បញ្ហា​ចម្បង​របស់​កម្ពុជា​ក្នុងការ​ពង្រឹង​ចំណង​ការទូត​ជាមួយ​បរទេស​គឺ ខ្វះ​អ្នកការទូត​ជំនាញ​និង​ធនធាន​
ជាតិ
បញ្ហា​ចម្បង​របស់​កម្ពុជា​ក្នុងការ​ពង្រឹង​ចំណង​ការទូត​ជាមួយ​បរទេស​គឺ ខ្វះ​អ្នកការទូត​ជំនាញ​និង​ធនធាន​
12, Apr 2019 , 4:40 pm        
រូបភាព
​លោក Raoul Marc Jennar បច្ចុប្បន្ន​ជាទី​ប្រឹក្សា​រដ្ឋាភិបាល​បានបញ្ជាក់ថា ទុនវិនិយោគ និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន​ជា​ប្រយោជន៍​សំខាន់​សម្រាប់​កម្ពុជា​។ ប៉ុន្តែ​លោក​អះអាងថា​កម្ពុជា​ត្រូវការ​តុល្យភាព​ទំនាក់ទំនង ដោយ​ចាប់ដៃ​ជាមួយ​មិត្ត​ទាំង​អស់ទាំង​អាមេរិក ទាំង​អឺរ៉ុប​ក្តី​។ ប៉ុន្តែ​ក្នុងពេលដែល​កម្ពុជា​កំពុង​ប្រឹងប្រែង​ធ្វើ​ពិពិធ​កម្ម​ដៃគូ​សហប្រតិបត្តិការ ទីប្រឹក្សា​ការទូត​រូបនេះ​យល់ឃើញថា បញ្ហា​ចម្បង​របស់​កម្ពុជា​គឺ ខ្វះ​អ្នកការទូត​មាន​ជំនាញ និង​ធនធាន​ហិរញ្ញវត្ថុ​នៅឡើយ​។

 
​ក្នុងជំនួប​ជាមួយ​អ្នកសារព័ត៌មាន​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​រំលឹក​ពី​ការធ្វើដំណើរ​មក​កម្ពុជា និង​ជំនួប​លើកដំបូង​ជាមួយ​មេដឹកនាំ​កម្ពុជា​សម្តេច ហ៊ុន សែន កាលពី ៣០​ឆ្នាំមុន លោក Raoul Marc Jennar ដែល​ជនជាតិ​បែ​ល​ហ្សិ​ក​និង​បច្ចុប្បន្ន​ជាទី​ប្រឹក្សា​ការទូត  បានផ្តល់​យោបល់​ខ្លះៗ​ពី ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា និង​ប្រទេស​ខាងក្រៅ​។ ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ចិន និង​ការប្រឹងប្រែង​ពង្រឹង​ទំនាក់ទំនង​ការទូត​បន្ថែម​ជាមួយ​ប្រទេស​ដទៃ​របស់​កម្ពុជា បាន​ក្លាយជា​ប្រធានបទ​សំខាន់​។​
 
​ពេល​សាក​សួរថា តើ​លោក​យល់ឃើញ​បែបណា​ពេលដែល​មានការ​រិះគន់​ឥទ្ធិពល​ចិន​នៅ​កម្ពុជា លោក​Marc Jennar បាន​ឆ្លើយតប​ថា វា​តែងតែមាន​ការលើកឡើង និង​មានការ​រិះគន់​ឥទ្ធិពល​បរទេស​នៅ​កម្ពុជា​ធម្មតា បើតាម​ប្រវត្តិសាស្ត្រ​។​
 
« អំឡុង​ឆ្នាំ ១៩៨០ គេ​និយាយ​ពី​ឥទ្ធិពល​វៀតណាម​។ ក្រោយ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស មាន​ក្រុមហ៊ុន​ថៃ​ចូលមក​បណ្តាក់ទុន​រក​ស៊ី​ច្រើន​នៅ​កម្ពុជា គេ​និយាយ​ពី​ឥទ្ធិពល​ផ្តាច់មុខ​របស់​ថៃ​។ ក្រោយមក​មាន​ឥទ្ធិពល ជប៉ុន និង​កូរ៉េខាងត្បូង​ជាដើម​»​។​
 
