វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
តើ​ហេតុអ្វី​បានជា​បក្សី​មាន​ពណ៌​ចម្រុះ​ច្រើន​?
17, Apr 2019 , 8:19 pm        
រូបភាព
រូបភាព៖ Fine Art America
រូបភាព៖ Fine Art America
​បក្សាបក្សី​ជា​ពពួកសត្វ​ម្យ៉ាង​ដែល​បាន​វិ​វត្ត​មក​ជាមួយនឹង​ពណ៌​យ៉ាងច្រើន​នៅលើ​ដងខ្លួន​របស់​វា​។ វា​ជា​រឿង​មួយ​គួរ​ឲ្យ​ចាប់អារម្មណ៍ នៅពេលដែល​សត្វ​បក្សី​ទាំង​ជាង​មួយ​ម៉ឺន​ប្រភេទ​ដែល​អ្នកស្រាវជ្រាវ​បាន​កត់ត្រា​ក្នុង​ពិភពលោក មាន​ពណ៌​ដោយឡែកៗ​ពីគ្នា​។ តើ​ពណ៌​នេះ​កើតឡើង​មកពីណា​? តើ​មូល​ហេតុអ្វី​បានជា​វា​មាន​ច្រើន​ប្រភេទ​ដូច្នេះ​?

 
​បើតាម​ការបកស្រាយរ​បស់​គេហទំព័រ academy.allaboutbirds.org កត្តា​ដែលមាន​ឥទ្ធិពល​លើ​ពណ៌​របស់​សត្វ​បក្សី​មាន​ពីរ​គឺ សារធាតុ​ពណ៌​ដែលមាន​នៅក្នុង​រោម​របស់​វា (Pigments) និង​ទម្រង់​របស់​រោម​វា​ដែលមាន​នាទី​ក្នុងការ​ផ្លាត​ពន្លឺ (Refraction) ។ 
 
Carotenoids គឺជា​សារធាតុ​ពណ៌​ម្យ៉ាង​ដែល​ផលិត​ដោយ​ដើម​រុក្ខជាតិ​ជាច្រើន​ផ្សេងៗ​គ្នា​។ បក្សី​ទទួលបាន​សារធាតុ​នេះ នៅពេល​វា​ស៊ី​រុក្ខជាតិ​ទាំងនោះ​ជា​អាហារ​។ Carotenoids មានមុខ​ងារ​ក្នុង​ការផលិត​សារធាតុ​ពណ៌​ដែលមាន​ដូចជា ពណ៌​លឿង ឬ​ទឹកក្រូច​ភ្លឺ​។ 
 
Melanins ជា​សារធាតុ​ម្យ៉ាងទៀត​ដែល​ត្រូវបាន​ផលិត​នៅក្នុង​សារី​រា​ង្គ​របស់​សត្វ​បក្សី​តែម្តង​។ វា​មាន​នាទី​ក្នុង​ការផ្តល់​សារធាតុ​ពណ៌​ខ្មៅ​ខ្លាំង និង​ពណ៌​ត្នោត​ងងឹត​។ Melanins ក៏មាន​តួនាទី​ក្នុងការ​ផ្តល់​ភាពរឹងមាំ​ទៅកាន់​ដងខ្លួន​បក្សី​ផងដែរ​។ ចំពោះ​មនុស្ស​វិញ អ្នក​ដែលមាន​ស្បែក​ខ្មៅ គឺ​សម្បូរ​ទៅដោយ​សារធាតុ​មួយ​នេះ​។ 
 
​មួយវិញទៀត​គឺ Porphyrins ។ សារធាតុ​នេះ​ត្រូវបាន​ផលិតឡើង​ដោយ​ប្រតិកម្ម​ជីវគីមី នៅក្នុង​ខ្លួន​របស់​បក្សី​។ សារធាតុ​ទាំងនោះ​ភាគច្រើន​កើត​ពី​«​អាមីណូអាស៊ីត​» ដែលជា​ធាតុគីមី​មាន​ប្រយោជន៍​ខ្លាំង​ក្នុង​ការរស់នៅ និង​ធំធាត់​របស់​សារពាង្គកាយ​គ្រប់​ប្រភេទ​។ Porphyrins មាន​នាទី​ក្នុងការ​បញ្ចេញ​ពណ៌​ចម្រុះ​ជាច្រើន​មានដូចជា ផ្កាឈូក ក្រហម បៃតង ឬ ត្នោត​ជាដើម​។ 
​មួយវិញទៀត បើ​និយាយ​ឲ្យ​ពិបាក​យល់​បន្តិច​គឺថា ទម្រង់​របស់​រោម​បក្សី​ក៏បាន​នាទី​ក្នុង​ការញែក​ពន្លឺ​ទៅតាម​ប្រភេទ​របស់​វា​ដែរ​។ ដោយ​យល់ថា ពន្លឺ​ដែល​គេ​មើលឃើញ​គឺជា​បណ្តុំ​នៃ​ពណ៌​ជាច្រើន​ដែលមាន​វត្តមាន​នៅក្នុង​តារាង​«​អេ​ឡិច​ត្រូ​មា​ញ៉េ​ទិច​»​។ បក្សី​ដែលមាន​លក្ខណៈពិសេស​ទាំង​នេះ​មានដូចជា Hummingbird និង Blue Jay ជាដើម​៕

Tag:
 សត្វ​បក្សី​
© រក្សាសិទ្ធិដោយ thmeythmey.com