ជាតិ
សង្គមជាតិ
ល្បែង​ចាប់កូនខ្លែង បង្ហាត់​មនុស្ស​ឲ្យ​ចេះ​ការពារ​ខ្លួន​និង​គ្រួសារ​
13, Apr 2019 , 3:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ល្បែង​ចាប់កូនខ្លែង ជា​ល្បែង​មួយ ដែល​មនុស្ស​វ័យ​ជំទង់ តែង​នាំគ្នា​លេង  ក្នង​រដូវចូលឆ្នាំ​។ ល្បែង​ចាប់កូនខ្លែង មិនមែន​សម្រាប់តែ​ការចូល​ឆ្នាំ​នោះទេ តែ​ក៏​អាច​លេង​នៅពេល​ទំនេរ ពី​ការងារ​ផងដែរ​។ ការលេង​ល្បែង​នេះ អាច​បង្រៀន​មនុស្ស​ឲ្យ​ប្រុងប្រយ័ត្ន​ក្នុងការ​ការពារ​ខ្លួន​និង​ក្រុមគ្រួសារ​។


 
​ពេល​លេងល្បែង​ចាប់កូនខ្លែង គេ​តែង​ចាត់​មនុស្ស​ម្នាក់​ដែលមាន​មាឌធំ ឲ្យ​ធ្វើជា​មេហ្វូង ហៅថា​«​មេមាន់​» ហើយ​ចាត់​មនុស្ស​ច្រើន​នាក់ ឲ្យ​ធ្វើជា​កូន​មាន់​។ បន្ទាប់មក គេ​ជ្រើសរើស​មនុស្ស​ម្នាក់ទៀត ឲ្យ​ធ្វើជា​ខ្លែង ចាំ​ចាប់កូនមាន់​។ 
 
​មុននឹង​លេង ពួកគេ​នាំគ្នា​បង្កាត់ភ្លើង​ឲ្យ​បានជា​ភ្នក់​១​តូច​។ អ្នក​ដែល​ធ្វើ​មេមាន់ ត្រូវ​បញ្ជា​ឲ្យ​កូន​របស់ខ្លួន តោង​ចង្កេះ​តៗ​គ្នា​រហូតដល់​អស់ ដោយ​ឈរ​ជា​ជួរ​រួច​ដើរ ។ ជាមួយគ្នានេះ មេមាន់​ពោល​ពាក្យ​ចំអកឡកឡឺយ ទៅ​ខ្លែង​ថា​៖«​ចាប់កូនខ្លែង​ប្រលែង​កូន​អក ពពេច​ញ៉ែកញ៉ក កូន​អញ​តែមួយ​។ ជីក​អន្លុង​ដាំ​ត្រកួន ទន្សាយ​រត់​ពួន ត្រកួន​ឡើង​លាស់​។ ទៀន​១​គូ​តាំងយូ​បាំង​ព្រះ លើកដៃ​សំពះ ដូនៗ​សុំ​ភ្លើង​»​។​
 
​ចំណែកឯ អ្នក​ដែល​ធ្វើ​ខ្លែង ឈរ​ធ្វើ​ព្រងើយ​។ កាល​បានឮ​មាន់​និង​កូន​មាន់​ស្រែក​ដូច្នេះ អ្នក​ដែល​ធ្វើជា​ខ្លែង​ក៏​ដើរចូល​ទៅរក​ភ្នក់ភ្លើង ហើយ​និយាយ​សុំ​ភ្លើង​ថា «​ដូនៗ​សុំ​ភ្លើង​!»​។ ពេលនោះ មាន់​ឆ្លើយថា «​រលត់​»​។ បន្ទាប់មក ខ្លែង​ក៏​បន្តទៀតថា : «​សុំ​មួយ​អង្កត់​»​។​
 
​កាល​បានលឺ​មេមាន់​ពោលថា «​ឲ្យ​កូន​ណា​ដែល​កំបាក់​កំបែក​» ខ្លែង​ក៏​តាំង​ដេញចាប់​បេះយក​កូន ណា​ដែល​នៅក្រោយ​គេ​។ រីឯ មេមាន់​ខំ​ការពារ​កូន​របស់ខ្លួន កុំ​ឲ្យ​ខ្លែង​បេះយក​បាន ហើយ​កូន​មាន់ ក៏​ខំប្រឹង​តោង​ចង្កេះ​គ្នា​យ៉ាង​ជាប់ រត់​ពេន​ចុះ​ពេន​ឡើង ខ្លាច​ខ្លែង​ចាប់​បេះយក​ខ្លួន​ម្នាក់ៗ​បាន​។ ជួនកាល​ខ្លែង​បេះយក​កូន​មាន់បាន​ម្តង​១​ៗ រហូត​ទាល់តែ​អស់ តែ​ជួនកាល​ក៏​បេះ​បានតែ​១ ។​
 
​របៀប​នៃ​ការលេង​ល្បែង​ចាប់កូនខ្លែង បានបង្ហាញ​វ​ខ្លឹមសារ​នៃ​ការ​ដាស់​មនុស្ស​គ្រប់រូប ឲ្យ​មាន​កល​យុទ្ធ​និង​វិធីសាស្ត្រ​ផ្សេងៗ ដើម្បី​រក្សា​ការពារ​ខ្លួន និង​សមាជិកគ្រួសារ ព្រមទាំង​ញាតិមិត្ត​ផង​គ្នា នៅពេល​មាន​អាសន្ន​ឬ​គ្រោះមហន្តរាយ​ណាមួយ​៕

Tag:
 ចូលឆ្នាំ​
  ល្បែង​ប្រជាប្រិយ​
  ចាប់កូនខ្លែង
© រក្សាសិទ្ធិដោយ thmeythmey.com