ភ្នំពេញ៖ពលរដ្ឋខ្មែរគួរដើរលេងក្នុងស្រុក នាថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដើម្បីបង្កើនចំណូលជាតិ តាមរយៈថវិកាចំណាយរបស់ពួកគេ។ ជាពិសេសពលរដ្ឋគួរយកពេលឈប់សម្រាកនេះ មកទស្សនា និងស្វែងយល់ពីសក្កានុពលទេសចរណ៍ក្នុងស្រុកជាដើម។ នេះជាការលើកឡើងរបស់ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា។
អ្នកស្រី ឆាយ ស៊ីវលីន លើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប គួរចំណាយពេលវេលាក្នុងថ្ងៃឈប់សម្រាកនេះ ដោយប្តូរពីការទៅកម្សាន្តនៅបរទសងាកមកកម្សាន្តក្នុងប្រទេសវិញ ដើម្បីទស្សនា និងស្វែងយល់ពីសក្កានុពលវិស័យទេសចរណ៍ក្នុងស្រុក។ មួយវិញទៀតពលរដ្ឋគួរយកពេលវេលានេះ បង្ហាញអំពីទំនៀមទម្លាក់ខ្មែរ ឱ្យកូនចៅជំនាន់ក្រោយ យល់កាន់តែច្បាស់ពីពិធីបុណ្យចូលឆ្នាំខ្មែរ និងមើលឃើញពីតម្លៃប្រពៃណីនៃការប្រារព្ធពិធីនីមួយៗ ។ និយាយបែបនេះ មិនមែនមានន័យថា ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជារូបនេះ ហាមពលរដ្ឋខ្មែរទៅកម្សាន្តនៅក្រៅប្រទេសទេ ប៉ុន្តែគ្រាន់តែអ្នកស្រី ចង់ជំរុញឲ្យពលរដ្ឋឲ្យតម្លៃលើបុណ្យជាតិខ្លួនឯង ហើយប្រើប្រាស់ការចាយវាយក្នុងស្រុក ដើម្បីកម្ពស់សេដ្ឋកិច្ចជាតិ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកស្រី ឆាយ ស៊ីវលីន ៖«ក្នុងន័យនេះ ខ្ញុំមិនមែនថាមិនឱ្យប្រជាពលរដ្ឋយើងទៅលេងកម្សាន្តនៅក្រៅប្រទេសទេ។ ប៉ុន្តែយើងអាចកម្សាន្តបាននៅថ្ងៃធម្មតាដែលមិនប្រារព្ធពិធីបុណ្យជាតិធំៗក្នុងប្រទេស។ និន្នាការដើរកម្សាន្តក្រៅប្រទេសឱកាសបុណ្យជាតិនានាកំពុងកើនឡើងនេះ វាជារឿងជាគួរឱ្យសោកស្តាយមួយ សម្រាប់កម្ពុជា ដែលជាប្រទេសមួយសំបូរទៅដោយតំបន់ទេសចរណ៍សំខាន់ៗ និងស្រស់ស្អាតជាច្រើន ដូចជា៖ តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ធម្មជាតិ និងវប្បធម៌ជាដើម។ យើងគួរតែនាំមើលសក្កានុពលក្នុងតំបន់ទេសចរណ៍ទាំងនេះ ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចប្រជាជនក្នុងតំបន់ទេសចរណ៍ទាំងនោះ និងដើម្បីអភិរក្ស អភិវឌ្ឍវិស័យទេសចរណ៍ក្នុងស្រុកឱ្យកាន់តែប្រសើរថែមទៀត»។
អ្នកស្រី ឆាយ ស៊ីវលីន រំពឹងថា ដំណើរកម្សាន្តរបស់ពលរដ្ឋ នៅតាមបណ្តាខេត្តក្នុងប្រទេស អាចនឹងមានកើនឡើងផងដែរ ព្រោះឆ្នាំនេះ ខេត្តនីមួយៗមានការធ្វើសង្រា្កន្ត ដើម្បីអបអរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ។
ងាកមកនិយាយពីរឿងពលរដ្ឋខ្មែរទៅកម្សាន្តក្រៅប្រទេសនៅថ្ងៃចូលឆ្នាំវិញ មានការកើនឡើងជាង១០ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។ ប្រជាពលរដ្ឋខ្មែរទាំងនោះ ជាអ្នកមានចំណូលខ្ពស់ និងមធ្យម។ ចំពោះអ្នកមានចំណូលមធ្យម ហើយទើបចាប់ផ្ដើមដើរកម្សាន្តនៅក្រៅប្រទេសនោះ ពួកគេភាគច្រើនទៅប្រទេសជិតៗ ដូចជាប្រទេសថៃ ,សិង្ហបុរី,ម៉ាឡេស៊ី វៀតណាម។ ចំពោះអ្នកមានទ្រព្យសម្បត្តិ ឬអ្នកចំណូលខ្ពស់ ពួកគេមានលទ្ធភាពច្រើនក្នុងការដើរកម្សាន្តនៅប្រទេសអឺរ៉ុប