ជាតិ
សង្គមជាតិ
«សង្រា្កន្តខេត្តកោះកុង» ប្រារព្ធឡើងនៅថ្ងៃទី១៤-១៦ ខែមេសា រូបភាព សង្រ្កាន្តកោះកុង
× ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកោះកុង បានសហការជាមួយសាលាខេត្ត មន្ទីរអង្គភាព មន្ត្រីរាជការ និងសហគ្រិន ដើម្បីរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តកោះកុង» នៅថ្ងៃទី១៤-១៦ ខែមេសា ដែលប្រារព្ធឡើងនៅទីតាំង៣សំខាន់ៗគឺ នៅមុខសាលាខេត្ត ឆ្នេរសមុទ្របាក់ខ្លង និងទីតាំងសហគមន៍ទេសចរណ៍ពាមក្រសោប។
អ្នកស្រី ឈុន រ៉ាវុធ អភិបាលរងខេត្តកោះកុង បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តកោះកុង»ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសានេះ គឺជាពេលដែលពលរដ្ឋខ្មែរបានជួបជុំគ្នា និងជាការទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាខេត្តកោះកុងឲ្យកាន់តែច្រើន ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរបានសប្បាយរីករាយជាមួយការលេងល្បែងប្រជាប្រិយខ្មែរនៅទីតាំង៣កន្លែងខុសៗគ្នា នាពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីខ្មែរ។
អ្នកស្រី ឈុន រ៉ាវុធ បានបន្តថា សម្រាប់រយៈពេល៣ថ្ងៃនៃព្រឹត្តិការណ៍ «សង្ក្រាន្តកោះកុង» មានកម្មវិធីពិសេសៗ ដូចជា ថ្ងៃទី១ មានការប្រគុំតន្ត្រី លេងល្បែងប្រជាប្រិយនៅតារាងបាល់ទាត់ និងនៅមុខសាលាខេត្ត។ ថ្ងៃទី២ មានការប្រគុំតន្ត្រី២កន្លែងនៅមុខសាលាខេត្ត និងនៅឆ្នេរសមុទ្របាក់ខ្លង ការប្រឡងប្រណាំងបេលក (ឧបករណ៍ដាក់ត្រី និងដាក់ក្តាម)។ សម្រាប់ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «សង្ក្រាន្តកោះកុង» ក៏មានការប្រគុំតន្ត្រី មានការស្រង់ព្រះនៅមុខសាលាខេត្ត ការលេងល្បែងប្រជាប្រិយ និងការជ្រើសរើសរូបភាពល្អៗពីបេក្ខជនដែលបានដាក់ពាក្យប្រកួតថតរូបភាពដែលបង្ហាញពីសក្តានុពុលរបស់ខេត្តកោះកុង។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ «សង្រា្កន្តកោះកុង» ឆ្នាំនេះជាលើកទី២ ដែលរៀបចំជាលក្ខណៈទ្រង់ទ្រាយធំ។ សម្រាប់ឆ្នាំ២០១៨ កន្លងទៅ បានទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ទៅទស្សនាព្រឹត្តិការណ៍សង្រា្កន្តកោះកុង ជិត៤ម៉ឺននាក់។ នេះបើតាមការបញ្ជាក់ពីអ្នកស្រី ឈុន រ៉ាវុធ។
ជាមួយគ្នាផងដែរ អ្នកស្រី អំពាវនាវដល់ពលរដ្ឋខ្មែរ ឲ្យចូលរួមកម្មវិធីនេះកុំបីខាន ដើម្បីឲ្យបរិយាកាសនៃកម្មវីធីមានភាពអ៊ូអរ និងសប្បាយរីករាយជុំគ្នារវាងគ្រួសារខ្មែរ៕
Tag:
សង្ក្រាន្ត
កោះកុង
ចូលឆ្នាំខ្មែរ
ល្បែងប្រជាប្រិយ
© រក្សាសិទ្ធិដោយ thmeythmey.com