អន្តរជាតិ
រោងចក្រ​ផលិត​ថាមពល​ពី​ពន្លឺព្រះអាទិត្យ​ធំ​បំផុត​ទាំង​៥​ក្នុង​ពិភពលោក​
15, Apr 2019 , 4:00 pm        
រូបភាព
ដោយ:
ក្រោយពី​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​២០១៥​មក គេ​ឃើញ​មាន​សម្ទុះ​ខ្លាំងក្លា​នៃ​ការសាងសង់​រោងចក្រ​សូ​ឡា ខណៈ​រដ្ឋាភិបាល​នៅ​ទូទាំង​ពិភពលោក ប្រឹងប្រែង​សម្រេច​គោលដៅ​ថាមពលបៃតង​របស់​ពួកគេ និង​ដើម្បី​ចូលរួមចំណែក​កាត់បន្ថយ​ផ្សែង​ពុល​ជាស​កល ត្រឹម​ឆ្នាំ​២០២០​។ បច្ចុប្បន្ននេះ ឥណ្ឌា និង​ចិន ឈានមុខ​គេ​ក្នុង​វិស័យ​ថាមពល​សូ​ឡា ជាមួយ​គម្រោង​សូ​ឡា​ខ្នាត​យក្ស​ជាច្រើន ដែល​កំពុង​ប្រតិបត្តិការ​និង​សាងសង់​។

 

ខាងក្រោម​នេះ ជា​រោងចក្រ​ផលិត​ថាមពល​ពី​ពន្លឺព្រះអាទិត្យ​ធំ​បំផុត​ទាំង​ប្រាំ​ក្នុង​ពិភពលោក ដោយ​ផ្អែកលើ​វេ​ប​សាយ originenergy.com ៖
 
១. រោងចក្រ​ថាមពល​សូ​ឡា Noor Complex ប្រទេស ម៉ា​រ៉ុ​ក 
 
​មាន​ទីតាំង​ក្នុង​សមុទ្រ​ខ្សាច់ សាហា​រ៉ា ក្នុង​តំបន់​អាហ្វ្រិក Noor Complex គឺជា​រោងចក្រ​ថាមពល​សូឡ​ធំ​បំផុត​របស់​ពិភពលោក​។ គម្រោង​ថាមពលបៃតង​នេះ មាន​អនុភាព​៥៨០​មេ​ហ្កា​វ៉ា​ត់ និង​រំពឹងថា អាច​ផ្តល់​ថាមពល​អគ្គិសនី​សម្រាប់​មនុស្ស​១​លាន​នាក់ ត្រឹម​ឆ្នាំ​២០២០​។ ចាប់តាំងពី​រោងចក្រ​នេះ​បាន​បើក​ដំណើរការ​ក្នុង​ឆ្នាំ​២០១៦​មក គេ​សង្កេតឃើញថា ឧស្ម័ន​ពុល​របស់​ប្រទេស​នេះ ត្រូវបាន​កាត់បន្ថយ​រាប់រយ​ពាន់​តោន​ជា​រៀងរាល់ឆ្នាំ​។ 


 
២. រោងចក្រ​ថាមពល​សូ​ឡា Kamuthi ប្រទេស​ឥណ្ឌា​
 
​រោងចក្រ​ថាមពល​សូ​ឡា Kamuthi នេះ មាន​ទីតាំង​ស្ថិតក្នុង​រដ្ឋ Tamil Nadu នៃ​ប្រទេស​ឥណ្ឌា​។ គ្របដណ្តប់​ផ្ទៃដី​១០​គីឡូម៉ែត្រ​ការ៉េ រោងចក្រ​នេះ មាន​អនុភាព​៦៤៨​មេ​ហ្កា​វ៉ា​ត់​។ រោងចក្រ​នេះ បង្កើតឡើង​ដោយ​សូ​ឡា​ចំនួន​២,៥​លាន​ផ្ទាំង និង​ចំណាយ​ប្រាក់​អស់ ៦៧៩​លាន​ដុល្លារ​។ សម្រាប់​អនុភាព​ថាមពល​នេះ រោងចក្រ​ថាមពល​សូ​ឡា Kamuthi រំពឹងថា អាច​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​គ្រប់គ្រាន់​សម្រាប់​ផ្ទះ​ចំនួន ១៥​ម៉ឺន​ខ្នង​។​


