អន្តរជាតិ
តើ​ប្រព័ន្ធ​លូ និង​បង្គន់​មាន​ដើមកំណើត​តាំងពី​ពេលណា​មក​?
13, Apr 2019 , 8:59 pm        
រូបភាព
​បង្គន់ និង​ប្រព័ន្ធ​លូ​គឺជា​កន្លែង​ដែល​មិនអាច​ខ្វះ​បាន​សម្រាប់​ប្រជាជន​រស់នៅ​តាម​តំបន់​នានា​។ វា​មាន​នាទី​ការពារ និង​សម្អាត​ការរស់នៅ​របស់​មនុស្ស​ពី​ជំងឺ​ផ្សេងៗ​ដែល​អាច​កើតមាន​។ ប៉ុន្តែ​ឧបករណ៍ប្រើប្រាស់​មួយ​នេះ​មាន​ប្រវត្តិ រួមទាំង​ដើមកំណើត​អស់​ជាច្រើន​រយ​ឆ្នាំ​មកហើយ​។

 
​គេហទំព័រ​អង់គ្លេស thoughtco.com ក្រោម​ចំណងជើង​ថា «Who Invented the Toilet» ពន្យល់ថា បង្គន់ និង​ប្រព័ន្ធ​ត្រូវបាន​គេ​រកឃើញថា​មាន​វត្តមាន​តាំងពី ២៨០០ ឆ្នាំមុន​គ្រឹ​ស្ត​សករាជ​ឯណោះ​។ 
 
​បង្គន់​ភាគច្រើន​ត្រូវបាន​សាងសង់ឡើង​សម្រាប់តែ​អ្នកមាន​ទ្រព្យ​តែប៉ុណ្ណោះ នៅក្នុង​តំបន់​សំណង់​ទីក្រុង​បុរាណ Mohenjo-Daro សព្វថ្ងៃ​ប្រទេស​ប៉ា​គី​ស្ថាន​។ កាលពី​សម័យ​នោះ គេ​សង់​បង្គន់​ឡើង​ពី​ថ្ម និង​មាន​ឈើ​សម្រាប់​ទ្រាប់​អង្គុយ​ពីលើ​។​
 
 កាកសំណល់​ដែល​ចាក់​ចេញទៅ ត្រូវបាន​នាំទៅ​តាម​បំពង់ នៅតាម​ប្រព័ន្ធ​លូ​ធំៗ​ទៀត​។ បង្គន់​ដែល​ប្រើប្រាស់​ប្រ​ព័​នុ្ធ​បង្ហូរទឹក​ក៏ត្រូវ​បាន​គេ​រកឃើញ​នៅ​ប្រទេស ស្កុ​តឡែ​ន ប្រទេស​អេ​ហ្ស៊ី​ប អាណាចក្រ​ពែ​ក្យ រួមទាំង​អាណាចក្រ​រ៉ូ​មាំ​ង​ផងដែរ​។ 
 
​ក្រោម​ឆ្នាំ​៥០០ នៃ​គ្រឹ​ស្ត​សករាជ​មក ប្រជាជន​ទូទៅ​នៅ​បណ្តា​ប្រទេស​ក្នុង​ទ្វីប​អ៊ឺរ៉ុប ក៏បាន​ប្រើប្រាស់​បង្គន់​នៅតាម​ផ្ទះ​ដែរ​។ វា​គ្រាន់តែ​ជា​កន្លែង​អង្គុយ​ដែលមាន​ប្រហោង​មួយ​នៅ​ពីក្រោម​សម្រាប់​បន្ទោ​របង់​។ 
 
​នៅពេល​យប់ មាន​អ្នកធ្វើ​ការដើរ​ប្រមូល​កាកសំណល់​ទាំងនោះ​យកទៅ​ធ្វើ​ជីធម្មជាតិ​សម្រាប់​ដំណាំ​។ ក្នុង​ឆ្នាំ ១៥៩៦ បង្គន់​ដំបូង​គេ​ដែលមាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​បង្គន់​បច្ចុប្បន្ន​ត្រូវបាន​ផលិតឡើង​ដោយ​លោក Sir John Harington ជនជាតិ​អង់គ្លេស​។​
 
 វា​មាន​កន្លែង​អង្គុយ​ត្រឹមត្រូវ មាន​ឧបករណ៍​ទាញ​ទឹក​បង្ហូរ​លាង​សម្អាត​ជាដើម​។ បន្ទាប់មក ក្នុង​ឆ្នាំ​១៧៧៥ លោក Alexander Cummming បាន​ផលិត​បង្គន់​ដែលមាន​បំពង់​រាង​អក្សរ “S” នៅ​ខាងក្នុង​ដើម្បី​ទប់ទឹក ហាម​មិន​ឲ្យ​មាន​ក្លិន​មិនល្អ​ចេញមក​ខាងក្រៅ​។ 
 
​នៅក្នុង​អំឡុង​សតវត្ស​ន៍ទី​១៩ បន្ទប់ទឹក ត្រូវបាន​ទាក់ទាញ​ប្រជាប្រិយភាព​ពី​សំណាក់​ប្រជាជន​ចំណូល​មធ្យម​ជាច្រើន​។ ចាប់តាំងពី​ឆ្នាំ​១៨០០​មក បង្គន់ និង​បន្ទប់​ទឹកបាន​ក្លាយជា​ផ្នែក​មួយ​ក្នុងផ្ទះ​ដែល​មនុស្ស​គ្រប់គ្នា​មិនអាច​ខ្វះ​បាន​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com