កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea រារាំង​អ្នកគាំទ្រ​៣​នាក់​ដែល​ប្រមាថ Salah មិន​ឲ្យ​ចូល​កីឡដ្ឋាន​ពេល​ប៉ះ Slavia Prague
12, Apr 2019 , 9:19 pm        
រូបភាព
Chelsea បាន​រារាំង​អ្នកគាំទ្រ​ខ្លួន ៣​នាក់​មិន​ឲ្យ​ចូល​កីឡដ្ឋាន​ក្នុងជំនួប​ទល់នឹង Slavia Prague ក្នុងការ​ប្រកួត Europa League ជើង​ទី​១ វគ្គ​៨​ក្រុម​ចុងក្រោយ បន្ទាប់ពី​ខ្សែ​វីដេអូ​មួយ​បាន​បង្ហាញថា​ពួកគេ​ច្រៀង​បទ​ចម្រៀង​ប្រកាន់ពូជសាសន៍​លើ Mohamed Salah ខ្សែប្រយុទ្ធ Liverpool​។​


 
​នៅក្នុង​វីដេអូ​នោះ គេ​ឃើញ​អ្នកគាំទ្រ​មួយក្រុម​បាន​ស្រែកច្រៀង​ដាក់​អតីត​ខ្សែប្រយុទ្ធ Chelsea ថា «Salah គឺជា​អ្នក​បំផ្ទុះ​គ្រាប់បែក​» ម្តង​ហើយ​ម្តងទៀត​។ ហើយ​មនុស្ស​បីនាក់​ក្នុងចំណោម​នោះ ត្រូវបាន​កំណត់​និង​រារាំង​មិន​ឲ្យ​ចូល​ទស្សនា​ក្នុងការ​ប្រកួត​ឡើយ​។​
 
​ជុំវិញ​ឥរិយាបទ​រើសអើង​ពូជសាសន៍​បែបនេះ ក្លិប​ហង្ស​ក្រហម Liverpool បាន​ហៅ​ទង្វើ​នេះ​ថា​ជា «​អំពើ​ថោកទាប​មិនដឹងខ្យល់​អ្វី និង​ជាការ​រំខាន និង​គ្រោះថ្នាក់​បំផុត​»​។​
​ក្រៅពី​អ្នក​ទាំង​៣​ខាងលើ ក្រុម​តោ​ខៀវ Chelsea ក៏​កំពុង​តាមដាន​និង​ស្វែងរក​អត្តសញ្ញាណ​អ្នកគាំទ្រ​៣​រូប​ផ្សេងទៀត​ដែល​ស្ថិត​ក្នុងចំណោម​អ្នក​ដែល​ច្រៀង​បែប​រើសអើង​ពូជសាសន៍​នោះ​ផងដែរ​។​


 
​ក្លិប Chelsea រួមជាមួយ Liverpool ដែល​កំពុងធ្វើការ​ជាមួយ​ប៉ូលិស អះអាងថា​អ្នក​ដែល​ពាក់ព័ន្ធ​ករណីនេះ​អាច​នឹងត្រូវ​ហាមឃាត់​មិន​ឲ្យ​ចូលរួម​គាំទ្រ​ក្នុង​ទីលាន​របស់​ពួកគេ​តទៅទៀត​ឡើយ​។​
 
​វីដេអូ​ដែល​បង្ហាញ​ពី​ការប្រមាទ​ដល់​ខ្សែប្រយុទ្ធ​សញ្ជាតិ​អេ​ហ្ស៊ី​ប Salah នេះ​ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​នៅ​ថ្ងៃទី​១១ ខែមេសា ពោលគឺ​នៅមុន​ការប្រកួត​របស់ Chelsea ដែល​យកឈ្នះ Slavia Prague ១-០ នៅឯ​កីឡដ្ឋាន Sinobo ក្នុង​ក្របខណ្ឌ UEFA Europa League វគ្គ​៨​ក្រុម​ចុងក្រោយ​ជើង​ទី​១៕

Tag:
 បាល់ទាត់​
  រើសអើង​ពូជសាសន៍​
  Mohamed Salah
© រក្សាសិទ្ធិដោយ thmeythmey.com