ជាតិ
សង្គមជាតិ
ខេត្តកំពង់ធំ រៀបចំ «សង្ក្រាន្តសំបូរព្រៃគុក» ដើម្បីបង្ហាញពីសម្បត្តិបេតិកភណ្ឌជាតិ រូបពីរដ្ឋបាលខេត្តកំពង់ធំ
× ភ្នំពេញ៖ អភិបាលខេត្តកំពង់ធំ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកំពង់ធំ រៀបចំព្រឹត្តិការណ៍ «សង្ក្រានសំបូរព្រៃគុក» នៅបរិវេណប្រាសាទសំបូរព្រៃគុក និងនៅទីតាំង៥កន្លែងទៀត រួមមាន ប្រាសាទយាយព័ន្ធ, តំបន់សារមន្ទីរ, ប្រាសាទជ្រៃ, ប្រាសាទសង់ព្រះ និងទីរួមខេត្ត។ ការរៀបចំ «សង្រា្កន្តសំបូរព្រៃគុក» ដើម្បីបង្ហាញពីកន្លែងប្រវតិ្ថសាស្ត្រ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់ប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះ ប្រារព្ធឡើងពីថ្ងៃទី១៤-១៦ ខែមេសា។
លោក ជា វ៉ាន់ចាន់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ បានប្រាប់សារព័ត៌មានថ្មីៗថា គោលបំណងនៃការរៀបចំព្រឹត្តិការណ៍ «សង្រា្កន្តសំបូរព្រៃគុក» គឺដើម្បីបង្ហាញពីស្មារតីការពារ និងថែរក្សាមរតកជាតិខ្មែរដែលបានបន្សល់ទុកឲ្យកូនខ្មែរបានឈ្វេងយល់កាន់តែច្បាស់ និងបានយល់ពីវប្បធម៌កាន់តែទូលំទូលាយ និងជាឱកាសជួបជុំក្រុមគ្រួសារខ្មែរបានសប្បាយរីករាយជាមួយនឹងការលេងល្បែងប្រជាប្រិយ។
ប្រធានស.ស.យ.ក. ខេត្តកំពង់ធំរូបនេះ បានបន្ថែមថា រយៈពេល៣ថ្ងៃនៃព្រឹត្តិការណ៍ «សង្ក្រាន្តសំបូរព្រៃគុក» មានការតាំងបង្ហាញសម្ភារខ្នាតធំ ដូចជា តុំយក្ស និងឈ្នក់យក្ស (ឧបករណ៍នេសាទត្រីរបស់អ្នកនេសាទនៅតាមដងស្ទឹងសែន ដែលធ្វើពីឫស្សី) ការប្រណាំងរទេះគោ ការប្រឡងប្រណាំងឡើងសសរខ្លាញ់ ការប្រគុំតន្ត្រី ការលេងល្បែងប្រជាប្រិយ និងការបាញ់កាំជ្រួចនៅពេលរាត្រី ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរផងដែរ។
ក្រៅពីនេះក៏មានការសម្តែងជាទស្សនីយភាពសិល្បៈបុរាណប្រពៃណីរបស់ជនជាតិគួយ និងមានការតាំងពិព័រណ៍ដែលជាសមិទ្ធផលរបស់ខេត្តកំពង់ធំផងដែរ។ លោក ជា វ៉ាន់ចាន់ យល់ថាប្រាសាទសំបូរព្រៃគុកជាទីតាំងត្រជាក់ត្រជុំ ដែលអាចឲ្យភ្ញៀវទេសចរអញ្ជើញទៅចូលរួមបានយ៉ាងសប្បាយរីករាយផងដែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ «សង្ក្រាន្តប្រាសាទសំបូរព្រៃគុក» បានរៀបចំអស់រយៈពេល៥ឆ្នាំមកហើយ។ កាលពីឆ្នាំ២០១៨កន្លងទៅ មានសម្ភារខ្នាតធំដែលជាអត្តសញ្ញាណរបស់ជនជាតិគួយ និងមានក្រមាយក្ស នំនាឡិខ្នាតធំ ជាដើម ដែលបានដាក់បង្ហាញនៅព្រឹត្តិការណ៍សង្ក្រាន្តសំបូរព្រៃគុក៕
Tag:
សង្រា្កន្ត
ប្រាសាទសំបូរព្រៃគុក
បេតិកភណ្ឌជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com