ជាតិ
សង្គមជាតិ
សូម​ចូលរួម​ព្រឹត្តិការណ៍ «​ស​ង្រា្ក​ន្ត​ទាំង​១២​ខេត្ត​» នាឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ
13, Apr 2019 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ បណ្តា​ខេត្ត​ទាំង​១២ នៅ​កម្ពុជា រៀបចំ ព្រឹត្តិការណ៍​«​សង្ក្រាន្ត​» ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​។ បណ្តា​ខេត្ត​ដែល​ចូលរួម​រៀបចំ​ព្រឹត្តិការ​ណ៍ស​ង្រា្ក​ន្ត​ឆ្នាំនេះ រួមមាន​តាកែវ​, កំពង់ស្ពឺ​, ព្រះសីហនុ​, កែប​, កោះកុង​, ស្វាយរៀង​, ព្រៃវែង​, ព្រះវិហារ​, បាត់ដំបង​, កំពង់ធំ​, សៀមរាប​, និង​បន្ទាយមានជ័យ​។​


 
​ព្រឹត្តិការណ៍ «​ស​ង្រា្ក​ន្ត​បាទី​» នៅ​ខេត្តតាកែវ មាន​សិល្បៈករ​ជាច្រើន​រួមគ្នា​សម្តែង​ចាប៉ីដងវែង ដែលជា​មរតក​របស់​លោកតា​ប្រាជ្ញឈួន ដើម្បី​រំលឹក​កូន​ខ្មែរ​ឲ្យ​ចងចាំ​ទុក និង​ថែរក្សា​វប្បធម៌​ខ្មែរ និង​ប្រពៃណី​ខ្មែរ​។ «​ស​ង្រា្ក​ន្ត​បាទី​» ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​១៤-១៦ ខែមេសា ដែល​រៀបចំ​នៅ​ទីតាំង​៤​កន្លែង​ដូចជា រមណីយដ្ឋាន​ទន្លេបាទី​,​ប្រាសាទតាព្រហ្ម​,​ប្រាសាទ​ស្នោរ និង​ប្រាសាទភ្នំដា​។ 
 
«​កំពង់ស្ពឺ​ស​ង្រា្ក​ន្ត​» ដែល​ប្រារព្ធ​នៅ​ថ្ងៃទី​១៤-១៦ ខែមេសា ខាងមុខនេះ មានការ​តាំង​បង្ហាញ «​ផ្លែ​ស្ពឺ​យក្ស​» ដែល​តំណាង​ឲ្យ​ឈ្មោះ​ខេត្តកំពង់ស្ពឺ រួមទាំង​មានការ​តាំងពិព័រណ៍​រូបគំនូរ​ដោយ​គូរ​ផ្ទាល់ដៃ​ដែល​ទាក់ទង​នឹង​ទេសភាព និង​សមិទ្ធផល​របស់​ខេត្តកំពង់ស្ពឺ​។ ព្រឹត្តិការណ៍​នេះ រៀបចំ​នៅ​ទីតាំង​៦​កន្លែង រួមមាន​នៅមុខ​សាលាខេត្ត សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត​,​វេទិកា អ៊ុំ​ទូក​ខេត្ត​,​វត្ត​ម្រុំ​ខាងជើង​,​គណៈបក្ស​ខេត្ត និង​នៅ​ជិត​វត្ត​ម្រុំ​។ 
 
