កីឡាជាតិ
ជាតិ
លោក ហែម គីរី ចាត់ទុកពានសម្តេច ស ខេង ជាការពង្រឹងសមត្ថភាពត្រៀមជើងឯកអាស៊ីអាគេ្នយ៍
× ប្រធានអង្គភាពក្រសួងមហាផ្ទៃ គ្រោងរៀបចំការប្រកួតកីឡាហែលទឹកដណ្តើមពានរង្វាន់សម្តេច ស ខេង មុនថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរជារៀងរាល់ឆ្នាំ ដើម្បីលើកទឹកចិត្តកីឡាករកីឡាការិនី ។ អគ្គលេខាធិការនៃសហព័ន្ធហែលទឹក បានចាត់ទុកព្រឹត្តិការណ៍នេះ ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងធ្វើតេស្តសមត្ថភាពកីឡាករ សម្រាប់ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅឆ្នាំនេះ។
នាពិធីបិទការប្រកួតកីឡាហែលទឹកដណ្តើមពានរង្វាន់សម្តេច ស ខេង លើកទី៦នៅព្រឹកថ្ងៃទី១២ ខែមេសា លោក ជា ប៊ុនហេង ប្រធានអង្គភាពក្រសួងមហាផ្ទៃបានបញ្ជាក់ថា លោកនឹងរៀបចំព្រឹត្តិការណ៍ប្រកួតពានរង្វាន់សម្តេច ស ខេង ឲ្យបានមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរចាប់ពីឆ្នាំ២០១៩នេះតទៅ។ ការកំណត់បែបនេះ ដោយសារលោក ចង់លើកទឹកចិត្តកីឡាករកីឡាការិនីក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ តាមរយៈផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជាថវិកាដល់ពួកគេ មុនថ្ងៃទៅលេងស្រុកកំណើត។ លើសពីនេះ ដើម្បីអបអរពិធីបុណ្យវប្បធម៌ប្រពៃណីខ្មែរមួយនេះផងដែរ។
លោក ជា ប៊ុនហេង (មុខកណ្តាល)ពេលបំពាក់មេដាយជូនម្ចាស់ជ័យលាភី, រូបភាពពី NOCC
លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធហែលទឹក បានចាត់ទុកការប្រកួតនេះ គឺជាការរួមចំណែកមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍសមត្ថភាពរបស់កីឡាករកីឡាការិនី ពិសេសយុវជន ក្នុងន័យអភិវឌ្ឍវិស័យកីឡាហែលទឹកនៅកម្ពុជា។ លើសពីនេះ ដើម្បីផ្តល់បទពិសោធ ក៏ដូចជាវាស់ស្ទង់កម្រិតសមត្ថភាពកីឡាករកីឡាការិនី សម្រាប់ត្រៀមការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នាខែមិថុនាខាងមុខ។ វាក៏ជាការផ្តល់ឱកាសឲ្យកីឡាករកីឡាការិនីវ័យក្មេង ក៏ដូចជាជនពិការបានបង្ហាញសមត្ថភាពរបស់ខ្លួនផងដែរ។
សកម្មភាពកីឡាករប្រកួតក្នុងពានរង្វាន់សម្តេច ស ខេង លើកទី៦, រូបភាពទាំងអស់ពី NOCC
ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញនៅអាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិមរតកតេជោពីថ្ងៃទី១១-១២ ខែមេសា ក្រុមកីឡាកររបស់សមាគមកីឡាក្រសួងមហាផ្ទៃឈរចំណាត់ថ្នាក់លេខ១ ក្រោយឈ្នះមេដាយមាស៥ ប្រាក់២ និងសំរឹទ្ធ២។ ចំណែកក្រសួងសាធារណៈការនិងដឹកជញ្ជូនឈរលំដាប់ទី២ ក្រោយឈ្នះមាស៤ ប្រាក់៣ និងសំរឹទ្ធ៥ ខណៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឈរលេខរៀងបន្ទាប់ជាមួយមេដាយមាស២ ប្រាក់២ និងសំរឹទ្ធ៤។ សម្រាប់ប្រាក់រង្វាន់លើកទឹកចិត្ត ម្ចាស់មេដាយមាសទទួលបាន៣០ម៉ឺនរៀល ប្រាក់២០ម៉ឺនរៀល និងសំរឹទ្ធ១០ម៉ឺនរៀល។ ចំណែកអ្នកមិនទទួលបានមេដាយទទួលបានម្នាក់២ម៉ឺនរៀល។
សម្រាប់ការប្រកួតកីឡាហែលទឹកជ្រើសរើសពានរង្វាន់សម្តេច ស ខេង ប្រចាំឆ្នាំ២០១៩ មានកីឡាករកីឡាការិនីចំនួន៧០នាក់(ស្រី១៩នាក់)មកពី៥ក្លិប-សមាគមចូលរួម។ ពួកគេប្រកួតប្រជែងគ្នាលើ១៥វិញ្ញាសា៕
Tag:
ហែលទឹក
ជា ប៊ុនហេង
ពានរង្វាន់សម្តេច ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com