និច្ចសីល ឬបញ្ចសីល គឺជាសីលធម៌៥ប្រការ ដែលព្រះពុទ្ធទ្រង់អប់រំមនុស្សឲ្យរក្សាទុកក្នុងខ្លួន ដើម្បីសុខសន្តិភាពក្នុងជីវិតរស់នៅ។ និច្ចសីលនេះ គឺសំដៅលើសីលធម៌ ដែលបុគ្គលគ្រប់រូបត្រូវប្រកាន់ភ្ជាប់ក្នុងខ្លួនគ្រប់ពេលជានិច្ច ដោយមិនអាចខ្វះបាន។
គ្រួសារមួយ សហគមន៍មួយ ប្រទេសជាតិមួយ រហូតដល់ពិភពលោកទាំងមូល នឹងមិនមានសុខសន្តិភាពទេ ប្រសិនបើមនុស្ស ប្រាសចាកសីលធម៌ទាំង៥ប្រការ។ សីលធម៌៥យ៉ាងនេះ ថ្វីដ្បិតតែជាព្រះពុទ្ធឱវាទក៏ពិតមែន តែមិនមែនសម្រាប់តែពុទ្ធសាសនិកនោះទេ។ និច្ចសីលនេះ គឺជាសីលធម៌សាកលសម្រាប់មនុស្សគ្រប់រូបក្នុងលោក ប្រតិបត្តិដើម្បីសុខសន្តិភាព។
សីលធម៌៥ប្រការនោះ គឺ៖
១. ការមិនសម្លាប់បៀតបៀនជីវិតអ្នកដទៃ
ចៀសវាងដាច់ខាតពីការកាប់សម្លាប់ ជិះជាន់ បៀតបៀនជីវិតអ្នកដទៃ។ជីវិតយើងគ្រប់រូបកើតមកតែងតែប្រាថ្នាចង់រស់នៅក្នុងភាពសុខសាន្តនិងការជួបជុំគ្រួសារ។ គ្មានអ្នកណាម្នាក់ចង់ឲ្យមនុស្សដែលខ្លួនស្រឡាញ់ ត្រូវបាត់បង់ជីវិត និរាសព្រាត់ប្រាស់ពីខ្លួន ដោយសារការជិះជាន់ ការបៀតបៀន ការគម្រាមកំហែង និងកាប់សម្លាប់ពីអ្នកដទៃនោះទេ។
២. មិនលួចឆក់ទ្រព្យអ្នកដទៃ
ត្រូវវៀរចាកពីការលួចឆក់ទ្រព្យសម្បត្តិ មាស ប្រាក់ដែលមានម្ចាស់ថែរក្សា។មិនត្រូវសម្លុតគម្រាមកំហែង ឬបង្ខិតបង្ខំដើម្បីអូសយកដីផ្ទះសម្បែងរបស់គេនោះទេ។ ម្យ៉ាងទៀត ជាជាតិសាសន៍ថ្លៃថ្នូរ មិនត្រូវប្រើកលល្បិច ដើម្បីឈ្លានពាន វាតទីទឹកដីជាតិសាសន៍ដទៃនោះដែរ ព្រោះវាជាហេតុនាំឲ្យកើតសង្គ្រាម ដែលនាំមកនូវវិនាសកម្មដល់មនុស្សជាតិ។
៣. មិនប្រព្រឹត្តខុសក្នុងកាមទៅលើកូននិងប្រពន្ធរបស់អ្នកទៃ
ហាមប្រព្រឹត្តខុសក្នុងផ្លូវកាមលើសាច់ញាតិអ្នកដទៃ។ យើងស្រលាញ់ហួងហែងកូន ប្រពន្ធ ប្តីសាច់ញាតិ និងមនុស្សដែលយើងស្រលាញ់យ៉ាងណា អ្នកដទៃគេក៏ស្រលាញ់ហួងហែងកូនប្រពន្ធ ប្តី សាច់ញាតិ និងមនុស្សដែលគេស្រលាញ់យ៉ាងនោះដែរ ។ ទាំងយើងទាំងគេ តែងតែប្រាថ្នាចង់ឲ្យស្វាមីភរិយា បុត្រា បុត្រី រស់នៅដោយសុភមង្គល មិនចង់ឲ្យអ្នកណាម្នាក់មកប្រព្រឹត្តអំពើឆ្គាំឆ្គង រំលោភបំពានលើក្រុមគ្រួសារខ្លួននោះទេ។
៤. មិនភូតកុហកអ្នកដទៃ
ត្រូវប្រកាន់ខ្ជាប់នូវពាក្យសច្ចៈ ដោយចៀសវាងការកុហកបោកប្រាស់អ្នកដទៃ។ ការនិយាយកុហកជាហេតុនាំមកនូវការបាត់បង់តម្លៃរបស់ខ្លួន។ កុហកគេម្តង គេលែងជឿមួយជីវិត។ ពេលអ្នកកុហកបោកប្រាស់គេ គេអាចនឹងអធ្យាស្រ័យឲ្យអ្នក តែគេនឹងមិនភ្លេចពីទង្វើបោកប្រាស់ និងពាក្យកុហករបស់អ្នកទេ។ ការកុហកអាចនាំឲ្យមនុស្សកើតការសង្ស័យគ្នាគ្រប់ពេលវេលា។
៥. មិនសេពគ្រឿងញៀន និងគ្រឿងស្រវឹង
ហាមផឹកទឹកស្រវឹងនិងសេពគ្រឿងញៀន។ ការទទួលគ្រឿងស្រវឹង និងជក់គ្រឿងញៀន ជាហេតុនាំឲ្យស្មារតីប្រែប្រួលដែលអាចបណ្តាលឲ្យ ប្រព្រឹត្តអំពើអកុសល និងទង្វើមិនគប្បីផ្សេងៗ ។ ម្យ៉ាងទៀតគ្រឿងញៀនក្តីឬគ្រឿងស្រវឹងក្តី អាចបណ្តាលឲ្យបញ្ញា និងការចងចាំធ្លាក់ចុះ ហើយក៏អាចឲ្យបាត់បង់នូវសតិសម្បជញ្ញៈទៀងផង។
អ្នកគប្បីប្រកាន់ខ្ជាប់ឲ្យបាននូវសីលធម៌ទាំងប្រាំប្រការនេះ ដោយចៀសវាងការប្រព្រឹត្តអំពើបាបណាមួយទៅលើអ្នកដទៃ។ រស់នៅ ដោយមិនសម្លាប់, មិនបៀតបៀន, មិនឈ្នានីស, មិនជិះជាន់គ្នា, មិនប្រាថ្នាទ្រព្យអ្នកដទៃ, មិនប្រព្រឹត្តអំពើថោកទាបលើកូនប្រពន្ធអ្នកផងទាំងពួង, មិនកុហកបោកប្រាស់ បោកបញ្ឆោតគេ នោះសហគមន៍មួយ ប្រទេសជាតិមួយ រហូតដល់ពិភពលោកទាំងមូល ច្បាស់ជាមិនមានជម្លោះ មិនបង្កចលាចល ឬសង្គ្រាមឡើយ៕