វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
តើហេតុអ្វីបានជាបក្សីមានពណ៌ចម្រុះច្រើន? រូបភាព៖ Fine Art America
× បក្សាបក្សីជាពពួកសត្វម្យ៉ាងដែលបានវិវត្តមកជាមួយនឹងពណ៌យ៉ាងច្រើននៅលើដងខ្លួនរបស់វា។ វាជារឿងមួយគួរឲ្យចាប់អារម្មណ៍ នៅពេលដែលសត្វបក្សីទាំងជាងមួយម៉ឺនប្រភេទដែលអ្នកស្រាវជ្រាវបានកត់ត្រាក្នុងពិភពលោក មានពណ៌ដោយឡែកៗពីគ្នា។ តើពណ៌នេះកើតឡើងមកពីណា? តើមូលហេតុអ្វីបានជាវាមានច្រើនប្រភេទដូច្នេះ?
បើតាមការបកស្រាយរបស់គេហទំព័រ
academy.allaboutbirds.org កត្តាដែលមានឥទ្ធិពលលើពណ៌របស់សត្វបក្សីមានពីរគឺ សារធាតុពណ៌ដែលមាននៅក្នុងរោមរបស់វា (Pigments) និងទម្រង់របស់រោមវាដែលមាននាទីក្នុងការផ្លាតពន្លឺ (Refraction) ។
Carotenoids គឺជាសារធាតុពណ៌ម្យ៉ាងដែលផលិតដោយដើមរុក្ខជាតិជាច្រើនផ្សេងៗគ្នា។ បក្សីទទួលបានសារធាតុនេះ នៅពេលវាស៊ីរុក្ខជាតិទាំងនោះជាអាហារ។ Carotenoids មានមុខងារក្នុងការផលិតសារធាតុពណ៌ដែលមានដូចជា ពណ៌លឿង ឬទឹកក្រូចភ្លឺ។
Melanins ជាសារធាតុម្យ៉ាងទៀតដែលត្រូវបានផលិតនៅក្នុងសារីរាង្គរបស់សត្វបក្សីតែម្តង។ វាមាននាទីក្នុងការផ្តល់សារធាតុពណ៌ខ្មៅខ្លាំង និងពណ៌ត្នោតងងឹត។ Melanins ក៏មានតួនាទីក្នុងការផ្តល់ភាពរឹងមាំទៅកាន់ដងខ្លួនបក្សីផងដែរ។ ចំពោះមនុស្សវិញ អ្នកដែលមានស្បែកខ្មៅ គឺសម្បូរទៅដោយសារធាតុមួយនេះ។
មួយវិញទៀតគឺ Porphyrins ។ សារធាតុនេះត្រូវបានផលិតឡើងដោយប្រតិកម្មជីវគីមី នៅក្នុងខ្លួនរបស់បក្សី។ សារធាតុទាំងនោះភាគច្រើនកើតពី«អាមីណូអាស៊ីត» ដែលជាធាតុគីមីមានប្រយោជន៍ខ្លាំងក្នុងការរស់នៅ និងធំធាត់របស់សារពាង្គកាយគ្រប់ប្រភេទ។ Porphyrins មាននាទីក្នុងការបញ្ចេញពណ៌ចម្រុះជាច្រើនមានដូចជា ផ្កាឈូក ក្រហម បៃតង ឬ ត្នោតជាដើម។
មួយវិញទៀត បើនិយាយឲ្យពិបាកយល់បន្តិចគឺថា ទម្រង់របស់រោមបក្សីក៏បាននាទីក្នុងការញែកពន្លឺទៅតាមប្រភេទរបស់វាដែរ។ ដោយយល់ថា ពន្លឺដែលគេមើលឃើញគឺជាបណ្តុំនៃពណ៌ជាច្រើនដែលមានវត្តមាននៅក្នុងតារាង«អេឡិចត្រូមាញ៉េទិច»។ បក្សីដែលមានលក្ខណៈពិសេសទាំងនេះមានដូចជា Hummingbird និង Blue Jay ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com