អារ៉ាប់រួម ជប៉ុន កូរ៉េ ចិន និងតៃវ៉ាន់ជាដើម។ ទំនោរនៃការដើរកម្សាន្តនេះ បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងពិធីបុណ្យជាតិធំៗ។ ពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ និងបុណ្យអ៊ុំទូក។ នេះជាការបញ្ជាក់របស់អ្នកស្រី ស៊ីវលីន។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជារូបនេះ បានបញ្ជាក់ដូច្នេះថា៖«ជាក់ស្តែងការកើនឡើងនៃអ្នកទៅកម្សាន្តក្រៅប្រទេសក្នុងអំឡុងពេលចូលឆ្នាំខ្មែរយើងនេះ ដោយសារតែកត្តាសេដ្ឋកិច្ចជាតិធ្វើឱ្យប្រាក់ចំណូលរបស់ពលរដ្ឋយើងកើនឡើង ទើបធ្វើឱ្យពួកគេមានលទ្ធភាពច្រើនក្នុងការដើរក្រៅប្រទេស។ ម្យ៉ាងវិញទៀតអ្នកដែលទៅកម្សាន្តនៅក្រៅប្រទេសភាគច្រើន គឺទៅសង្កេតនិងមើលពីរបៀបរកស៊ីរបស់ប្រជាជននៅប្រទេស ដែលពួកគេបានទៅកម្សាន្ត ដើម្បីសិក្សារៀនសូត្រ និងអនុវត្តតាម សម្រាប់បង្កើត ឬពង្រីកអាជីវកម្មក្នុងស្រុករបស់ពួកគេ។ លើសពីនេះទៀត ដោយសារឆ្នាំនេះ កម្តៅព្រះអាទិត្យក្តៅខ្លាំងជាងរាល់ឆ្នាំ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងការមិនមានប្រារព្ធឡើងនូវពិធីអង្គរសង្ក្រាន្តថ្នាក់ជាតិដូចឆ្នាំកន្លងទៅ ទើបធ្វើឱ្យមានអ្នកទៅបរទេសច្រើន»។
ទាក់ទងចំណុចនេះ លោកស្រី ប៊ិ ឧដ្ឋានវតី នាយិកាប្រតិបត្តិក្រុមហ៊ុនទេសចរណ៍RTR រៀបចំដំណើរកម្សាន្តក្នុង និងក្រៅប្រទេស បាននិយាយថា ចំនួនភ្ញៀវដែលកក់សំបុត្រសម្រាប់ដំណើរកម្សាន្តក្រៅប្រទេសក្នុងខែមេសា ពិសេសអំឡុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ បានកើនឡើងពី៣៥ទៅ៤០ភាគរយ បើប្រៀបធៀបក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨។ ពលរដ្ឋខ្មែរទៅកម្សាន្តនៅក្រៅបរទេសក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរភាគច្រើនទៅប្រទេសជប៉ុន កូរ៉េ និងប្រទេសវៀតណាម។
« ផ្អែកលើបទពិសោធន៍ច្រើនឆ្នាំក្នុងអាជីវកម្មទេសចរណ៍ ខ្ញុំអាចមើលឃើញ និងសង្កេតបានថា ពីមុនប្រជាពលរដ្ឋខ្មែរយើងដែលអាចមានលទ្ធភាពដើរកម្សាន្តនៅក្រៅប្រទេសបាន ភាគច្រើនជាអ្នកដែលធនធានមធ្យមឡើងទៅ ឬជាអ្នកមាន។ ប៉ុន្តែបច្ចុប្បន្នអ្នកដែលមានធនធានល្មមៗក្រោមកម្រិតប្រាក់ចំណូលមធ្យមក៏អាចមានលទ្ធភាពដើរក្រៅប្រទេសបានដែរ ហើយដើរឆ្ងាយៗទៀតបើធៀបនឹងពីមុនៗ។ ជាក់ស្តែងនៅក្នុងឆ្នាំ២០១៩នេះ តម្លៃសំបុត្រហោះយន្ត ឬកញ្ចប់ដំណើរកម្សាន្តក្រៅបរទេសមានតម្លៃធូរថ្លៃជាងមុនច្រើន ដោយសារតែប្រទេសកម្ពុជាយើងបានបើកឱ្យមានក្រុមហ៊ុនអាកាសចរ៣-៤ទៀត»។ នេះជាការបញ្ជាក់របស់លោកស្រី ប៊ិ ឧដ្ឋានវតី ។
សម្រាប់ការរៀបចំដំណើរកម្សាន្តក្នុងស្រុករបស់ក្រុមហ៊ុនអ្នកស្រីវិញ មានការធ្លាក់ចុះជាង៥០ភាគរយនៅក្នុងឆ្នាំនេះ។ មូលហេតុដែលនាំឲ្យសេវាកម្មកម្សាន្តរបស់ក្រុមហ៊ុនទេសចរណ៍RTRធ្លាក់ចុះ អាចបណ្តាលមកពីហេដ្ឋារចនាសម្ព័ន្ធផ្លូវសាធារណៈសា្អត និងល្អ ដូច្នេះប្រជាពលរដ្ឋអាចធ្វើដំណើរបានឆ្ងាយៗដោយមធ្យាបាយខ្លួនឯងបានច្រើន៕