ជាតិ
២៥ខេត្ត/រាជធានី
អ្នកនឹងកើនបញ្ញា នៅពេលបានលេងល្បែងប្រជាប្រិយខ្មែរ! រូបតំណាង
× ភ្នំពេញ៖ បើមើលឱ្យមែនទែនទៅ ល្បែងប្រជាប្រិយខ្មែរបានបង្កប់នូវការពង្រឹងស្មារតី និងភាពឆ្លាតវៃ ដែលអ្នកស្ទើរតែមិនចាប់អារម្មណ៍។ ថ្ងៃនេះសារព័ត៌មានថ្មីៗ សូមលើកយកតែល្បែងប្រជាប្រិយខ្មែរមួយចំនួន និងចំណុចគួរស្វែងយល់ខ្លះៗប៉ុណ្ណោះមកបង្ហាញជូនលោកអ្នកអាន។
ល្បែងលាក់កន្សែង៖ ល្បែងនេះគេអង្គុយជារង្វង់ ដោយមានមនុស្សម្នាក់ដើរជុំវិញរង្វង់នោះ។គេនឹងលាក់កន្សែងនៅក្រោយខ្នងនរណាម្នាក់ដែលគេចង់ដាក់ឱ្យ។ អ្នកលេងល្បែងនេះត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ហើយបញ្ញាក៏ឈ្លាសដែរ បើពុំដូចនោះទេនឹងត្រូវគេវាយបានមិនខាន។
ល្បែងដណ្ដើមស្លឹកឈើ៖ ល្បែងនេះគេបែងចែកជាពីរក្រុម។ ហើយមេប្រយោគម្នាក់ជាអ្នកជ្រើសរើសថាអ្នកណាមួយជាអ្នកចូលដណ្ដើមស្លឹកឈើ។ ភ្នែកត្រូវរវៀស និងប្រើប្រាជ្ញាព្រមជាមួយយុទ្ធសាស្ត្រមើលចំណុចខ្សោយគូភាគីម្ខាងទៀត ដើម្បីអាចដណ្ដើមស្លឹកឈើបាន។
ល្បែងទាញព្រ័ត្រ៖ ជាល្បែងបង្ហាញពីសាមគ្គីភាព ហើយក៏ជាល្បែងដែលបង្វឹកមនុស្សឱ្យចេះប្រើបច្ចេកទេសកម្លាំងដែរ។
ល្បែងរាវបង្កង ឬល្បែង (អាខ្វាក់ អាខ្វិន) ៖ ល្បែងនេះគេចងភ្នែកអ្នកដែលត្រូវចាំទី ហើយអ្នកដទៃទៀតស្រែកបណ្ដាក់គ្នាដើម្បីឱ្យអ្នកចាំទីនោះទៅចាប់ពួកគេ។ ល្បែងនេះមានលក្ខណៈពិសេសត្រង់ បង្រៀនមនុស្សឱ្យចេះប្រើសមត្ថភាពត្រចៀករបស់ពួកគេ។
ល្បែងបោះអង្គញ់៖ ល្បែងនេះមានលក្ខណៈពិសេសត្រង់អ្នកលេងត្រូវមានការសមាធិខ្ពស់ និងផ្ចង់អារម្មណ៍ដើម្បីបោះតម្រង់ឱ្យចំគោលដៅ។
ល្បែងចោលឈូង៖ ល្បែងមួយប្រភេទនេះជួយឱ្យអ្នកលេងមានភាពសប្បាយរីករាយព្រោះមានទាំងការច្រៀងនិងរាំផង។ ល្បែងចោលឈូងផ្ដល់បញ្ញាឈ្លាសវៃ នៅត្រង់អ្នកលេងត្រូវប្រុងខ្លួនជានិច្ច ដើម្បីកុំឱ្យភាគីម្ខាងទៀតអាចគប់ឈូងត្រូវ។
ទាំងនេះជាចំណុចពិសេសរបស់ល្បែងប្រជាប្រិយខ្មែរ ដែលសារព័ត៌មានថ្មីៗរំលេចតែក្នុងចំនួនតិចតួចប៉ុណ្ណោះ៕
Tag:
ល្បែងប្រជាប្រិយខ្មែរ
សិល្បៈ
ចូលឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com