​ប៉ុន្តែ​សម្រាប់​ទីប្រឹក្សា​រដ្ឋាភិបាល​រូបនេះ ទុនវិនិយោគ និង​ពាណិជ្ជកម្ម​របស់​ចិន​មាន​សារសំខាន់​ណាស់​សម្រាប់​ការអភិវឌ្ឍ​របស់​កម្ពុ​ជា ហើយ​គោលនយោបាយ​របស់​កម្ពុ​ជា​កំពុង​អ​នុវត្ត​គឺ​ដើរ​ស្របទៅនឹង​ប្រយោជន៍​របស់​កម្ពុជា​ប៉ុណ្ណោះ​។ ប៉ុន្តែ​លោក​សង្កត់ធ្ងន់ថា អ្វីដែល​ត្រូវ​ចោទសួរ​នោះ​គឺថា តើ​«​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន​នោះ​វា​ប៉ះពាល់​ដល់​អធិបតេយ្យ​ក​ម្ពុ​ជា​ឬ​អត់​?» 
​យ៉ាងណាក៏ដោយ វា​មានការ​រិះគន់​កន្លងមក​ពី​កំណើន​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​ដោយសារ ថ្វីបើ​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​កម្ពុជា​ក៏ដោយ មហាអំណាច​នេះ​នាំចូល​កម្ពុជា​រហូតដល់ ៧០​ភាគរយ​ឯណោះ​នៃ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ហើយ​ទុនវិនិយោគ​បរទេស​នៅ​កម្ពុជា​វិញ ចិន​កាន់កាប់​អស់ ៧០​ភាគរយ​ដែរ​។ 
 
​ត្រឡប់មកវិញ និយាយ​ពី​បញ្ហា​ផលប្រយោជន៍ លោក Marc Jennar រម្លឹក​ផងដែរ​ថា ប្រទេស​ទាំងអស់​ការពា​រ​តែ​ផលប្រយោជន៍​រៀងខ្លួន​ប៉ុណ្ណោះ ហើយ​បទពិសោធន៍ និង​មេរៀន​សំខាន់​ដែល​កម្ពុជា​ធ្លាប់​រៀន​កន្លងមក គឺ​ក្នុងពេលដែល​កម្ពុ​ជាមាន​បញ្ហា​ព្រំដែន​ជាមួយ​ថៃ​លើ​ប្រាសាទព្រះវិហារ​។ 
 
«​ខ្ញុំ​មិន​ឯកភាព​ចំពោះ​យោបល់​ដែលថា ជំហរ​របស់​កម្ពុជា​លើ​បញ្ហា​តំបន់​ដូចជា​សមុទ្រ​ចិន​ខាងត្បូង និង​បង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ចិន​នឹង​នាំ​ផល​មិនល្អ​ឡើយ​។ ខ្ញុំ​សូម​រម្លឹកថា កម្ពុជា​បាន​រៀនសូត្រ​ពី​ពិសោធន៍​ដ៏​ជូរចត់​ក្នុង​អាស៊ាន​កន្លងមក​ក្នុង​សំណុំរឿង​ប្រាសាទព្រះវិហារ​»​។​
 
​លោក​រៀបរាប់ថា ពេល​មាន​បញ្ហា កម្ពុជា​ធ្លាប់​រត់​ទៅសុំ​ជំនួយ​ពី​អាស៊ាន​ឲ្យ​ជួយ​ដើរតួនាទី​ផ្សះផ្សា​តែ​គ្មាន​ចំណាត់ការ​។ កម្ពុជា​បានរ​ត់ទៅ​ពឹងពាក់​វៀតណាម​ដែល​កាលនោះ​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ ក៏​គ្មាន​ការឆ្លើយតប​។ កម្ពុជា​ក៏រ​ត់ទៅ​ពឹង​ឥណ្ឌូណេស៊ី​ដែល​ធ្លាប់មាន​តួនាទី​ផ្សះផ្សា​ពី​អតីត​កាលនោះ ក៏​មិន​មានការ​ផ្តល់ជំនួយ​ទៀត​។ 
 
