ជាតិ
សាន់​ដេ​ព្រម​ទទួលស្គាល់​កំហុស​ខ្លួន តែ​ភរិយា​លោក គ​ង្គ ប៊ុន​ឈឿន ចង់​ឲ្យ​សាន់​ដេ សងជំងឺចិត្ត​សមរម្យ​
12, Apr 2019 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖ តំណាង​ផលិតកម្ម​សាន់​ដេ ព្រម​ទទួលស្គាល់​កំហុស​ខ្លួន​ហើយ លើ​ករណី​យក​បទ «​ថ្ងៃ​ដែល​អូន​ចុក​ឈាម​» ទៅ​កាឡៃ​ជា​បទ​«​អូន​ជា​អ្នកមាន សម​នឹង​អ្នកមាន​ដូចគ្នា​» ដែល​ច្រៀង​ដោយ​នាយ​ចឹ​ម​។ តែ​ការទទួលស្គាល់​កំហុស​នេះ មិនបាន​ធ្វើ​ឲ្យ​ភរិយា​លោក គ​ង្គ ប៊ុន​ឈឿន ស្ងប់ចិត្ត​ឡើយ​។ អ្នកស្រី គាត គឹម​លន នៅតែ​ចង់ឱ្យ​សាន់​ដេ សងជំងឺចិត្ត​សមរម្យ​ណាមួយ មក​ម្ចាស់​កម្មសិទ្ធិ​។​

 
​ចាងហ្វាង​ផលិតកម្ម​សាន់​ដេ បាន​ត្រឹម​បញ្ជូន​តំណាង​របស់ខ្លួន​ទៅ​ជួប​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កាលពី​ថ្ងៃទី​៨​ខែមេសា ក្រោម​ហេតុផល​ថា​ខ្លួន​ជាប់រវល់​ដឹកនាំ​ថត​កម្មវិធី​ចូលឆ្នាំ​។ តាមរយៈ​កិច្ចប្រជុំ​រវាង​ក្រសួង និង​តំណាង​ផលិតកម្ម​សាន់​ដេ​នោះ នៅ​មិនទាន់បាន​លទ្ធផល​ចុងក្រោយ​ឡើយ ព្រោះ​តំណាង​ផលិតកម្ម​មិនអាច​សម្រេចចិត្ត​លើ​កិច្ចការ​អ្វី​ទាំងអស់​។ លោក ស៊ឹម សត្តា ប្រធាន​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ​និង​សិទ្ធិ​ប្រហាក់ប្រហែល បាន​និយាយថា ក្រោយ​ជជែក​ពិភាក្សាគ្នា​ខាង​តំណាង​ផលិតកម្ម​សាន់​ដេ បានទទួល​ស្គាល់​កំហុស​របស់ខ្លួន​ហើយ ដោយ​គ្រាន់តែ​ចាំ​ថ្នាក់ដឹកនាំ​មក​ចុះហត្ថលេខា​ទទួលកំហុស​តែប៉ុណ្ណោះ​។ 
 
​ទាក់ទង​នឹង​បទ​«​ថ្ងៃ​ដែល​អូន​ចុក​ឈាម​»​ដែល​សាន់​ដេ​កាឡៃ​ទៅជា​បទ «​អូន​ជា​អ្នកមាន សម​នឹង​អ្នកមាន​ដូចគ្នា​» ដែលមាន​ភាពចម្រូងចម្រាស​ខ្លាំង​នោះ ក្រសួង​មិនឱ្យ​សងជំងឺចិត្ត ឬ​ប្ដឹងផ្ដល់​អ្វី​ឡើយ ដោយ​គ្រាន់តែ​ឱ្យ​សាន់​ដេ​ចុះហត្ថលេខា​ទទួលស្គាល់​កំ​ហុ​ស​ប៉ុណ្ណោះ​។ នេះ​បើតាម​លោក ស៊ឹម សត្តា ដដែល​។​
 
​សូម​ស្ដាប់​សំឡេង​របស់លោក ស៊ឹម សត្តា​៖



 
​ជាមួយគ្នានេះ​លោក ថៃ នរៈ​សត្យា អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ស្រាយ​បំភ្លឺ​ដល់​សាធារណជន​ដែល​តែងតែ​យល់ច្រឡំ​ពី​តួនាទី​របស់​ក្រសួង​ថា ក្រសួង​វប្បធម៌​មិនមែនជា​ស្ថាបន​ច្បាប់​ដូចជា​ក្រសួងយុត្តិធម៌​នោះឡើយ​។ ក្រសួង​គ្រាន់​តែមាន​តួនាទី​អភិរក្ស និង​អភិវឌ្ឍន៍​វប្បធម៌​ជាតិ និង​បណ្ដុះ​ស្មារតី​ប្រជាជន​ឱ្យ​យល់​ពី​តម្លៃ​វប្បធម៌​ជាតិ​តែប៉ុណ្ណោះ​។ ក្រៅពីនោះ​ក្រសួង​ក៏មាន​ភារកិច្ច​គ្រប់គ្រង​បេតិកភណ្ឌ​វប្បធម៌​សិល្បៈ​ទាំង​រូប​បី អរូបី និង​ការថែរក្សា​កម្មសិទ្ធិបញ្ញា​។​
 
