កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho ការពារ Smalling ថា​«​កម្ពស់​ខ្ពស់ និង​ដៃ​វែង​» ទើប​ធ្វើ​ឲ្យ Messi បែក​ច្រមុះ​
12, Apr 2019 , 4:12 pm        
រូបភាព
​លោក Jose Mourinho បាន​និយាយ​ការពារ​អតីត​កូនក្រុម​ខ្លួន Chris Smalling ថា​មកពី​ខ្សែការពារ​រូបនេះ​«​មាន​កម្ពស់​ខ្ពស់ និង​ដៃ​វែង​ប៉ុណ្ណោះ​» ទើប​ធ្វើ​ឲ្យ Lionel Messi បែក​ច្រមុះ​ក្នុងជំនួប​ដែល Manchester United ចាញ់ Barcelona ១-០ ក្នុងការ​ប្រកួត​ជើង​ទី​១ វគ្គ​១/៤​ផ្តាច់ព្រ័ត្រ Champions League​។​


 
​ខ្សែបម្រើ​ឆ្មើ​ម Messi និង​ជា​ប្រធាន​ក្រុម​របស់ Barca បាន​រងរបួស​ឈាម​ច្រមុះ និង​មាន​ស្នាម​ជាំ​ផង​បន្ទាប់ពី​ត្រូវ​មួយ​ដៃ​របស់​ខ្សែការពារ Smalling អំឡុងពេល​ប្រជែង​ដណ្តើម​បាល់​គ្នា​នា​ការប្រកួត​ក្នុង​ទឹកដី Old Trafford នៅ​ថ្ងៃទី​១០ ខែមេសា​។ 
 
​ក្រោយ​ការប្រកួត​នេះ​មាន​អ្នកគាំទ្រ Barca ជាច្រើន​ចេញមុខ​រិះគន់ Smalling ខ្លាំងៗ ដ្បិត​ធ្វើ​ឲ្យ Messi ដែលជា​ព្រះ​របស់​ពួកគេ​រង​បួស​បែបនេះ​។ 
 
​ការ​ប៉ះ​ទ​ង្គិ​ត​គ្នារ​រវាង​កីឡាករ​ទាំងពីរ​រហូត​បង្ក​ឲ្យ​មាន​របួស​ត្រូវបាន​លោក Mourinho អតីត​អ្នកចាត់ការ​ទូទៅ Man Utd រៀបរាប់ថា ស្ថានភាព​ប្រជែង​គ្នា​របស់ Smalling និង Messi គឺ​គ្មានអ្វី​ទេ វា​កើតឡើង​ដោយ​ចៃដន្យ​ប៉ុណ្ណោះ​។ លោក Mourinho ចង់​បានន័យថា​ខ្សែការពារ​សញ្ជាតិ​រូបនេះ​មិនមាន​ការគុំកួន​លើ Messi នោះទេ​។​
 
«​គាត់ (Smalling) គ្រាន់តែ​ជា​កីឡាករ​ម្នាក់​ដែលមាន​កម្ពស់​ខ្ពស់ និង​ដៃ​វែង​ប៉ុណ្ណោះ ខ្ញុំ​មិន​គិតថា​គាត់​មានបំណង​អាក្រក់​នោះទេ ប៉ុន្តែ​ពួកគេ​បាន​គិតថា​គាត់​ព្យាយាម​ធ្វើបែបនេះ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អតីត​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុ​ហ្គា​ល់ ក្នុង​កម្មវិធី​ទូរទស្សន៍ RT ក្នុងនាម​ជា​អ្នកវិភាគ​កីឡា​។​
 
Mourinho ដែលមាន​រហ្សនាម Special One ត្រូវបាន​ក្រុម​បិសាច​ក្រហម​បញ្ចប់​តំណែង​ជា​អ្នកចាត់ការ​បន្ទាប់ពី​ដឹកនាំ​ក្រុម​មិន​បានល្អ​កាលពី​ចុងឆ្នាំ​២០១៨ និង​ជំនួស​វិញ​ដោយ​លោក Ole Gunnar Solskjaer​។​
 
​គ្រាប់​បាល់​ចូល​ទី​ខ្លួនឯង (Own goal) របស់​ខ្សែការពារ Luke Shaw បានធ្វើ​ឲ្យ Man Utd ចាញ់ ក្រុម​រហស្សនាម​អ្នកមាន​បុណ្យ ១-០ ក្នុង​ដី​ខ្លួនឯង​ក្នុងជំនួប​ជើង​ទី​១​។ ក្រុម​លោក Solskjaer នឹងត្រូវ​ត្រលប់​ទៅ​ទឹកដី Nou Camp របស់​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​វិញ​សម្រាប់​ជំនួប​ជើង​ទី​២ នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៩ ដើម្បី​កាត់សេចក្តី​ថា​ក្រុម​ណា​អាច​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពាន​លំដាប់​កំពូល​អឺរ៉ុប​នេះ​៕

Tag:
 បាល់ទាត់​
  Chris Smalling
  Jose Mourinho
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com