«​អ្វីដែល​កម្ពុជា​រៀនសូត្រ​គឺ គ្មាន​ការ​សាមគ្គី​គ្នា​ទេ​ក្នុង​អាស៊ាន ហើយ​ប្រទេស​ទាំងអស់នោះ​គិតតែ​ពី​ប្រយោជន៍​រៀងខ្លួន​ប៉ុណ្ណោះ​។ ដូច្នេះ​កម្ពុជា​ក៏​ការពារ​ប្រយោជន៍​របស់ខ្លួន​ផ្ទាល់​ដែរ​។ ប៉ុន្តែ​អ្វីដែល​សំខាន់​កម្ពុជា​មិន​ឈរ​ខាង​អ្នកណា​ឡើយ​។ សម្តេចព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ធ្លាប់​មានបន្ទូលថា ប្រទេស​គ្មាន​មិត្ត​ទេ មានតែ​ប្រយោជន៍ នេះ​ជា​ពិ​ភ​លោក​ពិត​។ ដូច្នេះ​កុំ​ទាមទារ​ឲ្យ​កម្ពុជា​ធ្វើ​ច្រើនជាង​អ្នកដទៃ ហើយ​កុំ​ទាមទារ​ឲ្យ​កម្ពុជា​ចេញ​សេចក្តីថ្លែងការណ៍​ប្រឆាំង​ខណៈដែល​កម្ពុជា​ទទួល​បាន​ប្រយោជន៍​ច្រើន​ពី​ចិន​»​។ លោក Marc Jennar បកស្រាយ​ដូច្នេះ​។ 
 
-​រក្សា​តុល្យភាព​ទំនាក់ទំនង​ការបរទេស​ចាំបាច់​តែ​មិន​ងាយស្រួល​
 
​ទីប្រឹក្សា​ការទូត​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​រូបនេះ បាន​បន្ថែមថា កម្ពុជា​ត្រូវការ​ការពារ​អធិបតេយ្យ ហើយ​កម្ពុជា​ត្រូវការ​តុល្យភាព​ក្នុង​ទំនាក់ទំនង​ការបរទេស មិនមែន​ត្រូវការ​សត្រូវ ឬ​ត្រូវការ​តែ​កិច្ចសហប្រតិបត្តិការ​តែ​ជាមួយ​ចិន​ទេ​។ 
 
«​កម្ពុជា​ស្វាគមន៍​ទុនវិនិយោគ និង​កិច្ចសហប្រតិបត្តិការ​ពី​ប្រទេស​ជា​មិត្ត​ផ្សេងទៀត​ដូចជា​អឺរ៉ុប អាមេរិក ឥណ្ឌា កូរ៉េខាងត្បូង និង​ជប៉ុន​ជាដើម​ដើម្បី​តុល្យភាព​នៃ​ទំនាក់ទំនង​។ កម្ពុជា​មិន​ចង់​ធ្វើជា​សត្រូវ​ជាមួយ​អ្នកណា​មួយ​ឡើយ កម្ពុជា​ចង់​ក្លាយជា​មិត្ត​នឹង​ប្រទេស​ទាំង​។ ពេល​និយាយ​ពី​ការការពារ​អធិបតេយ្យ​របស់​កម្ពុជា គឺ​កម្ពុជា​ប្រាប់​ទៅកាន់​ប្រទេស​ទាំងអស់​រួមទាំង​ចិន​ដែរ​»​។ 
 
