ភ្នំពេញ៖ តំណាងផលិតកម្មសាន់ដេ ព្រមទទួលស្គាល់កំហុសខ្លួនហើយ លើករណីយកបទ «ថ្ងៃដែលអូនចុកឈាម» ទៅកាឡៃជាបទ«អូនជាអ្នកមាន សមនឹងអ្នកមានដូចគ្នា» ដែលច្រៀងដោយនាយចឹម។ តែការទទួលស្គាល់កំហុសនេះ មិនបានធ្វើឲ្យភរិយាលោក គង្គ ប៊ុនឈឿន ស្ងប់ចិត្តឡើយ។ អ្នកស្រី គាត គឹមលន នៅតែចង់ឱ្យសាន់ដេ សងជំងឺចិត្តសមរម្យណាមួយ មកម្ចាស់កម្មសិទ្ធិ។
ចាងហ្វាងផលិតកម្មសាន់ដេ បានត្រឹមបញ្ជូនតំណាងរបស់ខ្លួនទៅជួបក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី៨ខែមេសា ក្រោមហេតុផលថាខ្លួនជាប់រវល់ដឹកនាំថតកម្មវិធីចូលឆ្នាំ។ តាមរយៈកិច្ចប្រជុំរវាងក្រសួង និងតំណាងផលិតកម្មសាន់ដេនោះ នៅមិនទាន់បានលទ្ធផលចុងក្រោយឡើយ ព្រោះតំណាងផលិតកម្មមិនអាចសម្រេចចិត្តលើកិច្ចការអ្វីទាំងអស់។ លោក ស៊ឹម សត្តា ប្រធាននាយកដ្ឋានសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល បាននិយាយថា ក្រោយជជែកពិភាក្សាគ្នាខាងតំណាងផលិតកម្មសាន់ដេ បានទទួលស្គាល់កំហុសរបស់ខ្លួនហើយ ដោយគ្រាន់តែចាំថ្នាក់ដឹកនាំមកចុះហត្ថលេខាទទួលកំហុសតែប៉ុណ្ណោះ។
ទាក់ទងនឹងបទ«ថ្ងៃដែលអូនចុកឈាម»ដែលសាន់ដេកាឡៃទៅជាបទ «អូនជាអ្នកមាន សមនឹងអ្នកមានដូចគ្នា» ដែលមានភាពចម្រូងចម្រាសខ្លាំងនោះ ក្រសួងមិនឱ្យសងជំងឺចិត្ត ឬប្ដឹងផ្ដល់អ្វីឡើយ ដោយគ្រាន់តែឱ្យសាន់ដេចុះហត្ថលេខាទទួលស្គាល់កំហុសប៉ុណ្ណោះ។ នេះបើតាមលោក ស៊ឹម សត្តា ដដែល។
សូមស្ដាប់សំឡេងរបស់លោក ស៊ឹម សត្តា៖
ជាមួយគ្នានេះលោក ថៃ នរៈសត្យា អ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានស្រាយបំភ្លឺដល់សាធារណជនដែលតែងតែយល់ច្រឡំពីតួនាទីរបស់ក្រសួងថា ក្រសួងវប្បធម៌មិនមែនជាស្ថាបនច្បាប់ដូចជាក្រសួងយុត្តិធម៌នោះឡើយ។ ក្រសួងគ្រាន់តែមានតួនាទីអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ និងបណ្ដុះស្មារតីប្រជាជនឱ្យយល់ពីតម្លៃវប្បធម៌ជាតិតែប៉ុណ្ណោះ។ ក្រៅពីនោះក្រសួងក៏មានភារកិច្ចគ្រប់គ្រងបេតិកភណ្ឌវប្បធម៌សិល្បៈទាំងរូបបី អរូបី និងការថែរក្សាកម្មសិទ្ធិបញ្ញា។
សូមស្ដាប់សម្ដីរបស់លោក ថៃ នរៈសត្យាខាងក្រោម ៖
