អន្តរជាតិ
លោក ត្រាំ ស្នើ​លោក មូ​ន ទៅ​សួរ​ជំហរ​កូរ៉េខាងជើង​រឿង​ជំនួប​លើក​ទី​បី​
12, Apr 2019 , 10:39 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១១ ខែមេសា បាន​ជួប​ជាមួយ​សម​ភាគី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ដើម្បី​ជជែក​ពី​បញ្ហា​កូរ៉េខាងជើង​ដែល​កំពុង​ជាប់គាំង​។ លោក មូ​ន ប្រា​ប់លោក ត្រាំ ថា បញ្ហា​ពេលនេះ គឺ​រក្សា​បរិយាកាស​សន្ទនា​ឲ្យ​បានល្អ​ដើម្បី​បន្ត​ការជជែក​គ្នា​រឿង​រំសាយ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ ចំណែក​លោក ត្រាំ បានបង្ហាញ​ជំហរ​ចង់​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​ម្ដងទៀត ក្រោយ​ជំនួប​លើក​ទី​ពីរ​នៅ​វៀតណាម​បរាជ័យ​។

 
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បាន​ទៅ​ជួប​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដល់​សេត​វិមាន​ក្នុង​គោលដៅ​ស្វែងរក​ច្រកចេញ​នៃ​វិបត្តិ​នុយ​ក្លែ​អ៊ែរ​កូរ៉េខាងជើង​។ សំណុំរឿង​មួយ​នេះ បាន​ជាប់គាំង​អត់​ដំណើរការ​ក្រោយ​ជំនួប​នៅ​វៀតណាម​រវាង​លោក ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បរាជ័យ​។ ទាំង​អាមេរិក និង​ទាំង​កូរ៉េខាងជើង​សុទ្ធតែ​ដាក់​លក្ខខណ្ឌ​ដែល​ភាគី​ម្ខាងៗ​មិន​អាចធ្វើ​សម្បទាន​ឲ្យ​វិញ​បាន​។ 
 
​នា​ជំនួប​ថ្ងៃទី​១១ ខែមេសា មេដឹកនាំ​អាមេរិក និង​កូរ៉េខាងត្បូង បាន​អះអាង​ជាថ្មី​ពី​កិច្ចសហប្រតិបត្តិការ​រ​វាង​សម្ព័ន្ធមិត្ត​ទាំងពីរ​នេះ​ដើម្បី​សម្រេច​ឲ្យ​បាន​គោលដៅ​រួម​ក្នុង​ការរំសាយ​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ និង​ការបង្កើត​សន្តិភាព​អចិន្ត្រៃយ៍​ផង​។ លោក មូ​ន និយាយថា កិច្ចការ​សំខាន់​ពេលនេះ គឺ​ការបន្ត​បរិយាកាស​ជជែក​គ្នា​បន្តទៀត ហើយ​លោក​ក៏​បង្ហាញ​គំនិត​វិជ្ជមាន​ជុំវិញ​លទ្ធភាព​នៃ​ជំនួប​មេដឹកនាំ​អាមេរិក​-​កូរ៉េខាងជើង​លើក​ទី​បី​ផង​។​
 
​ជុំវិញ​ជំនួប​លើក​ទី​បី​នេះ លោក ត្រាំ ផ្ទាល់ មិនមាន​គំនិត​ជំទាស់​អ្វី​ទេ តែ​លោក​ក៏​មិន​ប្រញាប់​ជួប​លោក គីម ដែរ ព្រោះ​ទើប​ជួបគ្នា​កាលពី​ខែកុម្ភៈ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ប្រធានាធិបតី​អាមេរិក​លើកឡើងថា ជំនួប​លើក​ទី​បី​អាច​នឹង​កើតឡើង តែ​វា​នឹង​កើតជា​ជំហានៗ មិនមែន​អាច​លឿន​បានទេ​។ លោក ត្រាំ ក៏​ឆ្លៀត​រំឭក​ពី​ទំនាក់ទំនង​ជាមួយ​លោក គីម ដែល​នៅតែ​ល្អ​ដដែល ហើយ​បានស្នើ​ឲ្យ​លោក មូ​ន ទៅ​ស្ទាបស្ទង់​ជំហរ​របស់លោក គីម ជាមុនសិន​។​
 
​មន្ត្រី​កូរ៉េខាងត្បូង​បង្ហើប​ថា លោក មូ​ន អាច​នឹង​ជួប​ជាមួយ​លោក គីម ឲ្យ​បាន​ឆាប់​តាមតែ​អាច​ធ្វើបាន​ដើម្បី​ជជែក​ពី​បញ្ហា​រ៉ាំរ៉ៃ​នៅ​ឧបទ្វីប​កូរ៉េ​។ មេដឹកនាំ​កូរ៉េ​ទាំងពីរ​នេះ ជួបគ្នា​បី​ដង​រួចហើយ​តាំងពី​លោក មូ​ន ក្លាយជា​ប្រធានាធិបតី​កូរ៉េខាងត្បូង​មក​។ លោក មូ​ន តែង​ជួប​មេដឹកនាំ​កូរ៉េខាងជើង​មុន​ជំនួប​មេដឹកនាំ​អាមេរិក​-​កូរ៉េខាងជើង​។​
 
​បន្ទាប់​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី លោក មូ​ន ចាត់ទុក​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង ជា​ចំណុច​សំខាន់​នៃ​គោលនយោបាយ​ការបរទេស​របស់ខ្លួន​។ ការព្យាយាម​របស់លោក​បាន​ទទួលផល​ខ្លាំង​រហូតដល់​លោក ត្រាំ ជួប​លោក គីម ជា​លើកដំបូង​ក្នុង​ខែមិថុនា ឆ្នាំ​២០១៨ ។ យ៉ាងណាមិញ បរាជ័យ​នៃ​ជំនួប​ខែកុម្ភៈ ធ្វើ​ឲ្យ​លោក មូ​ន រង​ការរិះគន់​ខ្លាំង​៕

Tag:
 អាមេរិក​
  កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
  មូ​ន ចេ​អ៊ី​ន
© រក្សាសិទ្ធិដោយ thmeythmey.com