទី​១០ ខែមីនា​កន្លងមក​។ ការរុះរើ​ក្បាលម៉ាស៊ីន​ដឹកនាំ​ប្រទេស ជា​របៀបវារៈ​សំខាន់​នៃ​កិច្ចប្រជុំ​លើកដំបូង​នេះ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA នៅ​ថ្ងៃទី​១២ ខែមេសា​។​
 
​លោក គីម ជុង​អ៊ុន ត្រូវបាន​បោះឆ្នោត​ឲ្យ​បន្ត​កាន់តំណែង​ប្រធាន​គណៈកម្មការ​កិច្ចការរដ្ឋ​របស់​កូរ៉េខាងជើង​មួយ​អាណត្តិ​ទៀត​។ លោក គីម កាន់តំណែង​ប្រធាន​តាំងពី​គណៈកម្មការ​នេះ​ត្រូវបាន​បង្កើត​ក្នុង​ឆ្នាំ​២០១៦ មក​។ គណៈកម្មការ​មួយ​នេះ ជា​ស្ថាប័ន​សម្រេចចិត្ត​ខ្ពស់​ជាងគេ​បំផុត​របស់​កូរ៉េខាងជើង ហើយ​លោក គីម ប្រើប្រាស់​តំណែង​ប្រធាន​គណៈកម្មការ​នេះ ជា​ងារ​ផ្លូវការ​របស់ខ្លួន​។ KCNA ផ្សាយ​ថា ការជាប់ឆ្នោត​របស់លោក គីម ជា​ព្រឹ​ត្ត​ការណ៍​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​។​
 
​លើសពីនោះ លោក គីម ក៏​ទទួលបាន​ងារ​ថ្មី​មួយទៀត​ដែរ​។ ជា​លើកដំបូង ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងជើង​ហៅ​លោក គីម ថា តំណាង​កំពូល​នៃ​ប្រជាជន​កូរ៉េ​ទាំងអស់​។ បើ​ទីភ្នាក់ងារ​ព័ត៌មាន AP ងារ​នេះ​ត្រូវបង្កើត​ក្នុង​ក្រិ​ត្យ​ពិសេស​មួយ​ចេញ​កាលពី​ខែកុម្ភៈ ប៉ុន្តែ​ត្រូវបាន​ប្រើ​លើកទីមួយ​នៅ​ថ្ងៃទី​១២ ខែមេសា​ប៉ុណ្ណោះ​។​
 
​អ្វី​គួរកត់សម្គាល់​នោះ តំណែង​ប្រធានសភា ដែល​លោក Kim Yong-nam កាន់កាប់​តាំងពី​ឆ្នាំ​១៩៩៨ មក ត្រូវបាន​ផ្លាស់ប្ដូរ​។ លោក Choe Ryong-hae មន្ត្រី​មាន​ឥទ្ធិពល​ខ្លាំង​នៅ​កូរ៉េខាងជើង និង​ជា​អនុប្រធាន​គណៈកម្មការ​កិច្ចការរដ្ឋ​ដែរ ក្លាយជា​ប្រធានសភា​ថ្មី​។ តាម​រដ្ឋធម្មនុញ្ញ ជា​ប្រធានសភា លោក Choe ក៏​ក្លាយជា​ប្រមុខរដ្ឋ​កូរ៉េខាងជើង​ផងដែរ ដែលមាន​តួនាទី​តំណាង​កូរ៉េខាងជើង​ក្នុង​កិច្ចការ​ការទូត និង​លើ​ឆាក​អន្តរជាតិ​។​
 
​តំណែង​សំខាន់​មួយទៀត​ដែល​ត្រូវ​ដោះដូរ គឺ​នាយករដ្ឋមន្ត្រី​។ លោក Kim Jae-ryong សមាជិក​ជាន់ខ្ពស់​បក្ស​កាន់អំណាច បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី​ជំនួស​លោក Pak Pong-ju ។ លោក Pak កាន់តំណែង​នេះ​តាំងពី​ឆ្នាំ​២០១៣ មក ហើយ​ជាម​ន្ត្រី​សំខាន់​ក្នុងការ​ដឹកនាំ​ការងារ​សេដ្ឋកិច្ច​ដែល​ដាក់ចេញ​ដោយ​លោក គីម ។ លោក Pak ក៏បាន​ត្រួតពិនិត្យ​ការធ្វើកំណែទម្រង់​ទ្រង់ទ្រាយ​ធំ​ក្នុង​វិស័យសេដ្ឋកិច្ច​របស់​កូរ៉េខាងជើង ដើម្បី​ជម្នះ​ទណ្ឌកម្ម​អន្តរជាតិ​ផងដែរ​។​
 
​ការផ្លាស់ប្ដូរ​ក្បាលម៉ាស៊ីន​ពេលនេះ ធ្វើឡើង​ស្របពេល​ដែល​កូរ៉េខាងជើង​ប្រឈមមុខ​បញ្ហា​ថ្មីៗ​ជាច្រើន ស្រប​ពេលដែល​ការយកចិត្ត​ទុក​លើ​វិស័យសេដ្ឋកិច្ច​ក្នុងស្រុក​ក្លាយជា​អាទិភាព​សំខាន់​។ ការផ្លាស់ប្ដូរ​មន្ត្រី​ដែលមាន​វ័យ​ចំណាស់​ដោយ​មន្ត្រី​វ័យក្មេង​ជាង​នេះ ក៏​អាចជួយ​ដល់​ការប្រឹងប្រែង​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន ក្នុងការ​ផ្លាស់ប្ដូរ​មុខមាត់​រដ្ឋ​កុម្មុយនីស្ត​ដែល​កំពុង​ធ្វើខ្លួន​ឲ្យ​រដ្ឋ​ផ្សេង​លើ​ពិភពលោក​៕ 

Tag:
 កូរ៉េខាងជើង​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com