ជាតិ
២៥ខេត្ត/រាជធានី
អ្នកនឹង​កើន​បញ្ញា នៅពេល​បាន​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​!
15, Apr 2019 , 7:39 pm        
រូបភាព
រូបតំណាង
រូបតំណាង
​ភ្នំពេញ​៖ បើ​មើល​ឱ្យ​មែនទែនទៅ ល្បែង​ប្រជាប្រិយ​ខ្មែរ​បាន​បង្កប់​នូវ​ការពង្រឹង​ស្មារតី និង​ភាព​ឆ្លាត​វៃ ដែល​អ្នក​ស្ទើរតែ​មិន​ចាប់អារម្មណ៍​។ ថ្ងៃនេះ​សារព័ត៌មាន​ថ្មីៗ សូម​លើក​យកតែ​ល្បែង​ប្រជាប្រិយ​ខ្មែរ​មួយចំនួន និង​ចំណុច​គួរស្វែងយល់​ខ្លះៗ​ប៉ុណ្ណោះ​មក​បង្ហាញជូន​លោកអ្នក​អាន​។​

 
​ល្បែង​លាក់កន្សែង៖ ល្បែង​នេះ​គេ​អង្គុយ​ជា​រង្វង់ ដោយមាន​មនុស្ស​ម្នាក់​ដើរ​ជុំវិញ​រង្វង់​នោះ​។​គេ​នឹង​លាក់កន្សែង​នៅក្រោយ​ខ្នង​នរណាម្នាក់​ដែល​គេ​ចង់​ដាក់ឱ្យ​។ អ្នកលេង​ល្បែង​នេះ​ត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​បញ្ញា​ក៏​ឈ្លាស​ដែរ បើ​ពុំ​ដូច​នោះទេ​នឹងត្រូវ​គេ​វាយ​បាន​មិន​ខាន​។ 
 
ល្បែង​ដណ្ដើម​ស្លឹកឈើ៖ ល្បែង​នេះ​គេ​បែង​ចែកជា​ពីរ​ក្រុម​។ ហើយ​មេ​ប្រយោគ​ម្នាក់​ជា​អ្នក​ជ្រើសរើស​ថា​អ្នក​ណាមួយ​ជា​អ្នក​ចូល​ដណ្ដើម​ស្លឹកឈើ​។ ភ្នែក​ត្រូវ​រវៀស និង​ប្រើ​ប្រាជ្ញា​ព្រមជាមួយ​យុទ្ធសាស្ត្រ​មើល​ចំណុចខ្សោយ​គូភាគី​ម្ខាង​ទៀត ដើម្បី​អាច​ដណ្ដើម​ស្លឹកឈើ​បាន​។ 
 
​ល្បែង​ទាញព្រ័ត្រ៖ ជា​ល្បែង​បង្ហាញ​ពី​សាមគ្គីភាព ហើយក៏​ជា​ល្បែង​ដែល​បង្វឹក​មនុស្ស​ឱ្យ​ចេះ​ប្រើ​បច្ចេកទេស​កម្លាំង​ដែរ​។ 
 
​ល្បែង​រាវ​បង្កង ឬ​ល្បែង (​អា​ខ្វាក់ អា​ខ្វិន​) ៖ ល្បែង​នេះ​គេ​ចង​ភ្នែក​អ្នក​ដែល​ត្រូវ​ចាំទី ហើយ​អ្នក​ដទៃទៀត​ស្រែក​បណ្ដាក់​គ្នា​ដើម្បីឱ្យ​អ្នកចាំទី​នោះ​ទៅ​ចាប់​ពួកគេ​។ ល្បែង​នេះ​មាន​លក្ខណៈពិសេស​ត្រង់ បង្រៀន​មនុស្ស​ឱ្យ​ចេះ​ប្រើ​សមត្ថភាព​ត្រចៀក​របស់​ពួកគេ​។ 
 
​ល្បែង​បោះអង្គញ់៖ ល្បែង​នេះ​មាន​លក្ខណៈពិសេស​ត្រង់​អ្នកលេង​ត្រូវ​មានការ​សមាធិ​ខ្ពស់ និង​ផ្ចង់អារម្មណ៍​ដើម្បី​បោះ​តម្រង់​ឱ្យចំ​គោលដៅ​។ 
 
​ល្បែង​ចោល​ឈូង៖ ល្បែង​មួយ​ប្រភេទ​នេះ​ជួយ​ឱ្យ​អ្នកលេង​មាន​ភាពសប្បាយ​រីករាយ​ព្រោះ​មាន​ទាំង​ការ​ច្រៀង​និង​រាំ​ផង​។ ល្បែង​ចោល​ឈូង​ផ្ដល់​បញ្ញា​ឈ្លាសវៃ នៅត្រង់​អ្នកលេង​ត្រូវ​ប្រុងខ្លួន​ជានិច្ច ដើម្បី​កុំឱ្យ​ភាគី​ម្ខាង​ទៀត​អាច​គប់​ឈូង​ត្រូវ​។​

​ទាំងនេះ​ជា​ចំណុច​ពិសេស​របស់​ល្បែង​ប្រជាប្រិយ​ខ្មែរ ដែល​សារព័ត៌មាន​ថ្មីៗ​រំលេច​តែ​ក្នុង​ចំនួន​តិចតួច​ប៉ុណ្ណោះ​៕ 
 

Tag:
 ល្បែង​ប្រជាប្រិយ​ខ្មែរ​
  សិល្បៈ​
  ចូលឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com