Messi ទទួលបាន​ថ្លៃឈ្នួល​ខ្ពស់បំផុត​ប្រចាំឆ្នាំ​២០១៩ ច្រើនជាង Ronaldo ជិត​ពាក់កណ្តាល​
កីឡាអន្តរជាតិ
អន្តរជាតិ
Messi ទទួលបាន​ថ្លៃឈ្នួល​ខ្ពស់បំផុត​ប្រចាំឆ្នាំ​២០១៩ ច្រើនជាង Ronaldo ជិត​ពាក់កណ្តាល​
13, Apr 2019 , 10:19 pm        
រូបភាព
​កំពូល​តារា​ឆ្នើម Lionel Messi, Neymar និង Cristiano Ronaldo សុទ្ធតែជា​កីឡាករ​បាល់ទាត់​ដែល​ទទួលបាន​ប្រាក់បៀវត្ស​ច្រើនជាងគេ​បំផុត​លើ​លោក​នាពេល​បច្ចុប្បន្ន​។ ក្នុងចំណោម​អ្នក​ទាំងបី​រូប Messi ទទួលបាន​ប្រាក់​ឈ្នួល​ច្រើនជាងគេ តាម​ពីក្រោយ​ដោយ Neymar និង Ronaldo ដែល​ធ្លាក់​ទៅ​លេខ​៣​។

 
​អ្នកតាមដាន​កីឡាបាល់ទាត់​ភាគច្រើន​ប្រហែលជា​គិតថា Neymar ប្រា​ដក​ជា​ទទួលបាន​ប្រាក់ខែ​ច្រើនជាងគេ​មិន​ខាន ដ្បិត​ការផ្ទេរ​រូបគេ​ពី Barcelona ទៅកាន់ ក្លិប​យក្ស​បារាំង Paris Saint Germain មានតម្លៃ​ខ្ពស់កប់ពពក​រហូតដល់ ២៦១​លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំ​២០១៧​។​
 
​ប៉ុន្តែ​ជាការ​ពិត​ខ្សែប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​ទទួលបាន​ប្រាក់​ឈ្នួល​ច្រើនជាងគេ​លំដាប់​ទី​២​ប៉ុណ្ណោះ​ពោលគឺ​ទទួលបាន ៤១,៤១​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ Ronaldo ដែល​នាំមុខគេ​ក្នុងនាម​កីឡាករ​បាល់ទាត់​ទទួលបាន​ប្រាក់បៀវត្ស​ច្រើនជាងគេ​បំផុត​លើ​លោក​កាលពី​ឆ្នាំ​២០១៨ បាន​ធ្លាក់​ទៅ​លេខ​រៀង​ទី​៣​វិញ​សម្រាប់​ឆ្នាំ​២០១៩​នេះ​។ ខ្សែប្រយុទ្ធ​ដែល​ផ្ទេរ​ពី Real Madrid ទៅ​ចូលរួម Juventus កាលពីដើម​រដូវ​កាល​នេះ​ទទួលបាន​ថ្លៃឈ្នួល ៣៤,៧៥​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​។​
 
​ចំណែក​កីឡាករ​ឆ្នើម​សញ្ជាតិ​អា​ហ្ស​ង់​ទីន Messi បាន​ក្លាយជា​កីឡាករ​មាន​ថ្លៃឈ្នួល​ខ្ពស់បំផុត​លើ​លោក​ប្រចាំឆ្នាំ​២០១៩ បន្ទាប់ពី​យល់ព្រម​បន្ត​កិច្ចសន្យា​ឲ្យ  Barcelona ដល់​ឆ្នាំ​២០២១ ដោយ​ទទួលបាន​ថ្លៃ​ពលកម្ម ៥៣​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​។ ចំនួន​ទឹកប្រាក់​ដ៏​ច្រើន​នេះ​មានន័យថា Messi មាន​ថ្លៃឈ្នួល​ច្រើនជាង Ronaldo ដល់​ទៅជិត​ពាក់កណ្តាល​ឯណោះ​។​
 
​ខាងក្រោម​នេះ​ជា​កំពូល​កីឡាករ​បាល់ទាត់​ទាំង ១០​រូប​ដែលមាន​ប្រាក់បៀវត្ស​ច្រើន​បំផុត​លើ​លោក​ក្នុង​រដូវ​កាល ២០១៨-២០១៩ នេះ​៖
 
១-    Lionel Messi (FC Barcelona) ទទួលបាន​ថ្លៃឈ្នួល ៥៣​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​
២-    Neymar (PSG) ទទួលបាន​ថ្លៃឈ្នួល ៤១,៤១​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​
៣-    Cristiano Ronaldo (Juventus) ទទួលបាន​ថ្លៃឈ្នួល ៣៤,៧៥​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​
៤-    Alexi Sanchez  (Mancheter United) ទទួលបាន​ថ្លៃឈ្នួល ៣០,៥៧​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​
៥-    Oscar (Shanghai SIPG) ទទួលបាន​ថ្លៃឈ្នួល ២៧,៥៧​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​
៦-   Ezequiel Lavezzi  (Hebei Fortune) ទទួលបាន​ថ្លៃឈ្នួល ២៦,៥២​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​
៧-   Mesut Ozil (Arsenal) ទទួលបាន​ថ្លៃឈ្នួល ២៣,៧៨​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​
៨-    Hulk (Shanghai SIPG) ទទួលបាន​ថ្លៃឈ្នួល ២២,៩៩​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​
៩-    Kylian Mbappe (PSG) ទទួលបាន​ថ្លៃឈ្នួល ២០,៧៧​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​
១០-   Paul Pogba (Manchester United) ទទួលបាន​ថ្លៃឈ្នួល ២០,១២​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​។​
 

Tag:
 បាល់ទាត់​
  ថ្លៃឈ្នួល​ខ្ពស់បំផុត​
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com