​សូម​ស្ដាប់​សម្ដី​របស់លោក ថៃ នរៈ​សត្យា​ខាងក្រោម ៖



 
​ការបកស្រាយ​នេះ​ធ្វើ​ឡើយ​ក្រោយពី​មតិ​មហាជន​ជាច្រើន បាន​បន្ទោស​ក្រសួង​ថា​តែងតែ​អត់ឱន ឬ​អនុគ្រោះ​ដល់​បុគ្គល​និង​ផលិតកម្ម​ដែល​បាន​ប្រព្រឹត្ត​កំហុស ដោយ​គ្រាន់តែ​ហៅ​ទៅ​អប់រំ​ណែនាំ​។​
 
​ជុំវិញ​បញ្ហា​ខាងលើ​អ្នកស្រី គាត គឹម​លន ភរិយា​ម្ចាស់​ស្នាដៃ​បទ ”​ថ្ងៃ​ដែល​អូន​ចុក​ឈាម​” អះអាង​ជាថ្មី​ថា​អ្នកស្រី​មិនអាច​លើកលែង​ឱ្យ​សាន់​ដេ​បានឡើយ​។ អ្នកស្រី គាត គឹម​លន ដែល​នឹង​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​លើ​បទ “​ថ្ងៃ​ដែល​អូន​ចុក​ឈាម​” នៅ​រង្វង់​មួយខែ​ក្រោយ​នោះ ចង់ឱ្យ​សាន់​ដេ​ផ្ដល់​សំណង​សមរម្យ​ណាមួយ ដល់​ម្ចាស់​កម្មសិទ្ធិ ដើម្បី​ជាការ​ព្រមាន​ដល់​អ្នក​ក្រោយ​។​
 
​សូម​ស្ដាប់​សម្ដី​អ្នកស្រី គាត គឹម​លន​៖



 
​ភ្ជាប់​ជាមួយគ្នានេះ​លោក ស៊ឹម សត្តា បន្ថែមថា​ក្រសួង​មិនអាច​ដាក់ពាក្យ​បណ្ដឹងជួស​ម្ចាស់​កម្មសិទ្ធិ​បានឡើយ​។ ម្ចាស់​កម្មសិទ្ធិ ឬ​ម្ចាស់​ស្នាដៃ ពេល​មាន​បញ្ហា​ត្រូវ​ទៅ​ដាក់ពាក្យ​បណ្ដឹង​ដោយ​ខ្លួនឯង ដោយ​ក្រសួង​គ្រាន់តែ​អាច​ប្រាប់​ពី​លក្ខណៈ​ផ្លូវច្បាប់​ដែល​បានចែង​ក្នុង​ច្បាស់​កម្មសិទ្ធិបញ្ញា និង​សិទ្ធិ​ប្រហាក់ប្រហែល​ប៉ុណ្ណោះ​។ ក្នុងករណី​ជន​ណាយ​កម​រតក​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង ទៅប្រើ​ប្រាស់​ក្នុងន័យ​អាជីវកម្ម​ដោយ​មិនបាន​សុំច្បាប់ នៅ​ដំណាក់កាល​ដំបូង​ក្រសួង​ហៅ​មក​អប់រំ​ណែនាំ តែបើ​មិន​រាងចាល ក្រសួង​ក៏​និង​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ។​
 
​សូមបញ្ជាក់ថា ក្រសួង​បាន​រកឃើញ​ចម្រៀង​៤​បទ​ដែល​សាន់​ដេ​យកទៅ​ធ្វើ​អាជីវកម្ម​ដោយ​មិនបាន​សុំច្បាប់​អនុញ្ញាត និង​កែ​ទំនុកច្រៀង​ដែល​ធ្វើឱ្យប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កេរ្តិ៍ឈ្មោះ​អ្នកនិពន្ធ​។ បទ​ទាំង​៤​នោះ​មាន​បទ «​ថ្ងៃ​ដែល​អូន​ចុក​ឈាម​» យកទៅ​កាឡៃ​ជា​បទ «​អូន​ជា​អ្នកមាន សម​នឹង​អ្នកមាន​ដូចគ្នា​» ។  បទ «​ស្រឡាញ់គ្នា​ដល់​ចាស់​កាន់​ឈើច្រត់​» កាឡៃ​ពីបទ «​ចិត្ត​ប្រឹង​ស្រឡាញ់​»​។ បទ​«​នរក​១៨​ជាន់​» កាឡៃ​ពីបទ «​ស្ដាយ​ចិត្ត​ដែល​ខំ​រក្សា​» និង​បទ​« ជើងមេឃ​ពណ៌​ខ្មៅ​»​កាឡៃ​ពីបទ «​ជើងមេឃ​ពណ៌​ខ្មៅ​» ដោយ​បទ​នេះ​កែ​ទំនុកច្រៀង​ខ្លះ​។ បទ​ទាំងនេះ​សុទ្ធតែ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​។​
 
​បច្ចុប្បន្ន​អ្នកស្រី គាត គឹម​លន បាន​ស្រាវជ្រាវ​ឯកសារ​ចម្រៀង​ចំនួន​២៨​បទ​ពី​ទសវត្សរ៍​ទី​៧០ គ្រោង​យកទៅ​សុំ​សិទ្ធិ​គ្រប់គ្រង​ពី​ក្រសួង​វប្បធម៌​។ ចំណែក​បទ​ចម្រៀង​នៅ​ទសវត្សរ៍​ទី​៨០ ជាច្រើន​ទៀត អ្នកស្រី​កំពុង​ប្រមូល​ឯកសារ​បន្ថែម​ដើម្បី​សុំ​សិទ្ធិ​៕  
 

Tag:
 ក្រសួង​វប្បធម៌​
  សាន់​ដេ​
  សិល្បៈ​
  ចម្រៀង​
  តន្ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com