ជាតិ
សង្គមជាតិ
សមត្ថកិច្ច ចាប់បាន​មេខ្យល់ ដែល​ទារប្រាក់​ពី​ពលករ នៅ​ច្រក​ប៉ោយប៉ែត​
12, Apr 2019 , 3:44 pm        
រូបភាព
បុរសពាក់អាវស ដែលសមត្ថកិច្ច អះអាងថា ជាមេខ្យល់ទារប្រាក់ពីពលករមកពីថៃ។ រូបភាពបានពីទំព័រហ្វេសប៊ុករបស់ប៉ុស្ដិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត
បុរសពាក់អាវស ដែលសមត្ថកិច្ច អះអាងថា ជាមេខ្យល់ទារប្រាក់ពីពលករមកពីថៃ។ រូបភាពបានពីទំព័រហ្វេសប៊ុករបស់ប៉ុស្ដិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត
​ភ្នំពេញ​៖ មន្ត្រី​ប្រចាំ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត បាន​ឃាត់​បុរស​ម្នាក់​ពីបទ​ជំរិត​ទារប្រាក់​ពី​ពលករ​ខ្មែរ​មកពី​ប្រទេស​ថៃ ដើម្បី​ចូលរួម​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​។ ការឃាត់ខ្លួន​នេះ បាន​ធ្វើឡើង​ស្របពេល​មានការ​ចោទប្រកាន់ថា មន្ត្រីប៉ូលិស​ព្រំដែន​ខ្មែរ​នៅ​ប៉ោយប៉ែត បាន​ឆក់​ឱកាស​ឱ្យមាន​សេវា​ក្រៅផ្លូវការ​វី​អាយ​ភី (VIP) ដើម្បី​យកប្រាក់​ពី​ពលករ​ឆ្លងដែន​ពី​ថៃ​ចូលមក​ខ្មែរ​។

 
​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ប៉ុស្ដិ៍នគរបាល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត កាលពី​ថ្ងៃទី​១១​មេសា   ឆ្នាំ​២០១៩  បានបង្ហាញ​មុខ​បុរស​ម្នាក់ និង​រៀបរាប់​យ៉ាងខ្លី​ថា «​ការឃាត់ខ្លួន​មេខ្យល់​ជំរិត​ទារប្រាក់​ពី​បងប្អូន​ពលករ នៅតែ​បន្ត​ដូច​ភ្លៀងរលឹម​។ សូម​បងប្អូន​មក​ទាក់ទង​មន្ត្រី​ដោយផ្ទាល់ ចៀសវាង​ការចាញ់បោក និង​ខាតបង់​ប្រាក់កាស​»​។​
 
 
​សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបកស្រាយ​បន្ថែម​ពី​លោក ខឹម ចិ​ត្រា ប្រធាន​ប៉ុស្ដិ៍នគរបាល​ច្រកទ្វារ​នេះ​បានឡើយ ដោយ​លោក​ពុំ​ទទួល​ទូរ​សព្ទ​។ ចំណែក លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ មិន​អាចទាក់ទង​បាន​។ 
 
​ជិត​បុណ្យចូលឆ្នាំ​ខ្មែរ ពលករ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​ជាច្រើន បាននាំគ្នា​សម្រុក​មក​ស្រុកកំណើត​វិញ ដែល​បណ្តាលឱ្យមាន​ភាព​កកស្ទះ​ពេញ​តាម​ច្រកព្រំដែន និង​មាន​អ្នក​ខ្យល់គរ​ផងដែរ ពេល​កំពុង​តម្រង់​ជួរ​ប្រថាប់ត្រា ដោយសារតែ​ក្តៅ​និង​ហប់​ពេក​។ ជាមួយគ្នានេះ ក៏មាន​ការលេចលឺ​ថា មន្ត្រី​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​ទារប្រាក់​ពី​ពលករ​មកពី​ប្រទេស​ថៃ​ពី​១០០​ទៅ​២០០​បាត​ផងដែរ​។​
 
​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា​សារព័ត៌មាន​ថ្មីៗ​កាលពី​ម្សិលមិញ​ថា ប្រសិនបើ​រកឃើញ​មន្ត្រី​អន្តោប្រវេសន៍​នៅតាម​ព្រំដែន​ណាមួយ បាន​ទារ​ឬ​គំរាម​យកប្រាក់​ពី​ពលករ នឹង​ទទួលទោស​តាមច្បាប់​៕
 
 

Tag:
 ពលករ​
  ចូលឆ្នាំ​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com