ការបកស្រាយនេះធ្វើឡើយក្រោយពីមតិមហាជនជាច្រើន បានបន្ទោសក្រសួងថាតែងតែអត់ឱន ឬអនុគ្រោះដល់បុគ្គលនិងផលិតកម្មដែលបានប្រព្រឹត្តកំហុស ដោយគ្រាន់តែហៅទៅអប់រំណែនាំ។
ជុំវិញបញ្ហាខាងលើអ្នកស្រី គាត គឹមលន ភរិយាម្ចាស់ស្នាដៃបទ ”ថ្ងៃដែលអូនចុកឈាម” អះអាងជាថ្មីថាអ្នកស្រីមិនអាចលើកលែងឱ្យសាន់ដេបានឡើយ។ អ្នកស្រី គាត គឹមលន ដែលនឹងក្លាយជាម្ចាស់កម្មសិទ្ធិលើបទ “ថ្ងៃដែលអូនចុកឈាម” នៅរង្វង់មួយខែក្រោយនោះ ចង់ឱ្យសាន់ដេផ្ដល់សំណងសមរម្យណាមួយ ដល់ម្ចាស់កម្មសិទ្ធិ ដើម្បីជាការព្រមានដល់អ្នកក្រោយ។
សូមស្ដាប់សម្ដីអ្នកស្រី គាត គឹមលន៖
ភ្ជាប់ជាមួយគ្នានេះលោក ស៊ឹម សត្តា បន្ថែមថាក្រសួងមិនអាចដាក់ពាក្យបណ្ដឹងជួសម្ចាស់កម្មសិទ្ធិបានឡើយ។ ម្ចាស់កម្មសិទ្ធិ ឬម្ចាស់ស្នាដៃ ពេលមានបញ្ហាត្រូវទៅដាក់ពាក្យបណ្ដឹងដោយខ្លួនឯង ដោយក្រសួងគ្រាន់តែអាចប្រាប់ពីលក្ខណៈផ្លូវច្បាប់ដែលបានចែងក្នុងច្បាស់កម្មសិទ្ធិបញ្ញា និងសិទ្ធិប្រហាក់ប្រហែលប៉ុណ្ណោះ។ ក្នុងករណីជនណាយកមរតកស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង ទៅប្រើប្រាស់ក្នុងន័យអាជីវកម្មដោយមិនបានសុំច្បាប់ នៅដំណាក់កាលដំបូងក្រសួងហៅមកអប់រំណែនាំ តែបើមិនរាងចាល ក្រសួងក៏និងដាក់ពាក្យបណ្ដឹងទៅតុលាការ។
សូមបញ្ជាក់ថា ក្រសួងបានរកឃើញចម្រៀង៤បទដែលសាន់ដេយកទៅធ្វើអាជីវកម្មដោយមិនបានសុំច្បាប់អនុញ្ញាត និងកែទំនុកច្រៀងដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះអ្នកនិពន្ធ។ បទទាំង៤នោះមានបទ «ថ្ងៃដែលអូនចុកឈាម» យកទៅកាឡៃជាបទ «អូនជាអ្នកមាន សមនឹងអ្នកមានដូចគ្នា» ។ បទ «ស្រឡាញ់គ្នាដល់ចាស់កាន់ឈើច្រត់» កាឡៃពីបទ «ចិត្តប្រឹងស្រឡាញ់»។ បទ«នរក១៨ជាន់» កាឡៃពីបទ «ស្ដាយចិត្តដែលខំរក្សា» និងបទ« ជើងមេឃពណ៌ខ្មៅ»កាឡៃពីបទ «ជើងមេឃពណ៌ខ្មៅ» ដោយបទនេះកែទំនុកច្រៀងខ្លះ។ បទទាំងនេះសុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
បច្ចុប្បន្នអ្នកស្រី គាត គឹមលន បានស្រាវជ្រាវឯកសារចម្រៀងចំនួន២៨បទពីទសវត្សរ៍ទី៧០ គ្រោងយកទៅសុំសិទ្ធិគ្រប់គ្រងពីក្រសួងវប្បធម៌។ ចំណែកបទចម្រៀងនៅទសវត្សរ៍ទី៨០ ជាច្រើនទៀត អ្នកស្រីកំពុងប្រមូលឯកសារបន្ថែមដើម្បីសុំសិទ្ធិ៕