​ពេល​សាក​សួរថា ហេតុអ្វី​កម្ពុជា​ត្រូវការ​តុល្យភាព លោក Marc Jennar បាន​ឆ្លើយតប​ថា​៖ យើង​ដឹង​ហើយ​ថា នយោបាយ​វា​មានដំណើរ​ការ​បែប​ម៉េច​។ បើសិនជា​យើង​ទទួល​ប្រយោជន៍​ច្រើន​ពី​អ្នក​ណាមួយ នៅពេល​ណាមួយ​គេ​នឹង​ទាមទារ​ឲ្យ​យើង​ធ្វើ​អ្វីមួយ​ដើម្បី​ជា​ថ្នូរ​មិន​ខាន​»​។ 
 
«​តុល្យ​ភាពជា​រឿង​ចាំបាច់​ដើម្បី​ការពារ​អធិបតេយ្យ​។ ប៉ុន្តែ​វា​មិនមែនជា​រឿង​ងាយស្រួល​ឡើយ​ក្នុងការ​ធ្វើ​ឲ្យ​មាន​តុល្យភាព ដ្បិតថា​ក្នុង​ពិភពលោក​ជាក់ស្តែង ធម្មតា​ទេ កាលណា​បើ​គេ​ខ្លាំង គេ​ចង់​ប្រើប្រាស់​ឥទ្ធិពល​របស់គេ​ជាធម្មតា​»​។ 
 
​យ៉ាងណា​ក៏ដោយចុះ ជុំវិញ​ការធានា​តុល្យភាព​ទំនាក់ទំនង​ជាមួយ​ដៃគូ និង​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ប្រទេស​ដទៃ​ផ្នែក​សេដ្ឋកិច្ច លោក Marc Jennar យល់ថា បច្ចុប្បន្ននេះ​កម្ពុជា​ត្រូវ​ដោះស្រាយ​បញ្ហា​កង្វះ​ធនធានមនុស្ស​។​
 
​លោក និយាយ​ដូច្នេះ​៖ «​បញ្ហា​កង្វះ​ធនធានមនុស្ស​ឬ​អ្នកមាន​ជំនាញ​ជា​បញ្ហា​ចម្បង​របស់​កម្ពុជា​។ យើង​ឃើញ​សាលា​គ្រប់គ្រង​បើក​ច្រើន តើ​គេ​នឹង​គ្រប់គ្រង​អ្វី​? កម្ពុជា​ត្រូវការ​មនុស្ស​មាន​ជំនាញ​បច្ចេកវិទ្យា ជំនាញ​បច្ចេកទេស វិស្វកម្ម និង​គ្រឿង​ម៉ាស៊ីន​ជាដើម​ដើម្បី​ការ​រិ​ក​ចម្រើន​។ បើសិនជា​កម្ពុជា​ចង់​មាន​ឯករាជភាព​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​នោះ គេ​ត្រូវ​ដោះស្រាយ​បញ្ហា​ធនធានមនុស្ស​នេះឯង​»​។​
 
- កម្ពុជា​ប្រឹង​បង្កើត​មិត្ត តែ​នៅ​ខ្វះ​អ្នកការទូត​ជំនាញ​
 
​មកដល់​បច្ចុប្បន្ន​កម្ពុ​ជា​ស្ថិតនៅក្នុង​ដំណាក់កាល​ធ្វើ​ពិពិធ​កម្ម​ដៃគូ​នៅក្រៅ​ប្រទេស​ដើម្បី​បង្កើន​ពាណិជ្ជកម្ម និង​ទំនាក់ទំនង​ការទូត​។ លោក Marc Jennar និយាយថា ខណៈដែល​ទំនាក់ទំនង​កម្ពុជា ជាមួយ​អឺរ៉ុប និង​អាមេរិក​ប្រឈម​បញ្ហា​ខ្លះ វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​បន្ត​ពង្រឹង​ការអនុវត្ត​គោលនយោបាយ​បង្កើត​មិត្ត​ជាមួយ​ប្រទេស​ដទៃ​ឲ្យ​កាន់តែច្រើន​។​
 