 
៣. រោងចក្រ​ថាមពល​សូ​ឡា Longyangxia Dam Solar Park ប្រទេស​ចិន 
 
​លាតសន្ធឹង​លើ​ផ្ទៃដី ២៥​គីឡូម៉ែត្រ​ការ៉េ រោងចក្រ​ថាមពល​សូ​ឡា​នេះ បង្កើតឡើង​ដោយ​សូ​ឡា​ចំនួន ៤​លាន​ផ្ទាំង​។ រោងចក្រ​នេះ មាន​អនុភាព​៨៥០​មេ​ហ្កា​វ៉ា​ត់ ដែល​ត្រូវបាន​ចាត់ទុកជា រោងចក្រ​សូ​ឡា​ធំ​បំផុត​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៧​។ គម្រោង​ថាមពលបៃតង​ដ៏​ធំ​នេះ មាន​ទីតាំង​ក្នុង​ខេត្ត Qinghai ប្រទេស​ចិន ហើយ​វា​មាន​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី ២២០ ០០០ មេ​ហ្កា​វ៉ា​ត់​ម៉ោង​ក្នុង​មួយឆ្នាំ ដែល​អាច​ផ្គត់ផ្គង់​ផ្ទះ​ចំនួន​២០​ម៉ឺន​ខ្នង​។ 


 
៤. រោងចក្រ Kurnool Ultra Mega Solar Park ប្រទេស​ឥណ្ឌា​
 
​ជាមួយ​រោងចក្រ​សូ​ឡា Longyangxia Dam Solar Park ចិន​បានទទួល​ដំណែង​ជា​ប្រទេស​មាន​រោងចក្រ​ថាមពល​សូ​ឡា​ធំ​បំផុត​ក្នុង​ពិភពលោក​។ យ៉ាងណាមិញ ភ្លាមៗ​នោះ ឥណ្ឌា​បាន​ដណ្តើម​តំណែង​នេះ​វិញ ជាមួយ​ការបើក​ដំណើរការ​រោងចក្រ Kurnool Ultra Mega Solar Park ដែលមាន​អនុភាព​១០០០​មេ​ហ្កា​វ៉ា​ត់ ក្នុង​រដ្ឋ Andhra Pradesh ភាគខាងត្បូង​ប្រទេស​ឥណ្ឌា​។ 


 
​លាតសន្ធឹង​លើ​ផ្ទៃដី​២៣​គីឡូម៉ែត្រ​កា​រ៉ែ រោងចក្រ​សូ​ឡា​នេះ បាន​បើក​ប្រតិបត្តិការ​កាលពី​ខែឧសភា​ឆ្នាំ​២០១៧​។ គិត​មក​ត្រឹម​ខែតុលា ឆ្នាំ​២០១៨ រោងចក្រ​ម​នេះ​បាន​ផលិត​ថាមពល​អគ្គិសនី​រាប់លាន​វ៉ាត និង​ជួយ​កាត់បន្ថយ​ឧស្ម័ន​ពុល​ប្រមាណ ៧០​ម៉ឺន​តោន​។ 
 
៥. រោងចក្រ​ថាមពល​សូ​ឡា Shakti Sthala ប្រទេស​ឥណ្ឌា 
 
​ស្ថិតនៅក្នុង​រដ្ឋ Karnataka ភាគ​ខាង​និរតី​ប្រទេស​ឥណ្ឌា គម្រោង​ថាមពល​សូ​ឡា​នេះ នឹងធ្វើ​ឲ្យ​ឥណ្ឌា​ក្លាយជា​ប្រទេស​មាន​រោងចក្រ​សូ​ឡា​ធំ​បំផុត​លំដាប់​ទី​បី ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ​។ ជាមួយ​អនុភាព​២០០០​មេ​ហ្កា​វ៉ា​ត់ រោងចក្រ​នេះ លាតសន្ធឹង​លើ​ផ្ទៃដី ៥២,៥​គីឡូម៉ែត្រ​ការ៉េ លើ​ភូមិ​ចំនួន​៥​។ កាលណា​គម្រោង​នេះ​បញ្ចប់​រួចរាល់ រោងចក្រ​នេះ នឹងមាន​សមត្ថភាព​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ដល់​ប្រជាជន​យ៉ាងហោចណាស់​៧០​ម៉ឺន​គ្រួសារ​៕



© រក្សាសិទ្ធិដោយ thmeythmey.com