​សម្រាប់​ខេត្ត​ព្រះសីហនុ ក៏មាន​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​សមុទ្រ​» ដែល​រៀបចំ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៅឯ​ឆ្នេរសមុទ្រ​ឯករាជ្យ នៅ​ថ្ងៃទី​១៤-១៦ ខែមេសា​។ កម្មវិធី​សំខាន់ៗ​ដែលមាន​នៅក្នុង​ស​ង្រា្ក​ន្ត​សមុទ្រ​គឺមាន​ដូចជា ការសម្តែង​ល្ខោន​យីកេ ដែល​រៀបរាប់​ពី​ប្រវត្តិ​របស់លោក​យាយ​ម៉ៅ ដែលជា​បរ​មី​អ្នកការពារ និង​ថែរក្សា​ទឹកដី​ខេត្ត​ព្រះសីហនុ​។ ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ខេត្ត​កែប និង​កោះកុង ក៏​ប្រារព្ធ​ពិធី​សង្ក្រាន្ត​ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​ជួបជុំគ្នា​លេងល្បែង​ប្រជាប្រិយ​ខ្មែរ និង​រាំ​កម្សាន្ត​ជាមួយ​តន្ត្រី​បែប​ប្រពៃណី​ខ្មែរ​ផងដែរ​។
 
​នៅ​ខេត្តកំពង់ធំ​ឯណោះ​វិញ​ក៏មាន​ស​ង្រា្ក​ន្ត​ប្រាសាទសំបូរព្រៃគុក​ដែរ ដែល​រៀបចំ​នៅ​បរិវេណ​ប្រាសាទសំបូរព្រៃគុក ប្រាសាទ​យាយ​ព័ន្ធ តំបន់​សារមន្ទីរ​, ប្រាសាទជ្រៃ និង​ប្រាសាទ​សង់​ព្រះ​។ ការរៀបចំ «​ស​ង្រា្ក​ន្ត​ប្រាសាទសំបូរព្រៃគុក​» ដើម្បី​បង្ហាញ​ពី​កន្លែង​ប្រ​វ​តិ្ត​សាស្ត្រ ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​ប្រទេស​កម្ពុជា​។ ព្រឹត្តិការណ៍​នេះ ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​១៤-១៦ ខែមេសា​។ 
 
​ចំពោះ​ខេត្តព្រៃវែង​វិញ ក៏មាន​កម្មវិធី ជ្រើសរើស​បវរ​វ័យ​ចំណាស់​ដែលមាន​អាយុ​ចន្លោះ​៦០​ឆ្នាំ បវរកញ្ញា​ស្រី​ស្អាត និង ប្រុស​ស្អាត ការតាំង​បង្ហាញ​វត្ថុ​យក្ស​ដូចជា កណ្តៀវ​ច្រូតស្រូវ​យក្ស អង្រុត​ច្រូត​ត្រី​យក្ស ទូក​ដែលមាន​ប្រវែង​វែង​ជាងគេ​ប្រចាំ​ខេត្តព្រៃវែង និង​ការតាំងពិព័រណ៍​រូប​ជ្រូក​យក្ស ព្រមទាំង​រូប​សត្វ​តំណាង​ឆ្នាំ​ទាំង​១២ សម្រាប់​ទុក​ឲ្យ​ពលរដ្ឋ​ខ្មែរ​បាន​ថតរូប​ផងដែរ​។ កម្មវិធី​នេះ ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​១៣-១៦ ខែមេសា​។ 
 
​សម្រាប់​ពលរដ្ឋ​ដែល​រស់នៅ​ខេត្តស្វាយរៀង​នោះ​វិញ ក៏​អាច​ចូលរួម ការសម្តែង​សិល្បៈ​បែប​ទសវត្ស​ទី​៦០ និង​មានការ​តាំងពិព័រណ៍​ផលិតផល​ក្នុងស្រុក ប្រគុំ​តន្ត្រី ការ​បណ្តែត​គោម ការលេង​ល្បែង​ប្រជាប្រិយ​ខ្មែរ តាំងពិព័រណ៍​រូបភាព​នៃ​សហគ្រាស រោងចក្រ ដែល​បានធ្វើ​ការវិនិយោគ​នៅ​ខេត្តស្វាយរៀង និង​ការតាំងពិព័រណ៍​ម្ហូបអាហារ​ខ្មែរ​ផងដែរ​។ 
 
