ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​ពាណិជ្ជកម្ម មិន​គាំទ្រ​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ជា​សាធារណៈ​ឡើយ​
12, Apr 2019 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម កំពុង​ត្រៀម​វិធានការ​ចំនួន​ពីរ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន ដែល​កើតចេញពី​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​មកលើ​សង្គម​កម្ពុជា ជាពិសេស​ប៉ះពាល់​ដល់​យុវជន ដែលជា​សសរទ្រូង​នៃ​ប្រទេសជាតិ​។​

 
​លោក ប៉ាន សូរ​ស័ក្តិ ប្រកាស​មិន​គាំទ្រ ចំពោះ​ការផ្សាយពាណិជ្ជកម្ម​ស្រា​បៀរ ឬ​គ្រឿង​ស្រវឹង​ជា​សាធារណៈ​ឡើយ ហើយ​ក្រសួង​ក៏​មិន​ទទួលយក​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុនស្រា​បៀរ សម្រាប់​ព្រឹត្តិការណ៍​ពិព័រណ៍​ផលិតផល​ខ្មែរ​ដែរ​។​
 
​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​នេះ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ក៏​ត្រៀម​វិធានការ​ចំនួន​ពីរ សម្រាប់​ដាក់​ឲ្យ​អនុវត្ត​ផងដែរ​។ វិធាន​ការដែល​ក្រសួង​ត្រៀម​អនុវត្ត​រួមមាន ទី​១ រៀបចំសេចក្តី​ព្រាង​អនុក្រឹត្យ ស្តីពី​ការគ្រប់គ្រង​ការផ្សាយពាណិជ្ជកម្ម លើ​ផលិតផល​គ្រឿង​ស្រវឹង ដើម្បី​ដាក់ជូន​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ពិនិត្យ និង​សម្រេច និង​ទី​២ រៀបចំ​ប្រកាស​អន្តរក្រសួង ស្តីពី​ការគ្រប់គ្រង​ការផ្សាយពាណិជ្ជកម្ម ដោយ​អនុលោម​តាមច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព និង​សុវត្ថិភាព​ផលិតផល​ទំនិញ និង​សេវា​។​
 
​ថ្លែង​ក្នុង​កិច្ចប្រជុំ​ជាមួយ​សមាជិក​-​សមាជិកា​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ កាលពី​ថ្ងៃទី​១១ មេសា រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​ស្នើសុំ​ឯកឧត្តម លោកជំទាវ មេត្តាជួយ​គាំទ្រ​កិច្ចការ​របស់​ក្រសួងពាណិជ្ជកម្ម និង​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្នុងការ​អនុវត្ត​តួនាទី និង​កាតព្វកិច្ច​ថ្មី ដោយ​អនុលោម​តាមច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ និង​ច្បាប់​ស្តីពី​ការប្រកួតប្រជែង នៅពេល​ច្បាប់​ទាំងបី​នេះ ត្រូវបាន​អនុម័ត​ចប់សព្វគ្រប់ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​គ្រឿង​ស្រវឹង នៅក្នុង​ប្រទេសជាតិ​រប​ស់​យើង​»​។​
 
​អម​ជាមួយ​ការលើកឡើង​នេះ លោក ប៉ាន សូរ​ស័ក្តិ ក៏បាន​និយាយ​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួង​ក្នុង​ការចុះ​អប់រំ​ច្បាប់ និង​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ អំពី​ការផ្សាយពាណិជ្ជកម្ម​ដែលមាន​លក្ខណ​ភូតកុហក ឬ​ឆបោក ព្រមទាំង​ផលប៉ះពាល់​នៃ​ការសេព​គ្រឿង​ស្រវឹង​ទៀតផង​។ ជាពិសេស​ដំណើរការ​ចងក្រង​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​សំខាន់ៗ សម្រាប់​បម្រើការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម និង​ការពារ​អត្ថប្រយោជន៍​ប្រជាពលរដ្ឋ ដែលជា​អ្នកប្រើប្រាស់​ទំនិញ និង​វិស័យ​ឯកជន នៅក្នុង​ប្រទេស​កម្ពុជា​៕
 

Tag:
 ប៉ាន សូរ​ស័ក្តិ​
  ពាណិជ្ជកម្ម​
  គ្រឿង​ស្រវឹង​
© រក្សាសិទ្ធិដោយ thmeythmey.com