ជាតិ
សង្គមជាតិ
ស្លាប់​៧៣ និង​របួស​១៨៨​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ខែមេសា​
12, Apr 2019 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ ក្នុង​រយៈពេល​១១​ថ្ងៃ​ក្នុង​ខែមេសា​នេះ មាន​មនុស្ស ៧៣​នាក់​បាន​ស្លាប់ និង​១៨៨​នាក់​ទៀត បាន​រងរបួស​ធ្ងន់​-​ស្រាល​ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​នាយកដ្ឋាន​នគរ​បាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។

 
​ក្នុង​របាយការណ៍​បាន​បញ្ជាក់ថា នៅ​ថ្ងៃទី ១១​មេសា ឆ្នាំ​២០១៩ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​១០​លើក ដែល​បណ្តាលឱ្យមាន​អ្នកស្លាប់ និង​របួស​២៥​នាក់​។ តួលេខ​នេះ​មានបាន​ថយចុះ បើ​ធៀប​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី ១០​មេសា ឆ្នាំ ២០១៩ មាន​១០​នាក់​ស្លាប់ និង​២៦​នាក់​ទៀត​បាន​រងរបួស​ធ្ងន់ និង​ស្រាល​។​
 
​រាជធានី​-​ខេត្ត​ដែលមាន​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​មាន​ជនរងគ្រោះ​ស្លាប់ និង​របួស​ច្រើនជាងគេ ក្នុង​រយៈពេល ១១​ថ្ងៃ​កន្លងមកនេះ គឺ​ខេត្តកំពង់ស្ពឺ   រាជធានី​ភ្នំពេញ ខេត្តស្វាយរៀង ស្ទឹងត្រែង ព្រះសីហនុ និង​ខេត្តកណ្ដាល​។ មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ភាគច្រើន​បណ្ដាលមកពី​ការបើកបរ​លើស​ល្បឿន​កំណត់ បើក​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ មិន​គោរព​សិទ្ធិ​ជា​អាទិភាព មិន​ប្រកាន់​ស្ដាំ បត់​ខ្វះ​ការប្រុងប្រយ័ត្ន និង​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​៕ 
 

Tag:
 ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com