​ក្នុង​រយៈពេល​៥​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១២-១៦ ខែមេសា ខេត្តបន្ទាយមានជ័យ ក៏មាន​ការតាំង​បង្ហាញ មួក អង្រុត និង​កញ្ច្រែង ខ្នាត​ធំ នៅ​បរិវេណ​ប្រាសាទបន្ទាយឆ្មារ រួមទាំង​មានការ​លេងល្បែង​ប្រជាប្រិយ​នៅ​ទីតាំង​ទាំង​៣​នេះ​ផងដែរ​។ 
 
​ការលេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​គ្រប់​ប្រភេទ​,​ការ​រាំ​កម្សាន្ត​,​កម្មវិធី​ប្រគុំ​តន្ត្រី​, ល្បែង​វៃ​ខែល និង​ទម្រង់​សិល្បៈ​បែប​បុរាណ​ដែល​សម្តែង​ដោយ​ជនជាតិភាគតិច និង​មាន​បទ​ចម្រៀង​ដែល​សម្តែង​ដោយ​សិល្បៈករ​ខ្មែរ ដែលជា​ចម្រៀង​ទាក់ទង​នឹង​ខេត្តព្រះវិហារ ក៏​មាននៅ​ព្រឹត្តិការណ៍ «​ព្រះវិហារ​សង្ក្រាន្ត​កោះកែរ​» នៅ​ថ្ងៃទី​១៤-១៦ ខែមេសា​។ 
 
»​ម្នាស់​យក្ស​» និង «​ក្រូច​យក្ស​» បង្ហាញខ្លួន​នៅក្នុង​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​បាត់ដំបង​» នា​ថ្ងៃទី​១២-១៦ ខែមេសា នៅ​បរិវេណ​វិទ្យាល័យ​នេ​ត​យ៉ង់ ក្បែរ​រង្វង់​មូល​រូបសំណាក​លោកតា​ដំបងក្រញូង ខេត្តបាត់ដំបង​។ ព្រឹត្តិការណ៍​នេះ​ជាការ​រៀបចំឡើង​ដោយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបាត់ដំបង និង​រដ្ឋបាល​ខេត្តបាត់ដំបង​។ 
 
​ចំណែកឯ​សៀមរាប​វិញ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា មិនបាន​រៀបចំ​ព្រឹត្តិការណ៍ អង្គ​រស​ង្រា្ក​ន្ត ដូចនឹង​ឆ្នាំមុនៗ​ឡើយ ប៉ុន្តែ​អភិបាល​ខេត្តសៀមរាប រៀបចំ «​ស​ង្រា្ក​ន្ត​សៀមរាប​» ជំនួស​វិញ​ដោយ​មិន​ខុសប្លែក​ពីគ្នា​ប៉ុន្មាន​ទេ​។ សម្រាប់​ទីតាំង​នៃ​ការរៀបចំ​ពិធី​វិញ តាម​ការបញ្ជាក់​របស់​លោក ទៀ សីហា ប្រព្រឹត្តិ​ទៅ​នៅ​បរិវេណ​សួនច្បារ​មហាសណ្ឋាគារ​អង្គរ មុខ​ព្រះរាជដំណាក់​។ «​សង្ក្រាន្ត​សៀមរាប​» ធ្វើឡើង​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៤ ដល់ទី​១៦ ខែមេសា​។ 
 
​សម្រាប់​តំបន់​ផ្សេងទៀត ដូចជា​នៅក្នុង​ភូមិ ស្រុក នៅ​រាជធានី​-​ខេត្ត ទូទាំងប្រទេស​កម្ពុជា ក៏មាន​កម្មវិធី​ដែល​បង្កើត​ភាពសប្បាយ​រីករាយ​ដែលជា​លក្ខណៈ​តូច​ល្មម​សម្រាប់​ឲ្យ​ពលរដ្ឋ​បាន​ជួបជុំគ្នា​លេង និង​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ផងដែរ​៕ 
 

Tag:
 សង្ក្រាន្ត​
 ​ខេត្ត​
 ​ចូលឆ្នាំ​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com