​ប៉ុន្តែ​អ្នកជំនាញ​រូបនេះ​ពន្យល់ថា លោក​មាន​ក្តីបារម្ភ​ពេល​និយាយ​ដល់​ការបង្កើត​ទំនាក់ទំនង​របស់​កម្ពុ​ជា​ជាមួយ​ប្រទេស​ជាច្រើន​លើ​ពិភពលោក នៅពេលដែល​កម្ពុជា​ខ្វះខាត​មនុស្ស​មាន​ជំនាញ និង​ហិរញ្ញវត្ថុ​សម្រាប់​បម្រើ​បេសកកម្ម​ការទូត​។​
 
«​ការបង្កើត​មិត្តភាព​បន្ថែម គឺ​ពង្រីក​ទីផ្សារ​និង​ពាណិជ្ជកម្ម​។ ប៉ុន្តែ​ក្តីបារម្ភ​ធំ​របស់​យើង គឺ​ការបង្កើន​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដ៏​ច្រើន​លើ​លោក​។ វា​មិនមែនជា​រឿង​ងាយស្រួល​ទេ​។ ជាធម្មតា ដើម្បី​បើក​ស្ថានទូត យើង​ត្រូវ​មនុស្ស​មាន​សមត្ថភាព និង​ជំនាញ និង​ហិរញ្ញវត្ថុ​ផងដែរ​។ ដូច​ឃើញស្រាប់ នៅ​អនុតំបន់​សាហា​រ៉ា​នៃ​ទ្វីបអាហ្វ្រិក យើង​មិនមាន​ស្ថានទូត​ផង​។​
 
«​ឥឡូវ​យើង​មាន​ស្ថានទូត​ខ្មែរ​នៅ​ក្រុង គែរ អេ​ហ្ស៊ី​ប​សម្រាប​ប់​ទ្វីបអាហ្វ្រិក​។ ពីមុន​យើង​មាន​ស្ថានទូត​នៅ​សេ​ណាហ្គា​ល់ ទីក្រុង​ដា​កា ក្រោយមក​ក៏​បិទ​វិញ​។ បច្ចុប្បន្ន​យើ​លក់​ថ្នាំពេទ្យ​ឲ្យ​សេ​ណេ​ហ្គា​ល់ ប៉ុន្តែ​យើង​គ្មាន​តំណាង​ការទូត​នៅ​ទីនោះ​សោះ​។  វា​គួរ​មាន​បន្ថែមទៀត​ព្រោះ​វា​មិន​គ្រាន់​ទេ​»​។ លោក Marc Jennar បកស្រាយ​បែបនេះ​។ 
 
​ពេល​ចោទសួរ​បន្ថែម​ពី​ដំណោះស្រាយ​លើ​បញ្ហា​សមត្ថភាព​និង​ជំនាញ លោក Marc Jennar បាន​កត់សម្គាល់ថា ក្រសួងការបរទេស​ព្យាយាម​ដោះស្រាយ​បញ្ហា​កង្វះ​ធនធានមនុស្ស​តាមរយៈ​ការបើក​វិទ្យាស្ថាន​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ​ដើម្បី​បណ្តុះបណ្តាល និង​បង្កើន​សមត្ថភាព​មន្ត្រីការទូត​។ ទីប្រឹក្សា​រូបនេះ​មាន​សុទិដ្ឋិនិយម​ថា ការបណ្តុះបណ្តាល​ភាសារ​បរទេស ជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ និង​ជំនាញ​ពាក់ព័ន្ធ​ដល់​មន្ត្រីការទូត​នេះ​នឹងមាន​ផ្លែផ្កា និង​អាច​ដោះស្រាយ​បញ្ហា​កង្វះ​ធនធានមនុស្ស​បាន​នៅពេល​ខាងមុខ​៕

Tag:
 លោក Raoul Marc Jennar
  នយោបាយ​ការបរទេស​
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម