ជាតិ
សង្គមជាតិ
ស្លាប់៧៣ និងរបួស១៨៨នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងខែមេសា
× ភ្នំពេញ៖ ក្នុងរយៈពេល១១ថ្ងៃក្នុងខែមេសានេះ មានមនុស្ស ៧៣នាក់បានស្លាប់ និង១៨៨នាក់ទៀត បានរងរបួសធ្ងន់-ស្រាលដោយសារតែគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្នុងរបាយការណ៍បានបញ្ជាក់ថា នៅថ្ងៃទី ១១មេសា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង១០លើក ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួស២៥នាក់។ តួលេខនេះមានបានថយចុះ បើធៀបនឹងគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងកាលពីថ្ងៃទី ១០មេសា ឆ្នាំ ២០១៩ មាន១០នាក់ស្លាប់ និង២៦នាក់ទៀតបានរងរបួសធ្ងន់ និងស្រាល។
រាជធានី-ខេត្តដែលមានគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមានជនរងគ្រោះស្លាប់ និងរបួសច្រើនជាងគេ ក្នុងរយៈពេល ១១ថ្ងៃកន្លងមកនេះ គឺខេត្តកំពង់ស្ពឺ រាជធានីភ្នំពេញ ខេត្តស្វាយរៀង ស្ទឹងត្រែង ព្រះសីហនុ និងខេត្តកណ្ដាល។ មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនបណ្ដាលមកពីការបើកបរលើសល្បឿនកំណត់ បើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ មិនគោរពសិទ្ធិជាអាទិភាព មិនប្រកាន់ស្ដាំ បត់ខ្វះការប្រុងប្រយ័ត្ន និងបើកបរក្នុងស្ថានភាពស្រវឹង៕
© រក្សាសិទ្ធិដោយ thmeythmey.com